ក្រុងហ៊្សេរុយសាឡិមៈ រដ្ឋមន្ត្រីអ៊ីស្រាអែលម្នាក់ បានថ្លែងអួតអាងកាលពីថ្ងៃអាទិត្យថា ប្រទេសរបស់លោកគឺជាប្រទេសតែមួយគត់ដែល «បាននឹងកំពុងសម្លាប់ប្រជាជនអ៊ីរ៉ង់» ក្រោយពីមានភាពតានតឹងរវាងអង់គ្លេស និងអ៊ីរ៉ង់ បានកើនឡើងកម្តៅយ៉ាងខ្លាំងនៅក្នុងឈូងសមុទ្រ។
ការអត្ថាធិប្បាយរបស់រដ្ឋមន្ត្រីកិច្ចសហប្រតិបត្តិការប្រចាំតំបន់លោក Tzachi Hanegbi ធ្វើឡើងនៅវិទ្យុសាធារណៈ គឺជាការនិយាយសំដៅដល់ការវាយប្រហាររបស់អ៊ីស្រាអែល នៅក្នុងប្រទេស ស៊ីរី ដែលជាប្រទេសក្បែរខាងប្រឆាំងនឹងគោលដៅយោធារបស់អ៊ីរ៉ង់ និងក្រុមហេបូឡាហ៍។
ប៉ុន្តែជម្លោះរបស់ពួកគេបានកើតឡើង ក្រោយពីអ៊ីរ៉ង់បានឃាត់ទុកនាវាមានទង់ជាតិអង់គ្លេស ១ គ្រឿង កាលពីថ្ងៃសុក្រ ដោយបានបន្ថែមថា ភាពតានតឹងរវាងក្រុងវ៉ាស៊ីនតោន និងក្រុងតេអេរ៉ង់ បានជាប់ទាក់ទងជាមួយកិច្ចព្រមព្រៀងអាវុធនុយក្លេអ៊ែរឆ្នាំ ២០១៥។
លោក Tzachi Hanegbi បានចោទប្រកាន់អ៊ីរ៉ង់ ជាសត្រូវធំរបស់អ៊ីស្រាអែល ពីបទបង្ក «ភាពចលាចល» និង «បង្កគ្រោះថ្នាក់ដល់សេរីភាពនាវាចរណ៍»។
ដោយបានលើកជាសំណួរថា តើលោកមានការបារម្ភថា អ៊ីស្រាអែលនឹងមិនត្រូវទទួលបានការគាំទ្រពីអាមេរិកនៅក្នុងករណីជម្លោះជាមួយអ៊ីរ៉ង់ដែរទេ? លោក Hanegbi បានបញ្ជាក់ថា ក្រុងតេអេរ៉ង់ នឹងបញ្ចៀសស្ថានការណ៍នេះជាក់ជាមិនខាន។
លោក Hanegbi បានថ្លែងថា៖ «អ៊ីស្រាអែល គឺជាប្រទេសតែមួយគត់នៅក្នុងពិភពលោក ដែលបាននិងកំពុងសម្លាប់ប្រជាជនអ៊ីរ៉ង់អស់រយៈពេល ២ ឆ្នាំមកហើយ»។
«យើងបានវាយប្រហារអ៊ីរ៉ង់អស់រាប់រយលើកនៅក្នុងប្រទេស ស៊ីរី។ ជួនកាលយើងបានទទួលស្គាល់ការពិត ហើយជួនកាលរបាយការណ៍បរទេសខ្លះដែលបានបង្ហាញឲ្យដឹងអំពីបញ្ហានេះរួចមកហើយ»។
លោក Hanegbi បានបន្ថែមថាប្រទេស អ៊ីរ៉ង់ «ត្រូវស្វែងយល់ថា អ៊ីស្រាអែលមានមធ្យោបាយធ្វើជំនួញយ៉ាងច្រើននៅក្នុងពិភពលោក»។
អ៊ីស្រាអែល បានបើកការវាយប្រហាររាប់រយលើកនៅក្នុងប្រទេស ស៊ីរី ប្រឆាំងនឹងអ្វីដែលអ៊ីស្រាអែលបាននិយាយថា ត្រូវយកយោធាអ៊ីរ៉ង់ និងក្រុមហេបូឡាហ៍ ជាគោលដៅក្នុងការវាយប្រហារ៕ AFP/SK