ក្រុង​ឌូបៃៈ ​ប្រភព​ជា​ច្រើន​ចេញ​ពី​ភាគី​ទាំង ​២​ បាន​ថ្លែង​កាល​ពី​ថ្ងៃ​ចន្ទ​ថា​ រដ្ឋាភិបាល​ទទួល​ស្គាល់​ដោយ​អន្តរជាតិ​នៅ​យេម៉ែន​ និង​ក្រុម​បំបែក​ខ្លួន​នៅ​ភាគ​ខាង​ត្បូង​កំពុង​រៀបចំ​ការ​ចរចា​ដោយ​ប្រយោល ហើយ​កំពុង​ជិត​ឈាន​ទៅ​រក​កិច្ច​ព្រមព្រៀង​បែង​ចែក​អំណាច​គ្នា​មួយ​។​

មន្ត្រី​ម្នាក់​ចេញ​ពី​ក្រុម​បំបែក​ខ្លួន​នៃ​ក្រុម​​ប្រឹក្សា​គាំទ្រ​ការ​ផ្លាស់ប្តូរ (STC) ​នៅ​ភាគ​ខាង​ត្បូង​ បាន​ថ្លែង​ប្រាប់ AFP ថា ​ភាគី​ទាំង ​២​ បាន​រៀបចំ​ការ​ចរចា​ដ៏​ស្មុគស្មាញ​​ និង​ដោយ​ប្រយោល​អស់​ជា​ច្រើន​សប្តាហ៍​ នៅ​ទីក្រុង​ជីដដាហ៍​ភាគ​ខាង​លិច​នៃ​ប្រទេស ​អារ៉ាប៊ី​ សាអ៊ូឌីត​ ដោយ​មាន​ការ​សម្រប​សម្រួល​ពី​​រាជាណាចក្រ​នេះ​។​

មន្ត្រី​រូប​នោះ​បាន​ថ្លែង​ក្នុង​លក្ខខណ្ឌ​អនាមិក​ថា ​មាន​ការ ​«​រីក​ចម្រើន​ច្រើន​» ​នៃ​ការ​ចរចា​របស់​ភាគី​ទាំង ​២ ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​មក​នេះ​។​

ប្រភព​របស់​រដ្ឋាភិបាល​យេម៉ែន​បាន​អះអាង​ថា​ កិច្ច​ពិភាក្សា​រវាង​ភាគី​ទាំង ​២​ បាន​កំពុង​ធ្វើ​ឡើង​នៅ​ប្រទេស ​អារ៉ាប៊ី សាអ៊ូឌីត​។​

កាល​ពី​ខែ​សីហា​ ការ​ប្រយុទ្ធ​គ្នា​រវាង​ភាគី​ទាំង ​២​ ដែល​ក្នុង​ចំណោម​ពួក​គេ​ទាំង ​២​ កំពុង​ប្រយុទ្ធ​ជាមួយ​ក្រុម​ឧទ្ទាម​ហ៊ូធី​គាំទ្រ​ដោយ​អ៊ីរ៉ង់​នៅ​ប្រទេស យេម៉ែន​ បាន​បើក​រណសិរ្ស​ថ្មី​មួយ​នៅ​ក្នុង​សង្គ្រាម​ដ៏​ស្មុគស្មាញ​របស់​ប្រទេស​នេះ​។​

ប៉ុន្តែ​ប្រភព​ជាច្រើន​​​ចេញ​ពី​ភាគី​ទាំង ​២ ​នោះ​ បាន​ថ្លែង​ប្រាប់ ​AFP ​ថា ​ពួក​គេ​​ជិត​ឈាន​ទៅ​រក​កិច្ច​ព្រមព្រៀង​​ចែក​អំណាច​គ្នា​៕ AFP/SK