ក្រុង​ហុង​កុងៈ ​ក្រុង​ហុងកុង​​កំពុង​ទប់ទល់​ជាមួយ​ក្រុម​បាតុកម្ម​ទ្រង់ទ្រាយ​ធំ​មួយ​ទៀត​ប្រឆាំង​រដ្ឋាភិបាល​កាល​ពី​​រសៀល​​ថ្ងៃ​អាទិត្យ ​ដោយ​មើល​ឃើញ​ថា​នឹង​គ្មាន​​ការ​បញ្ចប់​ភាព​ចលាចល​ដែល​កំពុង​ហ៊ុមព័ទ្ធ​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​ ដែល​បង្ក​ឡើង​ដោយ​កំហឹង​កាន់​តែ​ខ្លាំង​ឡើង​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​ ជុំវិញ​ការ​គ្រប់គ្រង​របស់​ក្រុង​ប៉េកាំង​។​

ក្រុង​នេះ​ បាន​ធ្លាក់​ចូល​ទៅ​ក្នុង​វិបត្តិ​យ៉ាង​ធ្ងន់ធ្ងរ​របស់​ខ្លួន​​ក្នុង​ប្រវត្តិសាស្ត្រ​ថ្មី ​ដែល​បាន​​បង្ក​ឡើង​ដោយ​ការ​តវ៉ា​អស់​ជា​ច្រើន​សប្តាហ៍​ និង​ការ​ប្រឈម​មុខ​ដាក់​គ្នា​ដោយ​ហិង្សា​​រវាង​ប៉ូលិស ​និង​ក្រុម​អ្នក​តវ៉ា​​។​

ការ​តវ៉ា​ដំបូង​ ត្រូវ​បាន​ធ្វើ​ឡើង​ដោយសារ​ការ​ព្យួរ​ច្បាប់​បច្ចុប្បន្ន​ ដែល​បាន​អនុញ្ញាត​ធ្វើ​បត្យាប័ន​ទៅ​ឲ្យ​ប្រទេស ​ចិន​ដីគោក​។​

ប៉ុន្តែ​ចាប់​តាំង​ពី​ពេល​នោះ​មក​ ពួក​គេ​បាន​ផ្លាស់ប្តូរ​ឲ្យ​ទៅ​ជា​ចលនា​កាន់​តែ​ធំ​ឡើង​ ដែល​បាន​អំពាវនាវ​ឲ្យ​ធ្វើ​កំណែ​ទម្រង់​តាម​បែប​ប្រជាធិបតេយ្យ​ ឲ្យ​មាន​ការ​បោះ​ឆ្នោត​ជា​សកល ​និង​មិន​ត្រូវ​បិទ​សិទ្ធិ​សេរីភាព​នៅ​ក្នុង​ទីក្រុង​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​ពាក់​​កណ្តាល​ស្វយ័ត​មួយ​នេះ​ទេ​។

នៅ​ក្នុង​ទីក្រុង​ដែល​មិន​ធ្លាប់​មាន​ចលាចល​ពី​មុន​មក​​នោះ​ ប៉ូលិស​បាន​បាញ់​ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក ​និង​គ្រាប់​កាំ​ភ្លើង​កៅស៊ូ ​ចំណែក​សភា​វិញ ​បាន​រង​ការ​បំផ្លិច​បំផ្លាញ​ដោយ​ក្រុម​អ្នក​តវ៉ា​ទាំង​នោះ​​ ខណៈដែល​​អាជ្ញាធរ​ក្រុង​ប៉េកាំង​ បាន​ប្រឈម​មុខ​ជា​មួយ​ក្រុម​បាតុករ​​យ៉ាង​ខ្លាំង​របស់​ខ្លួន​ចាប់​តាំង​ពី​ក្រុង​ហុងកុង ​ត្រូវ​អង់គ្លេស​​ប្រគល់​ទៅ​ឲ្យ​ចិន​ដី​គោក​គ្រប់គ្រង​វិញ​នៅ​ឆ្នាំ ​១៩៩៧​។​

ការ​ប្រមូល​ផ្តុំ​កាល​ពី​ថ្ងៃ​អាទិត្យ​ ដែល​នឹង​ត្រូវ​ធ្វើ​ឡើង​​តាម​ដង​ផ្លូវ​សំខាន់ៗ​នៅ​ទូទាំង​ក្រុង​ហុងកុង​ ហើយ​ក៏​ជា​ការ​ប្រមូល​ផ្តុំ​នៅ​សប្តាហ៍​ទី៧ ​ជាប់​គ្នា​​ដែល​ក្រុម​អ្នក​តវ៉ា​យ៉ាង​​ច្រើន​​បាន​ចេញ​មក​ធ្វើ​បាតុកម្ម។

ជា​ទូទៅ​ ​ការ​ហែក្បួន​​​តវ៉ា​បាន​ធ្វើ​ឡើង​ដោយ​សន្តិភាព​ ប៉ុន្តែ​ការ​ប៉ះ​ទង្គិច​ដោយ​ហិង្សា​​រវាង​ក្រុម​​បាតុករ​​ ​និង​ប៉ូលិស ​តែងតែ​កើត​មាន។

សន្តិសុខ ​ត្រូវ​បាន​រឹត​បន្តឹង​​​នៅ​​​កណ្តាល​ក្រុង​នេះ ដោយ​​ផ្លូវ​ដែល​ក្រុម​អ្នក​តវ៉ា​​​ប្រើប្រាស់​​​ត្រូវ​បាន​បិទ​​មិន​ឲ្យ​ធ្វើ​ដំណើរ​ នៅ​មុន​​​ការ​​​ហែ​ក្បួន​​​​​​តវ៉ា​ចាប់​ផ្តើម៕ AFP/SK​