ក្រុង​កា​រ៉ា​កាសៈ យន្តហោះ​ទម្លាក់​គ្រាប់បែក​រុស្ស៊ី ២ គ្រឿង បាន​ចុះចត​នៅ​ក្នុង​ប្រទេស​វ៉េណេស៊ុយអេឡា​កាល​ពី​ថ្ងៃ​ចន្ទ​សម្រាប់​អ្វី ដែល​រដ្ឋាភិបាល​បាន​និយាយ​ថា គឺជា​សមយុទ្ធ​កម្លាំង​ផ្លូវ​អាកាស​ដែល​មាន​គោល​បំណង​ពង្រឹង​ការ​ការពារ​ប្រទេស​អាមេរិក​ខាងត្បូង​ដែល​ដឹកនាំ​ដោយ​ប្រធានា​ធិបតី ឆ្វេង​និយម​នោះ។

រដ្ឋមន្ត្រី​ការពារជាតិ លោក​ឧ​ត្ត​ម​សេនីយ៍ Vladimir Padrino បាន​ស្វាគមន៍​ពី​ឡុត​រុស្ស៊ី​ប្រហែល ១០០ នាក់ និង​បុគ្គលិក​ដទៃ​ទៀត ក្រោយ​ពី​យន្តហោះ TU-160s ពីរ​គ្រឿង​និង យន្តហោះ​ចម្បាំង ២ គ្រឿង​ផ្សេង​ទៀត បាន​ចុះចត​នៅ​ព្រលាន​យន្តហោះ​អន្តរជាតិ​ក្រុង​ការ៉ាកាស។

លោក Padrino បាន​ថ្លែងថា ការដាក់​ពង្រាយ​យន្តហោះ​ទាំងនេះ បាន​បង្ហាញថា យើង​ក៏​កំពុង​រៀបចំ​ការពារ​ប្រទេស​វ៉េណេស៊ុយអេឡា រហូត​ដល់​នាទី​ចុង​ក្រោយ ប្រសិន​បើ​មាន​ការ​ចាំបាច់។

លោក​បាន​ថ្លែងថា៖ «ទង្វើ​នេះ យើង​នឹងធ្វើ​ជាមួយ​មិត្តភក្តិ​របស់​យើង ដោយសារ​យើង​មាន​មិត្តភក្តិ​ជា​ច្រើន នៅ​ក្នុង​ពិភពលោក ដែល​យើង​ការពារ​ទំនាក់​ទំនង​ឲ្យ​មាន​តុល្យភាព​និង​ចាំបាច់​ត្រូវ​គោរព​គ្នា»។

មេបញ្ជាការ​កងទ័ពអាកាស​រុស្ស៊ី លោក ឧ​ត្ត​ម​សេនីយ៍ Sergei Ivanovich Kobulash បាន​ថ្លែង​ថា សមយុទ្ធ​ទាំង​នោះ នឹង​ផ្លាស់ប្តូរ​បទពិសោធ​គ្នា​ទៅ​វិញ​ទៅ​មក​រវាង​ពីឡុត​និង​បុគ្គលិក​បច្ចេកទេស​មក​ពី​ប្រទេស​ទាំង ២។

លោក​​ Vladimir Padrion (កណ្តាល​) ត្រូវ​បា​ន​គេ​ថត​ក្រោយ​ពីយន្តហោះធុន​ TupolevTu-160 ពីរគ្រឿងមកដល់។ AFP

ការដាក់​ពង្រាយ​យន្តហោះ​ដើម្បី​ធ្វើ​សមយុទ្ធ​យោធា​ទាំងនេះ បាន​កើតឡើង​បន្ទាប់ពី​ដំណើរ​ទស្សនកិច្ច​របស់​លោក​នីកូឡាស ម៉ាឌូរ៉ូ ទៅ​កាន់​ក្រុង​ម៉ូស្គូ​កាល​ពី​សប្តាហ៍​មុន​នៅ​ក្នុង​អំឡុង​ពេល​លោក​ពិភាក្សា​ជាមួយ​លោក​ប្រធានា​ធិបតី​រុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន ដែល​បាន​សម្តែង​ការ​គាំទ្រ​ចំពោះ​រដ្ឋាភិបាល​សង្គម​និយម​នេះ។

ជារឿយៗនោះ លោក​ម៉ា​ឌូ​រ៉ូ​ចោទប្រកាន់​អាមេរិក​ពីបទ​រៀប​ផែនការ​ប្រឆាំង​នឹង​រដ្ឋាភិបាល​របស់​លោក ដែល​ប្រទេស​សម្បូរ​ដោយ​ប្រេង​នេះ​បាន​ធ្លាក់​ក្នុង​វិបត្តិ​សេដ្ឋកិច្ច។

យោងតាម​សេចក្តីប្រកាស​របស់​យោធា​នៅ​ក្រុង​ម៉ូស្គូ បាន​ឲ្យ​ដឹងថា ក្រៅពី​យន្តហោះ​ទម្លាក់​គ្រាប់​បែក ២ គ្រឿង​នោះ ការ​ដាក់​ពង្រាយ​នោះ​បាន​បញ្ចូល​យន្តហោះ​ដឹក​ជញ្ជូន​ធុន An-124 ១ គ្រឿង និង​យន្តហោះ​ដឹក​អ្នក​ដំណើរ​ធុន Il-62 ១ គ្រឿង​៕

ទ័ពអាកាសរុស្ស៊ី ឈរ​នៅមុខ​យន្តហោះ​​ទម្លាក់​​គ្រាប់​បែក​ធុន​ TupolevTu-160 ដែល​ចត​នៅព្រលាន Maiquetia។ AFP