ក្រុងម៉ូស្គូៈ កងកម្លាំងរុស្ស៊ីកាលពី ថ្ងៃអាទិត្យបានថ្លែងថា កងកម្លាំងស៊ីរីរបស់លោកប្រធានាធិបតី បាសារ- អាល់-អាសាដ បានឈប់បាញ់ជា «ឯកតោភាគី» ទៅលើទីតាំងឈរជើងរបស់ក្រុមជីហាដនៅទិសពាយព្យ ប៉ុន្តែក្រុមឃ្លាំមើលសិទ្ធិមនុស្សបានថ្លែងថា ការវាយប្រហារបណ្តាលឲ្យមនុស្សស្លាប់នៅតែបន្តកើតមានឡើងនៅទីនោះ។
ក្រុមឃ្លាំមើលសិទ្ធិមនុស្សស៊ីរី បានថ្លែងថា មានការវាយប្រហារតាមផ្លូវ អាកាសជាច្រើនលើកដោយរុស្ស៊ីសម្ព័ន្ធមិត្តរបស់របបស៊ីរី បានបន្តនៅខេត្តអ៊ីដលីបកាលពីល្ងាចថ្ងៃអាទិត្យ ក្រោយពីការបាញ់ប្រហារហើយគ្រាប់រ៉ុក្កែត បានបាញ់ដោយកងកម្លាំងរបបស៊ីរីកាលពីពេលថ្មីៗនេះនៅពេលថ្ងៃ ដែលបានបណ្តាលឲ្យជនស៊ីវិលចំនួន ៦ នាក់ស្លាប់។
កិច្ចព្រមព្រៀងបទឈប់បាញ់មួយនៅតំបន់ទ្រនាប់មានរយៈពេលប៉ុន្មានខែមកនេះ ត្រូវបានគេសង្ឃឹមថា នឹងការពារខេត្តអ៊ីដលីប ដែលបានគ្រប់គ្រងដោយអតីតអាល់កៃដានៅស៊ីរី មិនឲ្យមានការវាយប្រហារទ្រង់ទ្រាយធំនោះទេ ប៉ុន្តែរបបស៊ីរី និងរុស្ស៊ី បានធ្វើការប្រយុទ្ធកាន់តែខ្លាំងឡើង ចាប់តាំងពីចុងខែមេសាមក។
មជ្ឈមណ្ឌលយោធារបស់រុស្ស៊ីសម្រាប់ការផ្សះផ្សានៅស៊ីរីកាលពីថ្ងៃអាទិត្យ បានថ្លែងថា៖ «ចាប់តាំងពីម៉ោងសូន្យ និងសូន្យនាទីនៅថ្ងៃទី ១៨ ខែ ឧសភា កងកម្លាំងស៊ីរី បានឈប់បាញ់ឯកតោភាគីក្នុងតំបន់គ្មានការផ្ទុះអាវុធនៅខេត្តអ៊ីដលីប»។
មជ្ឈមណ្ឌលយោធារបស់រុស្ស៊ីសម្រាប់ការផ្សះផ្សានៅស៊ីរី បានបន្ថែមថា៖ «ទោះបីជាយ៉ាងណាក៏ដោយ ក៏ការប្រយុទ្ធគ្នាទៅលើគោលដៅទីតាំងឈរជើងរបស់កងកម្លាំងរដ្ឋាភិបាល និងក្រុមជនស៊ីវិលជាច្រើនកន្លែងនៅខេត្តហាម៉ា ឡាក់តាគារ និងអាឡិបប៉ូ នៅតែបន្តកើតឡើងដដែល»។
ក្រុមឃ្លាំមើលសិទ្ធិមនុស្ស បានថ្លែងថា ការវាយប្រហារគ្រាប់រ៉ុក្កែតដែល បានបាញ់ដោយកងកម្លាំងរបបស៊ីរី បណ្តាលឲ្យជនស៊ីវិល ៦ នាក់ស្លាប់ នៅក្នុងតំបន់ខុសៗគ្នានៃទីតាំងឈរជើងរបស់ក្រុមជីហាដនោះ។
ក្រុមឃ្លាំមើលសិទ្ធិមនុស្សមានមូលដ្ឋាននៅអង់គ្លេស បានថ្លែងថា ការវាយប្រហារផ្លូវអាកាសជាច្រើនលើករបស់រុស្ស៊ីកាលពីល្ងាចថ្ងៃអាទិត្យ បានបាញ់ចំទីក្រុង Kafranbel នៅខេត្តអ៊ីដលីប។
ទីភ្នាក់ងារសារព័ត៌មានសាណារដ្ឋស៊ីរី បាននិយាយថា រ៉ុក្កែត និងកាំភ្លើងធំ ត្រូវបានបាញ់ទៅលើផ្នែកនៃខេត្តហាម៉ាភាគខាងជើង៕ AFP/SK