ក្រុង​បាកដាដៈ ​រ៉ុក្កែត ​Katyusha ​១ គ្រាប់​ដែល​​ត្រូវ​បាន​បាញ់​កាល​ពី​ថ្ងៃ​អាទិត្យ​ បាន​ចូល​ទៅ​ក្នុង​តំបន់​បៃតង (Green Zone ) នៅ​​ក្រុង​បាកដាដ​ ដែល​មាន​ការិយាល័យ​រដ្ឋាភិបាល ​និង​ស្ថានទូត​ជា​ច្រើន​ ​ក្នុង​នោះ​ក៏​មាន​ស្ថាន​បេសកកម្ម​​របស់​អាមេរិក​ផង​ដែរ ​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ក្រោយ​ពី​អាមេរិក​បាន​ជម្លៀស​បុគ្គលិក​ចេញ​ពី​អ៊ីរ៉ាក់​ ដែល​បាន​លើក​ឡើង​អំពី​ការ​គំរាម​កំហែង​ពី​សំណាក់​​អ៊ីរ៉ង់​នោះ​​។​

បុគ្គលិក​សន្តិសុខ​អ៊ីរ៉ាក់​ បាន​ថ្លែង​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​សង្ខេប​មួយ ​ដោយ​មិន​បាន​ផ្តល់​ព័ត៌មាន​លម្អិត​បន្ថែម​ទេ​ថា​៖ «​រ៉ុក្កែត​ Katyusha ​១ ​គ្រាប់ ​បាន​ធ្លាក់​ចូល​ទៅ​កាន់​តំបន់​ Green Zone ​តែមិន​បាន​បណ្តាល​ឲ្យ​មាន​អ្នក​ស្លាប់ ​និង​រង​របួស​នោះ​ទេ​»​។​

ភាព​តានតឹង​រវាង​អាមេរិក​ និង​អ៊ីរ៉ង់​បាន​កើន​ឡើង​ខ្លាំង​ ចាប់​តាំង​ពី​ក្រុង​វ៉ាស៊ីន​តោន​ បាន​ដក​ខ្លួន​កាល​ពី​ឆ្នាំ​មុន​ចេញ​ពី​កិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរ​ឆ្នាំ ​២០១៥​ រវាង​ក្រុង​តេអេរ៉ង់ ​និង​បណ្តា​​ប្រទេស​មហា​អំណាច​ពិភព​លោក​ធំៗ​ ហើយ​ប្រទេស​ទាំង ២​ បាន​ធ្វើ​ឲ្យ​កើន​កម្តៅ​​កាន់​តែ​ខ្លាំង ​នៅ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​សប្តាហ៍​មុន​នេះ​។​

ទោះ​បី​ជា​មាន​ការ​មិន​ជឿ​ជា​អន្តរជាតិ​ថា ​រដ្ឋាភិបាល​អាមេរិក ​បាន​លើក​ឡើង​អំពី​ការ​គំរាម​កំហែង ​ដែល​រង​ការ ចោទ​ប្រកាន់​ពី​អ៊ីរ៉ង់​ ជា​សត្រូវ​ដ៏​យូរ​អង្វែង​របស់​ក្រុង​វ៉ាស៊ីនតោន​ និង​ក្រុម​សម្ព័ន្ធ​មិត្ត​ប្រចាំ​តំបន់​របស់​ខ្លួន​ក្តី​ នៅ​ក្នុង​នោះ​​មាន​អ៊ីស្រាអែល​ និង​ប្រទេស ​អារ៉ាប៊ី​សាអ៊ូឌីត​ ប៉ុន្តែ​ជា​អ្នក​សម្រប​សម្រួល​ដ៏​មាន​ឥទ្ធិពល​នៅ​ក្នុង​ប្រទេស ​អ៊ីរ៉ាក់​។​

កាល​ពី​ដើម​ខែ​នេះ​ រដ្ឋ​ការ​របស់​ប្រធានាធិបតី​អាមេរិក​ លោក​ ដូណាល់ ​ត្រាំ​ បាន​បញ្ជូន​នាវា​ផ្ទុក​យន្តហោះ​ និង​យន្តហោះ​ទម្លាក់​គ្រាប់​បែក​ B-52 ​ជា​ច្រើន​គ្រឿង​ទៅ​កាន់​តំបន់​នោះ​ និង​នាវា​វាយ​ប្រហារ​ទាំង​នៅ​ក្នុង​ទឹក​និង​លើ​គោក​ និង​មីស៊ីល​បញ្ជា​ Patriot ​មួយ​ចំនួន​ទៀត​ផង​ដែរ​។​

កាល​ពី​ថ្ងៃ​ពុធ ក្រុង​វ៉ាស៊ីនតោន បាន​បញ្ជា​ឲ្យ​ធ្វើ​ការ​ជម្លៀស​បុគ្គលិក​​ចេញ​ពី​ស្ថានទូត​អាមេរិក ​នៅ​ក្នុង​ស្ថានទូត​ក្រុង​បាកដាដ​ និង​ស្ថាន​កុងស៊ុល​នៅ​ក្រុង​អាប៊ីល​នៅ​ប្រទេស ​អ៊ីរ៉ាក់​ភាគ​ខាង​ជើង​ ដោយ​លើក​ឡើង​អំពី​ការ​គំរាម​កំហែង ​«​ដែល​នឹង​កើត​មាន​ឡើង​» ​ចេញ​ពី​កម្លាំង​ប្រដាប់​អាវុធ​អ៊ីរ៉ាក់​គាំទ្រ​ដោយ​អ៊ីរ៉ង់​​។

ភ្លាមៗ​នោះ ក្រុង​វ៉ាស៊ីនតោន មិន​ទាន់​ដឹង​ច្បាស់​ថា​ តើ​នរណា​​នៅ​​ពី​ក្រោយ​ការ​វាយ​ប្រហារ​កាល​ពី​ថ្ងៃ​អាទិត្យ​​នោះ​ទេ​​៕ AFP/SK​​