ក្រុង​បាកដាដ៖​ រ៉ុក្កែត ​៣ ​គ្រាប់ ​បាន​វាយ​ប្រហារ​ទៅ​លើ​ស្ថានទូត​អាមេរិក​នៅ​ក្នុង​រដ្ឋធានី​អ៊ីរ៉ាក់​កាល​ពី​ថ្ងៃ​អាទិត្យ​ ជា​ការ​វាយ​ប្រហារ​លើក​ទី ១ ដែល​ត្រូវ​បាន​គេ​រាយការណ៍ ​ក្រោយ​ពី​មាន​ការ​បិទ​បញ្ចប់​ការ​អំពាវនាវ​អស់​ជា​ច្រើន​ខែ​​ ខណៈ​ក្រុម​អ្នក​តវ៉ា​រាប់​ពាន់​នាក់ ​បាន​បន្ត​ធ្វើ​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​នៅ​ទូទាំង​ប្រទេស ​អ៊ីរ៉ាក់​។​

ការ​វាយ​ប្រហារ​នោះ ​បាន​បង្ក​ឲ្យ​មាន​គ្រោះ​ថ្នាក់​កាន់​តែ​ខ្លាំង​ឡើង​ នៅ​ក្នុង​ការ​វាយ​ប្រហារ​ដោយ​គ្រាប់​រ៉ុក្កែត​ជា​បន្តបន្ទាប់​ នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​កាល​ពី​ពេល​ថ្មី​ៗ​នេះ​ ដែល​បាន​កំណត់​គោលដៅ​ទៅ​លើ​ស្ថានទូត​អាមេរិក​ ឬ​ទៅ​លើ​មូលដ្ឋាន​យោធា​អ៊ីរ៉ាក់​ ជា​ទី​ដែល​កងកម្លាំង​អាមេរិក​ត្រូវ​បាន​ដាក់​ពង្រាយ​នៅ​ទី​នោះ​។​

គ្មាន​ការ​វាយ​ប្រហារ​ណា​មួយ​ក្នុង​ចំណោម​ការ​វាយ​ប្រហារ​ទាំង​នោះ ត្រូវ​បាន​គេ​ចេញ​មុខ​អះ​អាង​ទទួល​ខុស​ត្រូវ​នោះ​ទេ ​ប៉ុន្តែ​ក្រុង​វ៉ាស៊ីនតោន​ បាន​ស្តី​បន្ទោស​ម្តង​ហើយ​ម្តង​ទៀត ​ទៅ​លើ​ក្រុម​ប្រឆាំង​យោធា​​គាំទ្រ​ដោយ​អ៊ីរ៉ង់​នៅ​ក្នុង​ប្រទេស ​អ៊ីរ៉ាក់​។​

ប្រភព​សន្តិសុខ​បាន​ថ្លែង​ប្រាប់ ​AFP ​ថា​ កាល​ពី​ថ្ងៃ​អាទិត្យ​ ​រ៉ុក្កែត ​១ ​គ្រាប់ ​ត្រូវ​​បាន​បាញ់​ចំ​ភោជនីយដ្ឋាន​នៅ​ក្នុង​ស្ថានទូត​នោះ​ នៅ​ចំពេល​ទទួល​ទាន​អាហារ​ពេល​ល្ងាច​ ខណៈ​ដែល​រ៉ុក្កែត ​២ គ្រាប់​ផ្សេង​ទៀត​បាន​ធ្លាក់​នៅ​​ក្បែរ​​ស្ថានទូត​​។​

មន្ត្រី​ជាន់​ខ្ពស់​របស់​អ៊ីរ៉ាក់​ម្នាក់ ​បាន​ថ្លែង​ប្រាប់​កាសែត ​AFP ​ថា​ មាន​មនុស្ស​យ៉ាង​តិច​ម្នាក់​បាន​រង​របួស​ ប៉ុន្តែ​ភ្លាមៗ​នោះ​​នៅ​មិន​ទាន់​ដឹង​ច្បាស់​នៅ​ឡើយ​​​ទេ​ថា ​តើ​អ្នក​រង​របួស​នោះ​ មាន​ស្ថានភាព​ធ្ងន់ធ្ងរ​បែប​ណា​ទេ ហើយ​ថា​ តើ​គេ​នោះ​គឺ​ជា​ជនជាតិ​អាមេរិក ​ឬ​ក៏​ជា​បុគ្គលិក​ជនជាតិ​​អ៊ីរ៉ាក់​ដែល​កំពុង​ធ្វើ​ការងារ​នៅ​​ក្នុង​ស្ថានទូត​នោះ​​ ឬ​យ៉ាង​នោះ​ទេ​​៕ AFP/SK