ក្រុង​ម៉ានីលៈ​ លោក​ប្រធានាធិបតី​ហ្វីលីពីន ​Rodrigo Duterte ​កាល​ពី​ថ្ងៃ​ពុធ​ បាន​យក​កិច្ច​ព្រមព្រៀង​ការពារ​ជាតិ​របស់​ប្រទេស​លោក​មក​ប្រើ​ជាមួយ​អាមេរិក​ ជា​ការ​ឆ្លើយ​តប​យ៉ាង​ច្បាស់​ទៅ​នឹង​ការ​រិះគន់​ដែល​ថា​លោក​មាន​ការ​ទោរទន់​ទៅ​រក​ប្រទេស ​ចិន ​ចំពោះ​ជម្លោះ​ដែន​​ទឹក​នៅ​ក្នុង​សមុទ្រ​ខាង​ត្បូង។​​

នៅ​ក្នុង​បទ​សម្ភាស​មួយ​តាម​ទូរទស្សន៍​លោក​ប្រធានាធិបតី ​Duterte ​បាន​ថ្លែង​ថា​៖ ​«បច្ចុប្បន្ន​នេះ​ ​​ខ្ញុំ​កំពុង​ហៅ​អាមេរិក ​ខ្ញុំ​កំពុង​យក​កិច្ច​ព្រមព្រៀង​ហ្វីលិពីន-​អាមេ​រិក ​​មក​ប្រើ​ហើយ​ខ្ញុំ​ចង់​ឲ្យ​អាមេរិក​ប្រមូល​ផ្តុំ​កង​ម៉ារីន​ទី​​៧ ​នៅ​ចំពោះ​មុខ​ចិន»​។

មិន​ទាន់​មាន​ការ​ឆ្លើយ​តប​ភ្លាមៗ​ពី​អាមេរិក​ទេ​។

តាម​ការ​រាយការណ៍ មេ​ដឹកនាំ​ហ្វីលីពីន​រូប​នេះ​​ បាន​ព្រមាន​នៅ​មុន​ថ្លែង​ការពារ​សិទ្ធិ​របស់​ក្រុង​ម៉ានីល​នៅ​ក្នុង​​​​ដែន​ទឹក​ដែល​មាន​ជម្លោះ ​អាច​បង្ក​ឲ្យ​មាន​សង្គ្រាម​នោះ​ថា៖ ​«ឥឡូវ​នេះ​ ខ្ញុំ​ស្នើ​ពួក​គេ យើង​នឹង​ចូលរួម​ជាមួយ​ពួក​គេ ​ហើយ​ខ្ញុំ​នឹង​ជិះ​នៅ​ទូក​ដែល​លោក​ឧត្តមនាវី​ឯក​អាមេរិក​ជិះ​ដែរ​នោះ​»។

កិច្ច​ព្រមព្រៀង​ការពារ​ជាតិ​ឆ្នាំ ​១៩៥១ ​របស់​ក្រុង​ម៉ានីល​ និង​ក្រុង​វ៉ាស៊ីនតោន​ អនុញ្ញាត​ឲ្យ​ភាគី​ទាំង ​២ ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ នៅ​ពេល​ណា​មួយ​មាន​ការ​វាយ​ប្រហារ​លើ ​ដែន​ដី​សំខាន់ៗ​របស់​ខ្លួន​ ដែន​ដី​នៅ​កោះ​ ដែល​ស្ថិត​នៅ​​ក្រោម​អំណាច​ច្បាប់​នៃ​កិច្ច​ព្រមព្រៀង​​នៅ​តំបន់​មហា​សមុទ្រ​ប៉ាស៊ីហ្វិក ​ឬ​ការ​វាយប្រហារ​លើ​កង​កម្លាំង​ប្រដាប់​អាវុធ​នាវា​សាធារណៈ​ ឬ​យន្តហោះ​នៅ​មហា​សមុទ្រ​ប៉ាស៊ីហ្វិក៕ AFP/PSA