ក្រុង​សេអ៊ូល៖ ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​បាន​រាយការណ៍​កាល​ពី​ថ្ងៃ​អាទិត្យ​ថា​ ​មេ​ដឹកនាំ​កូរ៉េ​ខាង​ជើង​លោក​ គីម ជុងអ៊ុន​ បាន​ទៅ​ទស្សនកិច្ច​នៅ​កន្លែង​ផ្នូរ​បញ្ចុះ​សព​មួយ​ នៅ​ក្នុង​ទីក្រុង​ព្យុងយ៉ាង​ ដើម្បី​រំឭក​ខួប​កំណើត​ឪពុក​របស់​លោក​នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក​លើក​ដំបូង​ ដែល​បាន​រាយការណ៍​ជា​សាធារណៈ​នៅ​ក្នុង​រយៈពេល ​២២​ ថ្ងៃ​។​

ទីភ្នាក់ងារ​ព័ត៌មាន​មជ្ឈិម​កូរ៉េ​ផ្លូវ​ការ​បាន​រាយការណ៍​ថា​ លោក គីម ជុងអ៊ុន​ បាន​ទៅ​គោរព​វិញ្ញាណក្ខន្ធ​នៅ​​​វិមាន​​គុម​ស៊ូសាន​ ​ជា​ទី​ដែល​កន្លែង​បញ្ចុះ​សព​ឪពុក ​និង​អតីត​មេ​ដឹកនាំ​របស់​លោក​ គឺ​លោក ​គីម​ ជុងអ៊ីល​ និង​ជីតា​របស់​លោក​ និង​ស្ថាបនិក​កូរ៉េ​ខាង​ជើង​​លោក​ គីម​ អ៊ីលស៊ុង​ ត្រូវ​បាន​តម្កល់​ទុក​នៅ​ទីនោះ​។​

ទីភ្នាក់ងារ​ព័ត៌មាន ​KCNA ​បាន​និយាយ​ថា​ លោក​ គីម​ ជុងអ៊ុន ​«​បាន​ទៅ​ទស្សនកិច្ច​នៅ​វិមាន​គុម​ស៊ូសាន​ នៅ​ក្នុង​ឱកាស​ថ្ងៃ​បុណ្យ​ឈប់​សម្រាក​ Day ​of-the ​Shining ​Star​ ជា​ថ្ងៃ​បុណ្យ​ជាតិ​ឈប់​សម្រាក​​ដ៏​អស្ចារ្យ​បំផុត​» ​ដោយ​និយាយ​សំដៅ​ទៅ​លើ​ថ្ងៃ​ខួប​កំណើត​របស់​មេ​ដឹកនាំ​ចុង​ក្រោយ​ផ្លូវ​ការ​របស់​ខ្លួន​ នៅ​ក្នុង​ប្រទេស​កុម្មុយនីស្ត​នេះ​។​

ការ​ប្រារព្ធ​ខួប​កំណើត​លើក​ទី ​៧៨ ​របស់​មេ​ដឹកនាំ​រូប​នោះ​។​

ទោះបី​យ៉ាង​ណា ទីភ្នាក់ងារ​​ព័ត៌មាន​ KCNA ​មិន​បាន​និយាយ ​ថា​តើ​ដំណើរ​ទស្សនកិច្ច​នោះ​ បាន​ធ្វើ​ឡើង​នៅ​ពេល​ណា​នោះ​ទេ​ ប៉ុន្តែ​បាន​និយាយ​ថា​ ​លោក ​គីម ជុងអ៊ុន​ ជា​ធម្មតា​បាន​ទៅ​ទស្សនកិច្ច​បែប​នេះ​ នៅ​ពាក់​កណ្តាល​អាធ្រាត្រ​នៅ​ថ្ងៃ​បុណ្យ​រំឭក​ខួប​នោះ​ វា​ទំនង​ជា​លោក ​គីម​ ជុងអ៊ុន​ បាន​ទស្សនកិច្ច​នៅ​ពេល​យប់​អាធ្រាត្រ​នៅ​រាត្រី​ថ្ងៃ​អាទិត្យ​ឆ្នាំ​នេះ​។​

ការ​ទៅ​ទស្សនកិច្ច​នៅ​កន្លែង​ផ្នូរ​បញ្ចុះ​សព​ឪពុក​របស់​លោក​នោះ​ បាន​ធ្វើ​ឡើង​រយៈពេល ​២២ ​ថ្ងៃ​ ក្រោយ​ពី​លោក ​គីម​ ជុងអ៊ុន​ ជា​ចុង​ក្រោយ​ ត្រូវ​បាន​គេ​មើល​ឃើញ​ជា​សាធារណៈ​នៅ​កន្លែង​ប្រគំ​តន្ត្រី​មួយ​កន្លែង​ នៅ​ក្នុង​ការ​ប្រារព្ធ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​កាល​ពី​ថ្ងៃទី ​២៥ ​ខែ​មករា ​នៅ​ទីក្រុង​ព្យុងយ៉ាង​។​ ការ​អវត្តមាន​របស់​លោក​ គីម​ ជុងអ៊ុន ​មិន​បាន​បង្ហាញ​មុខ​នៅ​ក្នុង​សេចក្តី​រាយការណ៍​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​ត្រូវ​បាន​គេ​សន្និដ្ឋាន​ថា​ ​មេ​ដឹកនាំ​កូរ៉េ​ខាង​ជើង​ លោក គីម​ ជុងអ៊ុន​ មាន​ការ​ព្រួយ​បារម្ភ​​ចំពោះ​​ការ​ឆ្លង​មេរោគ​ COVID-19 ​ប្រភេទ​ថ្មី​ ឬ​ហៅ​ថា ​​វីរុស​កូរ៉ូណា​នោះ​៕ Yonhap/SK