ក្រុង​វ៉ាស៊ីនតោន៖ ​ប្រធានាធិបតី​អាមេរិក​លោក​ ដូណាល់​ ត្រាំ ​បាន​ព្រមាន​ប្រទេស ​អ៊ីរ៉ង់ ​ប្រឆាំង​ការ​បង្ក្រាប​ទៅ​លើ​ក្រុម​អ្នក​តវ៉ា​ ដែល​បាន​ផ្ទុះ​ឡើង​ក្រោយ​ពី​ខ្លួន​បាន​សារភាព​ថា​ បាន​បាញ់​ទម្លាក់​យន្តហោះ​ដឹក​អ្នក​ដំណើរ ​១ គ្រឿង ​ដោយ​មាន​ការ​ភ័ន្ត​ច្រឡំ​បាន​បណ្តាល​ឲ្យ​មនុស្ស​ទាំង​អស់​នៅ​លើ​យន្តហោះ​ចំនួន ​១៧៦ នាក់​ស្លាប់​។​

លោក ​ដូណាល់​ ត្រាំ​ បាន​ថ្លែង​នៅ​លើ​គេហទំព័រ​ធ្វីធើរ​ថា​៖ «​រដ្ឋាភិបាល​អ៊ីរ៉ង់​ត្រូវ​តែ​អនុញ្ញាត​ឲ្យ​ក្រុម​សិទ្ធិ​មនុស្ស​ត្រួត​ពិនិត្យ​ និង​ធ្វើ​របាយការណ៍​ការ​ពិត​មួយ​ចំនួន​ ចេញ​ពី​កន្លែង​កើត​ហេតុ ​ជុំវិញ​ការ​បន្ត​តវ៉ា​ដោយ​ប្រជាជន​អ៊ីរ៉ង់​នោះ​»។​

យោង​តាម​ទីភ្នាក់ងារ​សារព័ត៌មាន Fars បាន​ឲ្យ​ដឹង​ថា​ សារ​របស់​លោក ​ដូណាល់​ ត្រាំ ​បាន​ធ្វើ​ឡើង​ក្រោយ​ពី​ប៉ូលិស​អ៊ីរ៉ង់​បាន​បំបែក​ក្រុម​និស្សិត​ដែល​បាន​ស្រែក​ពាក្យ​ស្លោក ​«ជ្រុល​និយម​»​ នៅ​ក្នុង​ការ​ប្រមូល​ផ្តុំ​កាល​ពី​ថ្ងៃ​សៅរ៍​នៅ​ក្នុង​ទីក្រុង​តេអេរ៉ង់ ​ដើម្បី​គោរព​វិញ្ញាណក្ខន្ធ​ក្រុម​អ្នក​ស្លាប់​នៅ​ពេល​យន្តហោះ​ដឹក​អ្នក​ដំណើរ​របស់​អ៊ុយក្រែន ​១ ​គ្រឿង​ ត្រូវ​បាន​គេ​បាញ់​ធ្លាក់​ក្នុង​រយៈពេល​ដ៏​ខ្លី​ក្រោយ​ពី​យន្តហោះ​នោះ​ បាន​ហោះ​ចេញ​ពី​ទីក្រុង​តេអេរ៉ង់​។​

លោក​​ ដូ​ណាល់​ ត្រាំ​ ព្រមាន​​អុី​រ៉ង់ប្រឆាំង​ការ​បង្ក្រាប​ទៅ​លើ​ក្រុម​អ្នក​តវ៉ា​​​​ នៅទី​ក្រុង​តេអេរ៉ង់។AFP

ក្រុម​អ្នក​ឆ្លើយ​ឆ្លង ​AFP បាន​និយាយ​ថា​ ក្រុម​និស្សិត​រាប់​រយ​នាក់​ បាន​ប្រមូល​ផ្តុំ​គ្នា​កាល​ពី​ពេល​រសៀល​ថ្មីៗ​នេះ​ នៅ​ឯ​សាកល​វិទ្យាល័យ​អាមឺរកាប៊ឺរ​ នៅ​កណ្តាល​ទីក្រុង​តេអេរ៉ង់​ ដើម្បី​គោរព​វិញ្ញាណក្ខន្ធ​ក្រុម​អ្នក​ស្លាប់​នៅ​ក្នុង​គ្រោះ​មហន្តរាយ​ធ្លាក់​យន្តហោះ​។ ​ក្រោយ​មក​ទៀត​ ការ​គោរព​វិញ្ញាណក្ខន្ធ​នោះ​បាន​ក្លាយ​ទៅ​ជា​ការ​ធ្វើ​បាតុកម្ម​ហិង្សា​មួយ​​។​

លោក ​ដូណាល់​ ត្រាំ ​បាន​ថ្លែង​នៅ​លើ​គេហទំព័រ​ធ្វីធើរ​ថា​៖ «​ចំពោះ​ភាព​ក្លាហាន​ និង​ប្រជាជន​អ៊ីរ៉ង់ ​បាន​រង​នូវ​ការ​ឈឺ​ចាប់​រយៈពេល​ជា​យូរ​បាន​និយាយ​ថា​៖ ខ្ញុំ​បាន​ឈរ​ជាមួយ​អ្នក​នៅ​ទី​នេះ​ ចាប់​តាំង​ពី​ការ​ចាប់​ផ្តើម​ចូល​​​កាន់​​តំណែង​ជា​ប្រធានាធិបតី​របស់​ខ្ញុំ​ ហើយ​រដ្ឋការ​របស់​ខ្ញុំ​នឹង​បន្ត​ឈរ​ជាមួយ​អ្នក​ជា​និច្ច​​»​។​

លោក​ ដូ​ណាល់​ ត្រាំ​ បាន​បន្ថែម​ថា៖ «​យើង​កំពុង​កោត​សរសើរ​ចំពោះ​ការ​តវ៉ា​របស់​អ្នក​យ៉ាង​ខ្លាំង​ ហើយ​ត្រូវ​បាន​បណ្តុះ​គំនិត​ដោយ​ភាព​ក្លាហាន​របស់​អ្នក​ទាំង​អស់​គ្នា​»​។​

ក្រុម​និស្សិត​​អុី​រ៉ង់​ ធ្វើ​បាតុកម្ម​បន្ទាប់​ពី​​​គោរព​វិញ្ញាណ​ក្ខន្ធ​ក្រុមជនរង​គ្រោះ​ធ្លាក់​យន្តហោះ​អ៊ុយ​​ក្រែន​​​ ១ គ្រឿង។ AFP

មន្ត្រី​រដ្ឋបាល​ជាន់​ខ្ពស់​ម្នាក់​បាន​ថ្លែង​ថា​ ការ​បាញ់​ទម្លាក់​យន្តហោះ​អ៊ុយក្រែន​របស់​អ៊ីរ៉ង់​ គឺ​ជា ​«​កំហុស​ដ៏​អាក្រក់​» ​មួយ​ ដែល​ជា​ផ្នែក​នៃ​គំរូ​មួយ​ទៅ​នឹង​អ្វី​ដែល​មន្ត្រី​រូប​នោះ ​បាន​ហៅ​ថា​ ជា​ទង្វើ​មិន​ទទួល​ខុស​ត្រូវ​របស់​អ៊ីរ៉ង់​។​

មន្ត្រី​រូប​នោះ​បាន​ថ្លែង​ថា​៖ «​បច្ចុប្បន្ន​វា​មាន​សារៈសំខាន់​ច្រើន​ជាង​ពេល​ណាៗ​ទាំង​អស់​មិន​ធ្លាប់​មាន​ពី​មុន​ ដែល​ប្រទេស ​អ៊ីរ៉ង់ ​បាន​បោះបង់​ចោល​មហិច្ឆតា​មិន​ទទួល​ខុស​ត្រូវ​របស់​ខ្លួន​ ហើយ​បាន​ចាប់​ផ្តើម​ប្រព្រឹត្ត​អាកប្បកិរិយា​ដូច​ប្រទេស​ធម្មតា​មួយ​»​។​

ការ​ធ្វើ​បាតុកម្ម​ថ្មី​នៅ​ក្នុង​ប្រទេស ​អ៊ីរ៉ង់​ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​មាន​ការ​បង្ក្រាប​មួយ​ ទៅ​លើ​ការ​តវ៉ា​នៅ​តាម​ដង​ផ្លូវ​ ដែល​បាន​ផ្ទុះ​ឡើង​កាល​ពី​ខែ​វិច្ឆិកា​។​ ​អង្គការ​លើកលែង​ទោស​អន្តរជាតិ ​(Amnesty ​International) ​បាន​ថ្លែង​ថា​ វា​បាន​បណ្តាល​ឲ្យ​មនុស្ស​ជាង ​៣០០ ​នាក់​ស្លាប់​ ​នៅ​ក្នុង​ការ​បង្ក្រាប​នៅ​កន្លែង​តវ៉ា​នោះ​។​

លោក ​ត្រាំ​ បាន​ថ្លែង​ថា​៖ «​គឺ​មិន​អាច​ត្រូវ​បាន​សម្លាប់​រង្គាល​ផ្សេង​ទៀត​ ទៅ​លើ​ក្រុម​អ្នក​តវ៉ា​ដោយ​សន្តិវិធី​ និង​មិន​ត្រូវ​បិទ​អ៊ីនធឺណិត​ជា​ដាច់​ខាត​ ពិភព​លោក​កំពុង​ឃ្លាំមើល»៕ AFP/SK