ក្រុងវ៉ាស៊ីនតោន៖ សេតវិមានបានថ្លែងកាលពីថ្ងៃអាទិត្យថា ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានអំពាវនាវឲ្យប្រទេស រុស្ស៊ី បញ្ចប់ការគាំទ្ររបស់ខ្លួនចំពោះ «អំពើឃោរឃៅ» របស់របបស៊ីរី ខណៈលោកបានសម្ដែងការព្រួយបារម្ភរបស់អាមេរិក ជុំវិញអំពើហិង្សានៅក្នុងតំបន់ខេត្តអ៊ីដលីប។
រដ្ឋមន្ត្រីការបរទេសរបស់ប្រទេស តួកគី បានរិះគន់សមភាគីរុស្ស៊ីរបស់លោក ជុំវិញការវាយប្រហារជាច្រើនដងរបស់ក្រុងដាម៉ាសទៅលើទីតាំងឈរជើងគ្រប់គ្រងដោយក្រុមឧទ្ទាមចុងក្រោយនៅស៊ីរី។
បានការគាំទ្រដោយកងកម្លាំងទ័ពអាកាសរបស់រុស្ស៊ី ប្រធានាធិបតីស៊ីរីលោក បាសារ អាល់-អាសាដ បានបង្កើនយុទ្ធនាការជាថ្មីកាលពីថ្ងៃអាទិត្យ ខណៈលោកបានធ្វើការវាយប្រហារកាន់តែខ្លាំងឡើង ទៅលើទីតាំងឈរជើងរបស់ក្រុមឧទ្ទាមនៅខេត្តអ៊ីដលីបភាគពាយព្យ។
នៅក្នុងការអំពាវនាវរបស់ប្រធានាធិបតីតួកគីលោក រ៉េសិប តៃយីប អេរដូហ្គែន និងលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ «បានសម្ដែងការព្រួយបារម្ភ ជុំវិញអំពើហិង្សានៅក្នុងខេត្តអ៊ីដលីប ប្រទេស ស៊ីរី ហើយបំណងប្រាថ្នារបស់អាមេរិកចង់ឃើញការបញ្ចប់ការគាំទ្ររបស់រុស្ស៊ី ចំពោះអំពើឃោរឃៅរបស់របបលោក បាសារ អាល់-អាសាដ»។
តួកគីមានប៉ុស្តិ៍ត្រួតពិនិត្យ ១២ កន្លែងនៅក្នុងខេត្តអ៊ីតលីប ជាផ្នែកនៃកិច្ចព្រមព្រៀងឆ្នាំ ២០១៨ បានធ្វើឡើងរវាងក្រុងអង់ការ៉ា និងក្រុងម៉ូស្គូ ដើម្បីការពារមិនឲ្យមានយុទ្ធនាការវាយលុកទ្រង់ទ្រាយធំរបស់របបស៊ីរី ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ក៏កងកម្លាំងរបបស៊ីរីបានធ្វើការវាយប្រហារមុនទៅលើក្រុមឧទ្ទាម។
ប៉ុស្តិ៍ត្រួតពិនិត្យ ៤ កន្លែង ក្នុងចំណោមប៉ុស្តិ៍ត្រួតពិនិត្យមួយចំនួនរបស់តួកគី ត្រូវបានគេជឿថា ត្រូវបានឡោមព័ទ្ធនៅទីនោះ៕ AFP/SK