ក្រុងវ៉ាស៊ីនតោន៖ មន្ទីរបញ្ចកោណបានថ្លែងកាលពីថ្ងៃអាទិត្យថា លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានចេញបញ្ជាឲ្យដកទាហានរហូតដល់ ១ ០០០ នាក់ ចេញពីស៊ីរីភាគខាងជើង ភាគច្រើនជាទាហានថ្មើរជើងទាំងអស់ នៅក្នុងប្រទេសហែកហួរដោយសង្គ្រាមមួយនេះចំពេលប្រទេស តួកគី បានបើកការវាយប្រហារកាន់តែខ្លាំងឡើងទៅលើកងកម្លាំងឃើដ។
រដ្ឋមន្ត្រីក្រសួងការពារជាតិលោក Mark Esper បានថ្លែងថា វិធានការនេះបានធ្វើឡើងក្រោយពីអាមេរិកបានដឹងថា ប្រទេស តួកគី កំពុងបើកការប្រយុទ្ធបន្ថែមទៀតចូលទៅក្នុងប្រទេស ស៊ីរី កាន់តែខ្លាំងក្លាជាងការរំពឹងទុកទៅទៀត។
ក្រុមឃើដដែលជាដៃគូជាមួយអាមេរិកបានប្រយុទ្ធជាមួយក្រុមរដ្ឋអ៊ិស្លាម (IS) ក្រោយមកបានប្រកាសថា ពួកគេបានឈានដល់កិច្ចព្រមព្រៀងមួយ ជាមួយរបបស៊ីរី នៅក្រុងដាម៉ាស ដើម្បីដាក់ពង្រាយកងកម្លាំងស៊ីរីនៅជិតព្រំដែន ដើម្បីប្រឈមមុខជាមួយការវាយលុកទ្រង់ទ្រាយធំរបស់តួកគី។
លោក Mark Esper បានថ្លែងប្រាប់នៅក្នុងកម្មវិធី "Face the Nation" របស់ទូរទស្សន៍ CBS ថា៖ «យើងមានកងកម្លាំងអាមេរិកដូចជាបង្កឲ្យកងកម្លាំងរវាងភាគីទាំង ២ ប្រឆាំងគ្នាកាន់តែខ្លាំងឡើង ហើយវាជាស្ថានការណ៍ដែលមិនចេះការពារគ្នាទៅវិញទៅមកទាល់តែសោះនោះ»។
«ដូច្នេះខ្ញុំបាននិយាយជាមួយលោកប្រធានាធិបតីកាលពីយប់ថ្ងៃអាទិត្យ ក្រោយពីធ្វើការពិភាក្សាជាមួយក្រុមសន្តិសុខជាតិផ្សេងទៀត ហើយលោកបានណែនាំថា យើងបានចាប់ផ្តើមពិភាក្សាឲ្យដកកងកម្លាំងចេញពីប្រទេស ស៊ីរីភាគខាងជើងនោះ»។
លោក Esper បានថ្លែងថា លោកគ្មានសមត្ថភាពផ្តល់ពេលវេលាមួយនោះទេ ដោយសារស្ថានការណ៍ផ្លាស់ប្តូរលឿនពេកចំពោះការដកកងកម្លាំងថ្មើរជើងនោះ ប៉ុន្តែលោកបានបន្ថែមថា ការដកអាចនឹងត្រូវបានធ្វើឡើង នៅក្នុងឥរិយាបថដោយប្រុងប្រយ័ត្ន និង «សុវត្ថិភាពបំផុត»។
លោកបានថ្លែងប្រាប់ CBS ថា៖ «បើមើលទៅវាជាស្ថានការណ៍គួរឲ្យខ្លាចមែនទែននៅទីនោះ ជាស្ថានការណ៍មួយ ដែលបានបង្កឡើងដោយតួកគី ទោះបីជាយើងធ្វើការប្រឆាំងក៏ដោយក៏ពួកគេបានសម្រេចចិត្ត ធ្វើការលុកលុយចូលទៅក្នុងទឹកដីប្រទេស ស៊ីរី ដដែល»។
«ចំណែកនៅចំណុចនេះ នៅក្នុងរយៈពេល ២៤ ម៉ោង យើងបានដឹងថា ពួកគេដូចជាមានបំណងចង់ពង្រីកការវាយប្រហាររបស់ពួកគេនៅភាគខាងត្បូងបន្ថែមទៀត ជាជាងផែនការបានធ្វើឡើងនៅក្នុងតំបន់ ហើយបានបន្តឆ្ពោះទៅទិសខាងលិចទៀត»។
លោក Esper បានគូសបញ្ជាក់ថា នឹងមានកិច្ចព្រមព្រៀងលទ្ធភាពមួយ បន្ទាប់មកបានអះអាងដោយរដ្ឋបាលឃើដនៅស៊ីរីភាគខាងជើង ស្តី-ពីការដាក់ពង្រាយកងកម្លាំងស៊ីរីនៅជិតព្រំដែនជាមួយតួកគី ដើម្បីជួយកងកម្លាំងប្រជាធិបតេយ្យស៊ីរី (SDF) ដឹកនាំដោយឃើដបានប្រឈមមុខជាមួយការវាយលុកទ្រង់ទ្រាយធំរបស់ក្រុងអង់ការ៉ា៕ AFP/SK