ក្រុងវ៉ាស៊ីនតោនៈ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃអង្គារ បានបដិសេធមិនធ្វើការរិះគន់តួកគីចំពោះការទិញប្រព័ន្ធការពារ មីស៊ីលរុស្ស៊ី ដែលត្រូវបានវាយប្រហារពីមន្ទីរបញ្ចកោណ និងអង្គការណាតូ ដោយមិនបានលើកឡើងអំពីការដាក់ទណ្ឌកម្មដែលក្រុងវ៉ាស៊ីនតោនគំរាមប្រឆាំងការទិញមីស៊ីលនោះ។
នៅក្នុងការធ្វើអត្ថាធិប្បាយដំបូងរបស់លោក ចាប់តាំងពីតួកគី បានចាប់ផ្តើមធ្វើការដឹកជញ្ជូនប្រព័ន្ធការពារមីស៊ីល S-400 កាលពីថ្ងៃសុក្រ លោក ដូណាល់ ត្រាំ បានថ្លែងថា តួកគីត្រូវបង្ខំចិត្តធ្វើតាមវិធានការដោយអ្នកកាន់តំណែងមុនរបស់លោក គឺលោក បារ៉ាក់ អូបាម៉ា ដែលលោក ត្រាំ មិនយល់ពីមូលហេតុដែលពួកគេជ្រើសរើសទិញប្រព័ន្ធការពារមីស៊ីលរបស់រុស្ស៊ីនោះ។
លោក ដូណាល់ ត្រាំ បានថ្លែងប្រាប់ក្រុមអ្នកកាសែតថា៖ «ខ្ញុំមានទំនាក់ទំនងយ៉ាងល្អជាមួយលោកប្រធានាធិបតី រ៉េសិប តៃយីប អេរដូហ្គែន»។
«វាជាស្ថានការណ៍មួយដ៏តឹងតែងយ៉ាងខ្លាំង ដែលពួកគេស្ថិតនៅក្នុងស្ថានភាពដ៏លំបាក ហើយក៏ជាស្ថានការណ៍មួយដ៏តឹងតែងយ៉ាងខ្លាំង ដែលយើងបានកាន់តំណែងនេះ ជាមួយបញ្ហាទាំងអស់ ដែលត្រូវបានគេនិយាយថា ពួកយើងកំពុងធ្វើការដោះស្រាយបញ្ហានេះ ហើយយើងនឹងមើលឃើញថា តើនឹងមានអ្វីកើតឡើងតទៅទៀតនោះ»។
លោក ដូណាល់ ត្រាំ បានហៅបញ្ហានោះថាជា «ស្ថានការណ៍ស្មុគស្មាញមួយ» ដោយបានបញ្ជាក់ថា មន្ទីរបញ្ចកោណបានព្យួរប្រទេស តួកគី មិនឲ្យចូលរួមនៅក្នុងកម្មវិធីផលិតយន្តហោះចម្បាំងណាតូ F-35 និងមិនទិញយន្តហោះ F-35s ចំនួន ១០០ គ្រឿង តាមការគ្រោងនោះ។
លោក ដូណាល់ ត្រាំ បានថ្លែងដោយនិយាយសំដៅទៅលើម្ចាស់ក្រុមហ៊ុន Lockheed Martin ផលិតយន្តហោះចម្បាំង F-35 នោះថា៖ «ដោយសារពួកគេមានប្រព័ន្ធមីស៊ីល ដែលបានផលិតនៅប្រទេស រុស្ស៊ី បច្ចុប្បន្នពួកគេត្រូវបានហាមឃាត់ មិនឲ្យទិញយន្តហោះចម្បាំងចំនួន ១០០ គ្រឿងនោះ»។
ការអត្ថាធិប្បាយរបស់លោក ត្រាំ ហាក់ដូចជាមានការខ្វែងគំនិតជាមួយសភា និងទស្សនៈរបស់មន្ទីរបញ្ចកោណ ដែលថាប្រព័ន្ធការពារមីស៊ីល S-400 រួមជាមួយនឹងយន្តហោះ F-35 ជាការគំរាមកំហែងចំពោះ US និងណាតូ ៕ AFP/SK