ក្រុង​បាងកក៖ ​យោង​តាម​កម្មវិធី​ដំណើរ​ទស្សនកិច្ច​របស់​វិមាន​រដ្ឋាភិបាល​បាន​ឲ្យ​ដឹង​ថា ​លោក​នាយក​រដ្ឋមន្ត្រី ​ប្រាយុធ​ ចាន-​អូ​ចា​ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ បាន​ចុះ​ទៅ​សួរ​សុខ​ទុក្ខ ​និង​​ជួប​សំណេះ​សំណាល​ជាមួយ​ក្រុម​ជន​រងគ្រោះ​ដោយ​ទឹក​ជំនន់​នៅ​ខេត្ត​អ៊ុប៊ុនរ៉ាតចាថានី​ ជា​ខេត្ត​មួយ​ក្នុង​ចំណោម​ខេត្ត ​៤​ ដែល​​ប៉ះពាល់​ដោយ​ទឹក​ជំនន់​យ៉ាង​ធ្ងន់ធ្ងរ​បំផុត​។​

លោក​នាយក​រដ្ឋមន្ត្រី ​បាន​ធ្វើ​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​ស្រុក​វ៉ារីនចាំរ៉ាក់ ​ជា​ទីកន្លែង​ដែល​រងគ្រោះ​ដោយសារ​ទឹក​ជំនន់​យ៉ាង​អាក្រក់​បំផុត​នៅ​ក្នុង​ខេត្ត​នោះ​ ដោយ​បាន​ជន់​លិច​ផ្ទះ​កម្ពស់ ២ ​ជាន់ ​អស់​ជា​ច្រើន​ខ្នង​។ ​ក្រៅ​ពី​ជួប​ជាមួយ​ក្រុម​ជន​រងគ្រោះ​ និង​ចែក​អំណោយ​ដល់​ពួក​គេ​នោះ​ លោក​ឧត្តម​សេនីយ៍ ​ប្រាយុធ ​ចាន-អូចា​ បាន​ដឹកនាំ​សកម្មភាព​ប្រមូល​សំរាម​ចេញ​ពី​ទន្លេ​ម៉ូន​នោះ​ផង​ដែរ​។​

ចំណែក​ឯ​ដារ៉ា​សម្តែង​តួឯក​លោក​ ប៊ិន​ ប៊ុនឡឺរិត​ ដែល​កំពុង​ដឹកនាំ​យុទ្ធនាការ​ជំនួយ​មនុស្សធម៌​មួយ ​នៅ​ខេត្ត​អ៊ុប៊ុនរ៉ាតចាថានី​ បាន​ថ្លែង​ថា ​ការ​បរិច្ចាគ​ទឹក​ប្រាក់​របស់​សាធារណជន​ បាន​កើន​ដល់​ចំនួន ​៣៣២​ លាន​បាត​ហើយ​ កាល​ពី​ថ្ងៃ​ពុធ​កន្លង​ទៅ​។​

លោក​ ប៊ិន​ បាន​ទាត់​ចោល​ពាក្យ​ចចាម​អារ៉ាម​ថា​ លោក​ បាន​បញ្ចូល​យុទ្ធនាការ​របស់​លោក​ជាមួយ​នឹង​​រដ្ឋាភិបាល​ ​ដែល​​អ្នក​រិះគន់​និយាយ​ថា​ ធ្វើ​ឲ្យ​យឺតយ៉ាវ​ក្នុង​ការ​ឆ្លើយ​តប​ទៅ​នឹង​​វិបត្តិ​​នេះ​៕ BKP/SK