ក្រុង​បាងកកៈ​ យោង​តាម​នាយក​រដ្ឋមន្ត្រី​លោក​ ប្រាយុធ ​ចាន-​អូចា​ បាន​ឲ្យ​ដឹង​ថា​ មិន​ទាន់​ប្រញាប់​ធ្វើ​វិសោធនកម្ម​ច្បាប់​រដ្ឋ​ធម្មនុញ្ញ​ទេ​​​ ដោយសារ​មាន​តម្រូវ​ការ​ពាក់ព័ន្ធ​ជា​ច្រើន​ទៀត​​ និង​​បញ្ហា​ខ្លះ​តម្រូវ​ឲ្យ​សាធារណជន​ដឹង​ ​ឮ​ហើយ​ប្រហែល​ជា​អាច​ធ្វើ​​ប្រជាមតិ​ទៀត​ផង​​។​

លោក​ឧត្តមសេនីយ៍ ​ប្រាយុធ​ ចាន-​អូចា ​កាល​ពី​ថ្ងៃ​ពុធ​ បាន​បញ្ជាក់​ជា​ថ្មី​ថា​ លោក​បាន​គាំទ្រ​ឲ្យ​មាន​ការ​កែប្រែ​រដ្ឋ​ធម្មនុញ្ញ​ខ្លះ​។​ ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ​ ក៏​លោក​បាន​បង្ហាញ​ឲ្យ​មាន​ដំណើរ​ស្រប​ច្បាប់​ដែល​ទាក់ទង​ទៅ​នឹង​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​នោះ​ អាច​ត្រូវ​ប្រើ​ពេល​វែង​​។​

រដ្ឋាភិបាល​ថ្មី​នេះ ​គ្រោង​នឹង​ធ្វើ​សេចក្តី​ថ្លែងការណ៍​អំពី​គោល​នយោបាយ​របស់​ខ្លួន​ នៅ​ចំពោះ​មុខ​​សភា​នៅ​សប្តាហ៍​ក្រោយ​ ​ហើយ​ក្រុម​តំណាង​រាស្ត្រ​ និង​សមាជិក​ព្រឹទ្ធសភា​នឹង​ចូលរួម​នៅ​ក្នុង​កិច្ច​ពិភាក្សា​មួយ​ ដែល​ត្រូវ​គ្រោង​ធ្វើ​​នៅ​ចុង​ខែ​នេះ​។​

ការ​ធ្វើ​សេចក្តី​ថ្លែងការណ៍​នោះ​ គឺ​ជា​ការ​ប្រមូល​ចងក្រង​​គោល​នយោបាយ​សំខាន់ៗ​ពី​គ្រប់​គណបក្ស​ចម្រុះ​ទាំង​អស់ ​ដោយ​បាន​ផ្អែក​ទៅ​លើ​ការ​ប្តេជ្ញា​ដែល​ពួក​គេ​បាន​ធ្វើ​នៅ​មុន​ការ​បោះ​ឆ្នោត​កាល​ពី​ថ្ងៃ​ទី ​២៤ ​ខែ​មីនា​នោះ​។​

គណបក្ស​ប្រជាធិបតេយ្យ​ជា​ដៃគូ​ចម្រុះ​យ៉ាង​សំខាន់​មួយ​ បាន​អំពាវនាវ​យ៉ាង​សកម្ម​ឲ្យ​ធ្វើ​វិសោធនកម្ម​​ច្បាប់​រដ្ឋ​ធម្មនុញ្ញ​នោះ​។ ការ​សន្យា​មួយ​ក្នុង​ចំណោម​ការ​សន្យា​ជា​ច្រើន​នៅ​ពេល​ធ្វើ​យុទ្ធនាការ​រក​សំឡេង​​ឆ្នោត​នោះ គឺ​គោល​នយោបាយ​របស់​បក្ស​នេះ​ត្រូវ​បាន​ដាក់​បញ្ចូល​ទៅ​ក្នុង​​សេចក្តី​ថ្លែងការណ៍​ស្តីពី​នយោបាយ​របស់​រដ្ឋាភិបាល​​។

មេ​ដឹកនាំ​​បក្ស​ប្រជាធិបតេយ្យ​លោក ​ជុរិន​ ឡាក់សាណៈវីស៊ីត ​បាន​ថ្លែង​កាល​ពី​ថ្ងៃ​ពុធ​ថា ​ កិច្ច​ពិភាក្សា​ជា​ច្រើន​ទៀត​​ នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ក្នុង​ចំណោម​ក្រុម​ដៃគូ​ចម្រុះ​អំពី​​​ថា តើ​នរណា​ជា​អ្នក​​ផ្តួច​ផ្តើម​ពី​ការ​កែប្រែ​ច្បាប់​រដ្ឋ​ធម្មនុញ្ញ​នេះ៕ BKP/SK