ក្រុង​សេអ៊ូល៖ ​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង ​លោក ​មូន​ ជេអ៊ីន ​កាល​ពី​ថ្ងៃ​អង្គារ​បាន​អំពាវ​នាវ​ឲ្យ​ចាត់​វិធានការ​ទៅ​តាម​ផ្លូវ​ច្បាប់​ឲ្យ​បាន​ខ្លាំង​ក្លា​បន្ថែម​ទៀត​ ប្រឆាំង​ក្រុម​អ្នក​ដែល​បាន​បំពាន​ច្បាប់​ដាក់​ឲ្យ​នៅ​ដាច់​ដោយ​ឡែក​ពី​គេ​ ដោយសារ​ឆ្លង​វីរុស​កូរ៉ូណា​ ១ ​ថ្ងៃ​ នៅ​មុន​គោល​នយោបាយ​នៃ​ការ​ឃុំ​ខ្លួន​ឯង​នៅ​ឲ្យ​ឆ្ងាយ​ពី​គេ​ ទៅ​លើ​ក្រុម​អ្នក​ដំណើរ​ទាំង​អស់​មក​ពី​បរទេស​ឲ្យ​ចូល​ជា​ធរមាន​។​

លោក​ប្រធានាធិបតី ​មូន ជេអ៊ីន​ បាន​សង្កត់​ធ្ងន់​ថា​៖ «ប្រសិន​បើ​វិធានការ​ដាក់​ឲ្យ​នៅ​ដាច់​ដោយ​ឡែក​ពី​គេ​ត្រូវ​បាន​គេ​​បំពាន​នោះ​ ដំណោះ​ស្រាយ​ និង​វិធាន​ការ​ទៅ​តាម​ផ្លូវ​ច្បាប់​ឲ្យ​បាន​ខ្លាំង​ក្លា​គួរ​ត្រូវ​បាន​ធ្វើ​ឡើង​ ដើម្បី​ការពារ​សុវត្ថិភាព​សហគមន៍​» ​ដោយ​លោក​បាន​ថ្លែង​នៅ​ឯ​កិច្ច​ប្រជុំ​គណៈ​រដ្ឋមន្ត្រី​ប្រចាំ​សប្តាហ៍​។​

លោក ​មូន​ ជេអ៊ីន​ បាន​ថ្លែង​ថា​ ទោះបី​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​ទប់ស្កាត់​ជំងឺ​កូវីដ ​១៩ ​របស់​ប្រទេស ​កូរ៉េ​ខាង​ត្បូង​ បាន​ទទួល​ការ​សរសើរ​អំពី​ភាព​​ជោគជ័យ​ ជាមួយ​ការ​ប្រយុទ្ធ​ប្រឆាំង​មេរោគ​នេះ​ក្តី​ ក៏​សញ្ញា​នៃ ​«ការ​ធ្វើ​ឲ្យ​មាន​លំ​នឹង​បន្តិច​ម្តងៗ​» ​នៅ​ក្នុង​ស្ថានការណ៍​នៅ​ទី​នេះ​ «គឺ​នៅ​តែ​មាន​មធ្យោបាយ​យូរ​អង្វែង​ ក្នុង​ការ​ឆ្ពោះ​ទៅ​រក​ដំណាក់​កាល​​ស្ថិរភាព​កាន់​តែ​ខ្លាំង​ឡើង​»​។​

លោក ​មូន​ ជេអ៊ីន​ បាន​បន្ថែម​ថា​៖ «​យើង​ត្រូវ​ការ​ចាត់​វិធានការ​ឲ្យ​បាន​ខ្លាំង​ក្លា​បន្ថែម​ទៀត​ និង​ការ​គ្រប់គ្រង​ឲ្យ​បាន​ពេញ​លេញ​ ជុំវិញ​ការ​រាតត្បាត​នៃ​ការ​ឆ្លង​រីក​រាល​ដាល​មក​ពី​ក្រៅ​ប្រទេស​កាន់​តែ​ច្រើន​ឡើង​»។ លោក​មូន​ ជេអ៊ីន​ បាន​បញ្ជាក់​ថា​៖ «​ការ​ទប់ស្កាត់​នៃ​ការ​ឆ្លង​រីករាល​ដាល​មាន​ការ​ធ្លាក់​ចុះ​តិច​តួច​»​ ហើយ​លោក​បាន​ព្រមាន​ប្រឆាំង​រាល់​សកម្មភាព​ណា​មួយ​ដែល​បាន​ធ្វើ​ឲ្យ​កិច្ច​ខិតខំ​ប្រឹងប្រែង​ប្រឆាំង​ការ​ឆ្លង​វីរុស​របស់​ប្រជាជន ​«​បាន​ធ្លាក់​ដល់​កម្រិត​សូន្យ​នោះ​»​។​

ប្រទេស ​កូរ៉េ​ខាង​ត្បូង​ បាន​អះអាង​អំពី​ករណី​ឆ្លង​បន្ថែម​ទៀត​ចំនួន ​១២៥ ​នាក់ កាល​ពី​ថ្ងៃ​ចន្ទ​ និង ​៤ ​នាក់​បន្ថែម​ទៀត​បាន​ស្លាប់​។​

លោក ​មូន​ ជេអ៊ីន ​បាន​ថ្លែង​​ទៅ​កាន់​សមាជិក​គណៈរដ្ឋមន្ត្រី​ នៅ​ក្នុង​សុន្ទរក​ថា ​របស់​លោក​ទៅ​កាន់​ក្រុម​អ្នក​កាសែត​​ថា​៖ «​ការ​យក​ចិត្ត​ទុក​ដាក់​ជា​ពិសេស​ ដើម្បី​កាត់​បន្ថយ​ចំនួន​អ្នក​ស្លាប់​ និង​កាត់​បន្ថយ​សមត្ថភាព​របស់​អាជ្ញាធរ​ដាក់​ឲ្យ​នៅ​ដាច់​ដោយ​ឡែក​ពី​គេ​ ទៅ​លើ​ការ​ទប់ស្កាត់​ក្រុម​អ្នក​ឆ្លង​នៅ​​មន្ទីរពេទ្យ ​ដែល​បាន​ដាក់​មនុស្ស​យ៉ាង​ច្រើន​នោះ​»​។​

ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង​បាន​ថ្លែង​ថា​ វា​បាន​ក្លាយ​ទៅ​ជា​រឿង​​មិន​អាច​គេច​វេះ​បាន​ ដើម្បី​បិទ​សាលា​រៀន​ម្តង​ទៀត​។​

រដ្ឋាភិបាល​បាន​សម្រេច​ចិត្ត​ជា​ដំណាក់​កាល​នៅ​ក្នុង​ការ​បង្រៀន​ក្រុម​​សិស្ស​​សាលា​តាម​អនឡាញ៕ Yonhap/SK​