បុរី​ញូវយ៉ក៖ ​ប្រធានាធិបតី​ប៉ាឡេស្ទីន​លោក​ ម៉ាមុដ ​អាបាស ​កាល​ពី​ថ្ងៃ​អង្គារ​បាន​ធ្វើ​ការ​បដិសេធ​ជា​ថ្មី​​ម្តង​ទៀត​ ចំពោះ​ផែនការ​សន្តិភាព​នៅ​មជ្ឈិមបូព៌ា​ថ្មី​របស់​អាមេរិក​ ដែល​បាន​បង្ហាញ​​កាល​​ពី​ពេល​ថ្មី​ៗ​នេះ ​ដោយ​បាន​ហៅ​ផែនការ​នោះ​ថា​ វា​ជា​សំណើ​របស់ ​«​អ៊ីស្រាអែល​ និង​អាមេរិក​»​។​

លោក​ អាបាស បាន​ថ្លែង​ប្រាប់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ ដែល​បាន​ជួប​ពិភាក្សា​អំពី​ផែនការ​អាមេរិក​ថា៖ ​«​ខ្ញុំ​បាន​មក​ជួប​អ្នក ​តាង​នាម​ឲ្យ​ពលរដ្ឋ​ប៉ាឡេស្ទីន​ចំនួន ​១៣ ​លាន​នាក់​ ដើម្បី​អំពាវនាវ​សុំ​សន្តិភាព​មួយ​ប៉ុណ្ណោះ​។ ​នោះ​ហើយ ​គឺ​ជា​បញ្ហា​ទាំង​អស់​ដែល​ខ្ញុំ​ត្រូវ​តែ​មក​ជួប​អ្នក​នៅ​ថ្ងៃ​នេះ​ ដើម្បី​បញ្ជាក់​ម្តង​ហើយ​ម្តង​ទៀត ​អំពី​តួនាទី​របស់​ពលរដ្ឋ​ប៉ាឡេស្ទីន​ ​ដែល​បាន​បដិសេធ​ចំពោះ​សំណើ​របស់​អ៊ីស្រាអែល​ និង​អាមេរិក​។​

លោក​ ម៉ាមុដ ​អាបាស បាន​ថ្លែង​ថា ​ការ​ទាត់​ចោល​ម្តង​ហើយ​ម្តង​ទៀត​ចំពោះ​​ផែន​ការ​នេះ ​ឬ​ជា​លទ្ធផល​នៃ​វិធានការ​ឯកតោ​ភាគី​របស់​ខ្លួន​ និង​ការ​ពិត​ដែល​ថា​ វា​បាន​បំពាន​ការ​ផ្តើម​គំនិត​​ស្រប​ច្បាប់​អន្តរជាតិ​ និង​សន្តិភាព​អារ៉ាប់​ផង​ដែរ​។​

«ផែនការ​នោះ​ បាន​ចាត់​ទុក​ភាព​ស្រប​ច្បាប់​នៃ​​សិទ្ធិ​របស់​​ប៉ាឡេស្ទីន ​ជា​មោឃៈ​ សិទ្ធិ​របស់​យើង​​ដើម្បី​ការ​ប្តេជ្ញា​ចិត្ត​ សេរីភាព​ និង​ឯករាជ្យ​ដោយ​ខ្លួន​ឯង ​នៅ​ក្នុង​ប្រទេស​របស់​យើង​​។ ​ផែនការ​នេះ ក៏​​បាន​ធ្វើ​ឲ្យ​អ្វី​ដែល​ខុស​ច្បាប់​​ទៅ​ជា​ត្រឹមត្រូវ​តាម​ច្បាប់​មាន​ដូច​ជា​ ​ការ​តាំង​លំនៅឋាន ​និង​ការ​រឹប​អូស​យក​​ដី​ និង​ដាក់​ទឹក​ដី​របស់​ប៉ាឡេស្ទីន​ជា​ឧបសម្ព័ន្ធ​​»​។​

លោក​​​ប្រធានាធិបតី ​ម៉ាមុដ អាបាស ​បាន​ថ្លែង​ថា​៖ «​ខ្ញុំ​អះអាង​ម្តង​ហើយ​ម្តង​ទៀត​ថា​ ផែនការ​នេះ​ ឬ​ផ្នែក​ណា​មួយ​នៅ​ក្នុង​ផែនការ​សន្តិភាព​​នេះ​ មិន​គួរ​ត្រូវ​បាន​ចាត់​ទុក​ថា​ ជា​ឯកសារ​យោង​អន្តរជាតិ​សម្រាប់​​ការ​ចរចា​​ទេ​»៕ Xinhua/SK