ក្រុងប៉ារីសៈ ប្រធានាធិបតី បារាំង លោក អេ​ម៉ា​នុយ អែល ម៉ាក្រុង​កាល​ពី​ថ្ងៃ​ចន្ទ បាន​ប្រកាស​ចាត់​វិធានការ​ហិរញ្ញវត្ថុ ជា​បន្ត​បន្ទាប់ ដោយ​បាន​ស្វះស្វែង ដើម្បី​បញ្ចប់​ការ​ប៉ះ​បោរ​របស់​ក្រុម​អ្នក​តវា់ «អាវកាក់​ពណ៌​លឿង» ដែល​បាន​បង្ក ឲ្យ​មាន​ការ​តវ៉ា​ដោយ​ហិង្សា​នៅ​ក្នុង​ក្រុង​ជាច្រើន នៅ​ទូទាំង​ប្រទេស​នេះ។

នៅក្នុង​សុន្ទរកថា​រយៈពេល ១៥ នាទី ដែល​ត្រូវបាន​ចាក់ផ្សាយ​តាម​ទូរទស្សន៍​ពី​វិមាន Elysee នោះ លោក​ប្រធានា​ធិបតី ដែល​មាន​ទឹក​មុខ​ស្រងូត​ស្រងាត់​រូប​នេះ បាន​ថ្លែង​ប្រាប់​ប្រជាជាតិ​ថា៖ «ខ្ញុំ​សូម​ទទួល​ខុស​ត្រូវ​រួម​ចំពោះ​វិបិត្ត​នេះ»។

អតីត​អ្នកជំនាញ​ធនាគារ វិនិយោគ​រូបនេះ លោក​បាន ប្រើ​សម្តី​សាមញ្ញ​ជាង​ធម្មតា ខណៈ​លោក​បាន​ខិតខំ​ប្រឹង​ប្រែង​ដោះស្រាយ​ការ​រិះគន់​ចំពោះ​របៀប​នៃ​ការ​ដឹកនាំ​របស់​លោក​កន្លង​មក។

លោក បាន​ថ្លែងថា៖ «ខ្ញុំ​ដឹងថា​ខ្ញុំ​ធ្វើ​ឲ្យ​អ្នកខ្លះ​ឈឺចាប់​ដោយសារ​តែ​ពាក្យ​សម្តី​របស់​ខ្ញុំ »។

លោក​ម៉ា​ក្រុង បាន​សង្កត់ធ្ងន់ថា អ្នក​តវ៉ា​ភាគច្រើន គឺជា​អ្នក​ដែលមាន​ប្រាក់​ចំណូល​ទាប​នៅ​ក្នុង​ក្រុង​តូចៗ ឬ​នៅ​ទី​ជន​បទ​នៃ​ប្រទេស​នេះ៕