ក្រុង​ភីកាន់បារ៉ូ៖ ​លោក​ប្រធានាធិបតី​ឥណ្ឌូនេស៊ី​ ជូកូ វីដូដូ​ បាន​ថ្លែង​នៅ​អំឡុង​ដំណើរ​ទស្សនកិច្ច​មួយ​ទៅ​កាន់​តំបន់ ដែល​រង​ការ​ឆេះ​ព្រៃ​យ៉ាង​ខ្លាំង​មួយ​កន្លែង​កាល​ពី​ថ្ងៃ​អង្គារ​ថា​ ប្រទេស ​ឥណ្ឌូនេស៊ី ​កំពុង​ប្រយុទ្ធ​ប្រឆាំង​ជាមួយ​ភ្លើង​ឆេះ​ព្រៃ​ ដែល​បាន​បង្ក​ឲ្យ​ទៅ​ជា​ផ្សែង​ពុល​នៅ​ទូទាំង​អាស៊ីអាគ្នេយ៍​ ដោយ​មាន​​ទាំង​យន្តហោះ​ ភ្លៀង​សិប្បនិម្មិត​ និង​ថែម​ទាំង​មាន​ការ​បន់ស្រន់​​​ទៀត​ផង​​។​

ភ្លើង​ឆេះ​ព្រៃ ​កំពុង​រាលដាល​នៅ​លើ​កោះ ​Borneo ​និង​ Sumatra ​ដោយ​បាន​ធ្វើ​ឲ្យ​ផ្សែង​អាប់អួ​ក្រាស់​ឃ្មឹក​គ្រប​ដណ្តប់​នៅ​ទូទាំង​តំបន់​​រួម​ទាំង​ឆ្ពោះ​ទៅ​​​ប្រទេស​ ​ម៉ាឡេស៊ី​ និង​សិង្ហបុរី ​ដែល​នៅ​ក្បែរ​ខាង​នោះ​។​

នៅ​អំឡុង​ទស្សន​កិច្ច​ទៅ​កាន់​ខេត្ត​ Riau ​នៅ​កណ្តាល​កោះ ​Sumatra ​កាល​ពី​ថ្ងៃ​អង្គារ​ លោក​ វី​ដូដូ​ បាន​ថ្លែង​ថា ​កង​កម្លាំង​ជិត ​៦ ០០០ ​នាក់​ ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​ចំណុច​ក្តៅ​ដើម្បី​ជួយ​ពន្លត់​ភ្លើង​នៅ​ទីនោះ​។​

លោក​បាន​ថ្លែង​ថា​៖ «​យើង​បាន​ខំ​ប្រឹងប្រែង​គ្រប់​បែប​យ៉ាង​ទាំង​អស់​ដើម្បី​ពន្លត់​ភ្លើង​នោះ​ហើយ​»​។​

លោក​បាន​ថ្លែង​ថា​ ក្រៅ​ពី​ក្រុម​អ្នក​ពន្លត់​អគ្គិភ័យ​នៅ​លើ​ដី​មាន​យន្តហោះ​រាប់​សិប​គ្រឿង​ទៀត ​ត្រូវ​បាន​កំពុង​ប្រើប្រាស់​ដើម្បី​បង្កើត​ភ្លៀង​សិប្បនិម្មិត​។​

លោក​បាន​បន្ថែម​ថា​៖ «​យើង​ក៏​បាន​បន់ស្រន់​ផង​ដែរ​» ​ក្រោយ​ពី​ទស្សនកិច្ច​​ទៅ​កាន់​ព្រះវិហារ​អ៊ិស្លាម​ Amrulloh ​នៅ​ក្រុង​ភីកាន់បារ៉ូ​នោះ​។​

ផ្សែង​ពុល​នោះ​ បាន​បង្ក​ឡើង​ដោយសារ​គេ​ដុត​សម្អាត​យក​ដី ​ដើម្បី​ធ្វើ​ចម្ការ​ ដោយ​បង្ក​ឲ្យ​មាន​បញ្ហា​ជា​រៀង​រាល់​ឆ្នាំ​ដល់​ប្រទេស ​ឥណ្ឌូនេស៊ី ​និង​បណ្តា​ប្រទេស​ក្បែរ​ខាង​របស់​ខ្លួន​ ប៉ុន្តែ​បាន​រង​នូវ​ការ​ឆេះ​យ៉ាង​ធ្ងន់ធ្ងរ​នៅ​ឆ្នាំ​នេះ​ ជា​ពិសេស ​ដោយសារ​តែ​អាកាស​​ធាតុ​ក្តៅ​ខ្លាំង​។​

ក្រុម​អាជ្ញាធរ​បាន​ថ្លែង​កាល​ពី​ថ្ងៃ​ចន្ទ​ថា​ ពួក​គេ​បាន​ចាប់​ខ្លួន​មនុស្ស​ជិត ​២០០ ​នាក់ ​ដែល​បាន​សង្ស័យ​ពី​បទ​កំពុង​ធ្វើ​ឲ្យ​ជាប់​ពាក់ព័ន្ធ​នៅ​ក្នុង​សកម្មភាព​ដែល​ឈាន​ដល់​​ការ​ដុត​បំផ្លាញ​ព្រៃ​មិន​អាច​គ្រប់គ្រង​បាន​។​

ក្រុម​អាជ្ញាធរ​បាន​ថ្លែង​ថា​ ក្រុមហ៊ុន ៤​ កំពុង​ត្រូវ​បាន​គេ​​ស៊ើប​អង្កេត​។ ​ទីភ្នាក់ងារ​ឧតុនិយម​នៃ​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​ ​(ASEAN) ​បាន​ថ្លែង​កាល​ពី​ថ្ងៃ​អង្គារ​ថា​ តំបន់​ក្តៅ​ជា​ច្រើន​មាន​ភាព​ស្ងប់ស្ងាត់ ប៉ុន្តែ​​នៅ​តែ​មាន​ផ្សែង​អ័ព្ទ​ខ្លាំង​បន្ត​គ្រប​ដណ្តប់​តំបន់​នោះ៕ AFP/SK