ក្រុងវ៉ាស៊ីនតោន៖ ប្រមុខអង្គការលើកលែងទោសអន្តរជាតិ (Amnesty International) បានព្រមានកាលពីថ្ងៃចន្ទថា ការចូលធ្វើអន្តរាគមន៍យោធាអាមេរិកនៅក្នុងការឆ្លើយតបទៅនឹងការវាយប្រហារទៅលើរោងចក្រផលិតប្រេងរបស់អារ៉ាប៊ីសាអ៊ូឌីត ដែលបានស្តីបន្ទោសទៅលើអ៊ីរ៉ង់នោះ អាចនឹងគ្រាន់តែធ្វើឲ្យមានការឈឺចាប់ធ្ងន់ធ្ងរកាន់តែខ្លាំងឡើងនៅមជ្ឈិមបូព៌ាតែប៉ុណ្ណោះ។
អគ្គលេខាធិការរបស់អង្គការសិទ្ធិមនុស្ស លោក Kumi Naidoo បានថ្លែងថា ជំនួសមកវិញពិភពលោក គួរតែមានកិច្ចខិតខំប្រឹងប្រែងទ្វេឡើងបន្ថែមទៀត ដើម្បីបញ្ចប់ហិង្សាបំផ្លិចបំផ្លាញនៅក្នុងប្រទេស យេម៉ែន ជាទីដែលយុទ្ធនាការផ្លូវអាកាសដឹកនាំដោយអារ៉ាប៊ីសាអ៊ូឌីត បាននិងកំពុងវាយប្រហារក្រុមឧទ្ទាមហ៊ូធីមានទំនាក់ទំនងជាមួយប្រទេស អ៊ីរ៉ង់ នោះ។
នៅក្នុងបទសម្ភាសមួយនៅក្រុងវ៉ាស៊ីនតោន លោក Naidoo បានថ្លែងប្រាប់ AFP ថា៖ «យើងត្រូវការបញ្ឈប់ការបង្ហូរឈាមបច្ចុប្បន្ន ហើយការ-ពិភាក្សាណាមួយអំពីការអន្តរាគមន៍របស់យោធាបច្ចុប្បន្ន នឹងធ្វើឲ្យស្ថានការណ៍កាន់តែអាក្រក់ខ្លាំងឡើងតែប៉ុណ្ណោះ»។
លោកបានព្រមានអំពីមេរៀនជាច្រើននៅក្នុងប្រទេស អ៊ីរ៉ាក់ ជាទីដែលការឈ្លានពានរបស់អាមេរិកនៅឆ្នាំ ២០០៣ ដែលបានលើកឡើងអំពីការស៊ើបយកការណ៍បានរកឃើញថា «បានបង្កឲ្យមានគ្រោះមហន្តរាយ ដែលយើងមាននោះ មិនមែនគ្រាន់តែនៅក្នុងប្រទេស អ៊ីរ៉ាក់ ប៉ុណ្ណោះនោះទេ ថែមទាំងមាននៅក្នុងបណ្តាប្រទេសដែលនៅក្បែរខាងទៀតផង»។
លោកបានថ្លែងថា៖ «ក្រុមមេដឹកនាំនយោបាយពិតប្រាកដ អាចជ្រើសរើសហេតុផលមិនស្មោះត្រង់ ដើម្បីធ្វើសង្គ្រាមពីព្រោះការធ្វើសង្គ្រាមអាចនឹងជួយឲ្យពួកគេ ទទួលបានជោគជ័យនៅក្នុងការបោះឆ្នោត»។
ប៉ុន្តែលោកបានបន្ថែមថា៖ «ខ្ញុំមិនចង់ធ្វើឲ្យមានការខុសប្លែកគ្នាអំពីប្រទេសទាំងនោះទេ ខ្ញុំគិតថា មានប្រទេសជាច្រើនពេញចិត្តនឹងការធ្វើសង្គ្រាមនៅខណៈពេលនេះ»។
អាមេរិកបានស្តីបន្ទោសទៅលើអ៊ីរ៉ង់ជុំវិញការវាយប្រហារ ទៅលើរោងចក្រ Abqaiq កាលពីចុងសប្ដាហ៍ ជារោងចក្រមួយក្នុងចំណោមរោងចក្រផលិតប្រេងធំបំផុតរបស់ពិភពលោក ដោយបានបន្តឲ្យមានកិច្ចពិភាក្សាជាថ្មី ដែលលោក ដូណាល់ ត្រាំ អាចបញ្ជាឲ្យធ្វើការសងសឹកខាងយោធាវិញ។
ក្រុមឧទ្ទាមហ៊ូធីបានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនោះ ប៉ុន្តែរដ្ឋមន្ត្រីការបរទេសលោក ម៉ៃក៍ ប៉ុមប៉េអូ បានថ្លែងថា គ្មានភ័ស្តុតាងដែលខ្លួនបានចាប់ផ្តើមវាយប្រហារ នៅក្នុងប្រទេស យេម៉ែន នោះទេ។
ប្រទេស អារ៉ាប៊ីសាអ៊ូឌីត បានធ្វើអន្តរាគមន៍ចំណាយទឹកប្រាក់អស់រាប់ពាន់លានដុល្លារ កាលពីឆ្នាំ ២០១៥ នៅក្នុងប្រទេស យេម៉ែន ដោយបានបង្កឲ្យមានការក្តៅក្រហាយ ទៅនឹងអ្វីដែលអង្គការសហប្រជាជាតិបានហៅថា វាគឺជាវិបត្តិមនុស្សធម៌អាក្រក់បំផុតនៅក្នុងពិភពលោក ដោយមានមនុស្សរាប់ម៉ឺននាក់បានស្លាប់នៅក្នុងសង្គ្រាមដែលកើតនៅក្នុងប្រទេសនេះ៕AFP/SK