ក្រុងឌូបៃ៖ អង្គការជួយសង្គ្រោះកុមារបានថ្លែងថា សង្គ្រាមរយៈពេលយូរនៅក្នុងប្រទេស យេម៉ែន បាន «ធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំង» ទៅលើសតិអារម្មណ៍សុខភាពផ្លូវចិត្តរបស់ក្មេងៗ ដោយមានមនុស្សជាងពាក់កណ្តាលបាននិយាយថា ពួកគេមានអារម្មណ៍ក្រៀមក្រំ និងកើតទុក្ខខ្លាំង។
រដ្ឋាភិបាលដែលគាំទ្រដោយក្រុមចម្រុះយោធាដឹកនាំដោយប្រទេស អារ៉ាប៊ី សាអ៊ូឌីត បានកំពុងប្រយុទ្ធជាមួយក្រុមឧទ្ទាមហ៊ូធី មានសម្ព័ន្ធមិត្តជាមួយប្រទេស អ៊ីរ៉ង់ អស់រយៈពេលជាង ៥ ឆ្នាំ នៅក្នុងជម្លោះមួយ ដែលបានធ្វើឲ្យប្រទេសមួយនេះធ្លាក់ចូលទៅក្នុងអ្វីដែលអង្គការសហប្រជាជាតិបាននិយាយថា គឺជាវិបត្តិមនុស្សធម៌យ៉ាងអាក្រក់បំផុតនៅជុំវិញពិភពលោក។
ក្រុមសប្បុរសធម៌បានថ្លែងនៅក្នុងរបាយការណ៍មួយថា៖ «ការស្ទង់មតិបាននិយាយថា ក្មេងជាងពាក់កណ្តាលពួកគេបានតស៊ូជាមួយផ្លូវអារម្មណ៍សោកសៅ និងទុក្ខព្រួយយ៉ាងក្រៀមក្រំដោយពួកគេចំនួនជាង ១ ភាគ ១០ បាននិយាយថា កំពុងមានសតិអារម្មណ៍គួរឲ្យធុញថប់យ៉ាងខ្លាំង»។
«ក្មេងប្រហែល ១ ភាគ ៥ បាននិយាយថា ពួកគេជានិច្ចកាលមានអារម្មណ៍ភ័យខ្លាច និងមានទុក្ខព្រួយយ៉ាងក្រៀមក្រំនៅក្នុងចិត្ត»។
ក្រុមសប្បុរសធម៌បានថ្លែងថា ការស្ទង់មតិ គឺធ្វើឡើងជាលក្ខណៈទ្រង់ទ្រាយធំបំផុតចេញពីសន្តានចិត្តរបស់ខ្លួន នៅក្នុងចំណោមក្មេងៗ និងឪពុកម្តាយចាប់តាំងពីសង្គ្រាមបានផ្ទុះឡើងនៅក្នុងប្រទេស យេម៉ែន នោះ។
ក្រុមអង្គការសប្បុរសធម៌ជួយសង្គ្រោះក្មេងបានសម្ភាសជាមួយក្មេងចំនួន ៦២៩ នាក់ ដែលមានអាយុចាប់ពី ១៣ ឆ្នាំ រហូតដល់ ១៧ ឆ្នាំ និងឪពុកម្តាយចំនួន ៦២៧ នាក់ និងក្រុមសមាជិកគ្រួសារមួយចំនួនផ្សេងទៀត នៅក្នុងតំបន់ ៣ ដែលស្ថិតនៅក្នុងប្រទេស យេម៉ែន៕ AFP/SK