ក្រុង​ហេរ៉ាតៈ ​ក្រុម​មន្ត្រី​បាន​ថ្លែង​ថា ​មាន​សន្តិ​សុខ​អាហ្វ​ហ្គានី​ស្ថាន​៤​នាក់ ​បាន​ស្លាប់​កាល​ពី​ថ្ងៃ​សៅរ៍​ នៅ​ពេល​ក្រុម​ឧទ្ទាម​តាលី​បង់​ បាន​វាយ​ប្រហារ​ទៅ​លើ​សណ្ឋាគារ​មួយ​កន្លែង​ ខណៈ​អំពើ​ហិង្សា​ បាន​បន្ត​កើត​ឡើង​នៅ​ទូ​ទាំង​ប្រទេស​អាហ្វហ្គានី​ស្ថាន​ ទោះ​បី​ជា​មាន​កិច្ច​ខិត​ខំប្រឹង​ប្រែង​ដឹក​នាំ​ដោយ​អាមេរិក​ ដើម្បី​បញ្ចប់​សង្គ្រាម​ក្តី​។​

​ការ​វាយ​ប្រហារ​នោះ​ បាន​កើត​ឡើង​នៅ​ក្នុង​ទី​ក្រុង​ Qala-i-Naw ​នៅ​ភាគ​ខាង​លិច​នៃ​ខេត្ត​ Badghis ​នៅ​ពេល​ក្រុម​អ្នក​វាយ​ប្រហារទាំង​នោះ​ ​បាន​បើក​ការ​ប្រយុទ្ធ​នៅ​តំបន់​ពាណិជ្ជ​កម្ម​មួយ​កន្លែង​ ដែល​មាន​សណ្ឋាគារ ​និង​ហាង​លក់​ទំនិញ​ជា​ច្រើន​នៅ​ក្នុង​ទី​ក្រុង​តូច​នោះ​។​

​អភិបាល​ខេត្ត​ Badghis ​លោក​ Abdul Ghafoor Malikzai ​បាន​ថ្លែង​ប្រាប់ ​AFP ​ថា៖ ​«​យើង​ទទួល​បាន​របាយ​ការណ៍​ជា​ច្រើន​ពី​ចារកម្ម​ថា​ ក្រុម​អ្នក​បំផ្ទុះ​គ្រាប់​បែក​អត្តឃាត​ទាំង​នោះ​ បាន​កំពុង​មាន​ផែន​ការ​វាយ​ប្រហារ​ទៅ​លើ​ក្រុង​ Qala-i-Naw​ នោះ​»​។​

​ក្រសួង​ការ​ពារ​ជាតិបាន​ថ្លែង​ថា ​ក្រុម​អ្នក​វាយ​ប្រហារ​ទាំង​ ៣​ នាក់​បាន​ស្លាប់ ​និង​ជាង​ ២​ នាក់​ផ្សេង​ទៀត​ ត្រូវ​បាន​ចាប់​ខ្លួន​។​

​ក្រសួង​នោះ​បាន​ថ្លែង​ថា ​សមាជិក​កង​កម្លាំង​សន្តិ​សុខ​អាហ្វហ្គានី​ស្ថាន​ ៤​ នាក់​បាន​ស្លាប់​ និង​ ២០​ នាក់​ផ្សេង​ទៀត​រង​របួស​ នៅ​ក្នុង​នោះ​មាន​ជន​ស៊ី​វិល​ខ្លះ​​ដែរ​៕ SK ​