ក្រុងបាងកកៈ​ គណបក្ស​ប្រឆាំង​នឹង​ត្រូវ​បាន​ផ្តល់​ពេល​ឲ្យ​ ១៣,៥ ​ម៉ោង ​នៅ​ក្នុង​កិច្ច​ប្រជុំ​សភា​មាន​រយៈពេល ​២ ​ថ្ងៃ​ ដែល​បាន​ចាប់​ផ្តើម​នៅ​ថ្ងៃ​ព្រហស្បតិ៍​ខាង​មុខ​នេះ​ ដើម្បី​ពិភាក្សា​គោល​នយោបាយ​នានា​​របស់​រដ្ឋាភិបាល​ថ្មី​ ជា​អ្វី​​ដែល​ត្រូវ​បាន​គេ​ជឿជាក់​ថា​​នឹង​ជា​ការ​​​​​តស៊ូ​​ការពារ​លើក​ដំបូង​​របស់​​លោក​នាយក​រដ្ឋមន្ត្រី ​ប្រាយុធ ​ចាន​​- អូចា​ ​យ៉ាង​ពិត​ប្រាកដ​នៅ​ក្នុង​សភា​។​

ប្រមុខ​តម្រង់​ផ្លូវ​​រដ្ឋាភិបាល​ លោក ​វីរ៉ាត់រតនា​សេត ​បាន​ថ្លែង​កាល​ពី​ថ្ងៃ​សុក្រ​ថា ​ក្រុម​រដ្ឋមន្ត្រី​ សមាជិក​សភា​នៅ​ក្នុង​ក្រុម​ចម្រុះ ​និង​ក្រុម​សមាជិក​ព្រឹទ្ធសភា ​នឹង​មាន​ពេល ​៥ ​ម៉ោង ​នៅ​ក្នុង​កិច្ច​​ប្រជុំ​សភា​ម្តងៗ ​ដែល​នៅ​ចុង​ក្រោយ​នឹង​មាន​ពេល​សរុប​ទាំង​អស់​ប្រហែល​ ២៨ ​ម៉ោង​។​

ប៉ុន្តែ​ចំនួន​ពេលវេលា​នេះ​ ​មិន​បាន​រាប់​បញ្ចូល​ពេលវេលា​ដែល​ត្រូវ​បាន​ផ្តល់​ឲ្យ​​​លោក​ឧត្តមសេនីយ៍ ​ប្រាយុធ​ ចាន-អូចា ​ដែល​ជា​រដ្ឋមន្ត្រី​ការពារ​ជាតិ​ដែល​នឹង​ដាក់​ស្នើ​​​គោល​នយោបាយ​ទាំង​​អស់​នេះ​ជា​ផ្លូវ​ការ​នោះ​។​

កាល​បរិច្ឆេទ​ត្រូវ​បាន​ឯកភាព​រួម​ដោយ​ភាគី​រដ្ឋាភិបាល​ និង​អ្នក​តម្រង់​ផ្លូវ​របស់​គណបក្ស​ប្រឆាំង​។​

ទោះបី​ជា​ទិដ្ឋភាព​នៃ​ការ​ពិភាក្សា​បាន​ធ្វើ​ឡើង​នៅ​ពេល​ខាង​មុខ​ក្តី​ ក៏​លោក ​វីរ៉ាត់​ បាន​ថ្លែង​ថា ​គឺ​មិន​មាន​ការ​ចាំបាច់​ត្រូវ​បង្កើត ​«​ក្រុម​ការពារ​»​ សមាជិក​សភា​ ដើម្បី​ការពារ​រដ្ឋាភិបាល​ទេ​។​

លោក​ វី​រ៉ាត់​ បាន​ថ្លែង​ថា ​លោក​បាន​ស្នើ​ឲ្យ​សមាជិក​សភា​បក្ស​ប្រឆាំង​ត្រូវ​ផ្តោត​ទៅ​លើ​គោល​នយោបាយ​ទាំង​នោះ​ មិនមែន​ជជែក​យក​ឈ្នះ​ចាញ់​ជុំវិញ​គុណ​សម្បត្តិ​របស់​លោក​ឧត្តម​សេនីយ៍ ​ប្រាយុធ​ ចាន​-អូចា​ ដែល​លោក​បាន​បំភ្លឺ​នៅ​ក្នុង​សភា​រួច​មក​​ហើយ​នោះ​ទេ​​។​

លោក​ វី​រ៉ាក់ ​បាន​ថ្លែង​ហើយ​ជឿជាក់​ថា​ ក្រុម​សមាជិក​សភា​មាន​លក្ខណ​សម្បត្តិ​គ្រប់គ្រាន់​ ដើម្បី​សម្រេច​ចិត្ត​ទៅ​លើ​​អ្វី​ដែល​ត្រូវ​ធើ្វ៕ BKP/SK