ក្រុង​ដែនផាសារ៖​ ទីភ្នាក់ងារ​គយ​នៃ​កោះ​លំហែ​កម្សាន្ត​ឥណ្ឌូនេស៊ី ​បាន​ថ្លែង​​កាល​ពី​ថ្ងៃ​​ចន្ទ​ថា ​ស្ត្រី​ជនជាតិ​​ថៃ ​២ ​នាក់ ​និង​បុរស​បារាំង​ម្នាក់ ​អាច​ប្រឈម​​ទោស​ប្រហារ​ជីវិត ​ក្រោយ​ពី​ពួក​គេ​ត្រូវ​បាន​ចាប់​ខ្លួន​ពី​បទ​រត់​ពន្ធ​គ្រឿង​ញៀន​ចូល​ទៅ​កោះ​បាលី​។

អាជ្ញាធរ​​និយាយ​ថា ​ស្ត្រី​ថៃ​ទាំង​នោះ​ដែល​ត្រូវ​គេ​កំណត់​អត្តសញ្ញាណ​ថា​ Kasarin Khamkhao និង​ Sanicha Maneetes ​បាន​មក​ដល់​កាល​ពី​សប្តាហ៍​មុន​ដោយ​ជិះ​យន្តហោះ​មក​​ពី​ក្រុង​បាងកក ​​ហើយ​​​មន្ត្រី​ព្រលាន​យន្តហោះ​បាន​រក​ឃើញ​គ្រឿង​ញៀន​មេតំហ្វេតាមីន​ជិត ​១ ​គីឡូក្រាម ​ដែល​ត្រូវ​​​លាក់​នៅ​ក្រោម​សម្លៀក​បំពាក់​របស់​ពួក​គេ។ ​​​

លោក​ Himawan Indarjono ជា​ប្រធាន​អន្តោប្រវេសន៍​នៅ​ព្រលាន​យន្តហោះ​អន្តរជាតិ​កោះ​បាលី​ បាន​ថ្លែង​ប្រាប់​ក្រុម​អ្នក​កាសែត​កាល​ពី​ថ្ងៃ​ចន្ទ​ថា៖ ​«ការ​ធ្វើ​តេស្ត​​បាន​បញ្ជាក់​ថា​ កញ្ចប់​ទាំង​អស់​នោះ​មាន​ផ្ទុក​គ្រឿង​ញៀន​មេតំហ្វេតាមីន​ទម្ងន់​សុរប ​៩៥៨ ​ក្រាម»។​

ស្ត្រី​ទាំង ​២ ​នាក់​នោះ​ ម្នាក់​ជា​អ្នក​​​បោស​សម្អាត ​​និង​ម្នាក់​ទៀត​ជា​អ្នក​បើក​ហាង​ជួល​ម៉ូតូ​នៅ​ក្នុង​ប្រទេស ​ថៃ​ អាច​ប្រឈម​ការ​ប្រហារ​ជីវិត​ប្រសិន​ត្រូវ​កាត់​ទោស​នៅ​ក្នុង​ប្រទេស​ភាគ​ច្រើន​កាន់​មូស្លីម​នេះ ​ដែល​មាន​ច្បាប់​ខ្លះ​តឹង​រ៊ឹង​ជាង​គេ​បំផុត​​នៅ​ក្នុង​ពិភព​លោក​។

យោង​តាម​ក្រុម​អាជ្ញាធរ​បាន​ឲ្យ​ដឹង​ថា​ ជនជាតិ​បារាំង​ឈ្មោះ ​Olivier Jover ត្រូវ​​ចាប់​ខ្លួន​នៅ​កោះ​បាលី​ ក្រោយ​ពី​កញ្ចប់​មួយ​ត្រូវ​បាន​ផ្ញើ​ចេញ​ពី​ប្រទេស​កំណើត​របស់​លោក​ដែល​មាន​គ្រឿង​ញៀន​កូកាអ៊ីន​ប្រហែល ​២២,៥ ​ក្រាម​ ​មក​ដល់​ព្រលាន​យន្តហោះ​នោះ៕ AFP/PSA