ក្រុង​ប៊ូឡាវ៉ាយ៉ូៈ ​កងកម្លាំង​យោធា ​និង​ប៉ូលិស ត្រូវ​​បាន​ដាក់​ពង្រាយ​នៅ​ក្នុង​ទីក្រុង​ប៊ូឡាវ៉ាយ៉ូទី ​២ ​របស់​ប្រទេស ​ហ្ស៊ីមបាវ៉េ ​កាល​ពី​ថ្ងៃ​ចន្ទ​ នៅ​ក្នុង​​កិច្ច​ប្រឹងប្រែង​​មួយ​ដើម្បី​ទប់ស្កាត់​ការ​គ្រោង​ដើរ​ហែ​ក្បួន​តវ៉ា​​ ​រយៈពេល ​៣ ​ថ្ងៃ ​ក្រោយ​ពី​ការ​បង្ក្រាប​យ៉ាង​សាហាវ​ទៅ​លើ​ក្រុម​អ្នក​តវ៉ា​ដែល​ត្រូវ​ ហាម​ប្រាម​មិន​ឲ្យ​ធ្វើ​បាតុកម្ម នៅ​ក្នុង​ទីក្រុង​ហារ៉ារ៉េ​នោះ​។​

ក្រុម​ទាហាន ​និង​ប៉ូលិស​ប្រដាប់​ដោយ​អាវុធ​ ដែល​បាន​ជិះ​​សេះ​ និង​​ជិះ​រថយន្ត​ជា​ច្រើន​គ្រឿង​ បាន​​ល្បាត​នៅ​កណ្តាល​សង្កាត់​ជំនួញ​​ភាគ​កណ្តាល​ហើយ​ភាគ​ច្រើន​នៃ​តំបន់​ជាយ​ក្រុង​មាន​​ដង់ស៊ីតេ​ប្រជាជន​ខ្ពស់​។

ដោយ​ប្រើប្រាស់​ឧគ្ឃោសនស័ព្ទ​ប៉ូលិស​បាន​ព្រមាន​មនុស្ស​ទាំង​នោះ​ មិន​ឲ្យ​ចូលរួម​ធ្វើ​បាតុកម្ម ​ហើយ​បាន​ហៅ​ការ​តវ៉ា​នោះ​ថា​​ធ្វើ​ឲ្យ​ស្ថានភាព​សេដ្ឋកិច្ច​កាន់​តែ​អាក្រក់​ខ្លាំង​​ឡើងៗ​។​

តំបន់​មួយ​នៅ​ក្នុង​ចំណោម​តំបន់​​ដ៏​មមាញឹក​របស់​ទីក្រុង​នោះ​ ជា​សង្កាត់​​ដែល​មាន​តុលាការ​ជាន់​ទាប Tredgold​ ស្ថិត​នៅ​ ​ ហើយ​ជា​កន្លែង​ដោះដូរ​​រូបិយវត្ថុ​បរទេស​ខុស​ច្បាប់​ ត្រូវ​បាន​គេ​​ដាក់​ខ្សែ​​ព័ទ្ធ​មិន​ឲ្យ​ចេញ​ចូល​​​។

ប៉ូលិស​បាន​បង្កើត​ប៉ុស្តិ៍​ត្រួត​ពិនិត្យ​នៅ​តាម​ដង​ផ្លូវ​​ទៅ​កាន់​កណ្តាល​​ក្រុង​នេះ​។​

ក្រុម​អាជ្ញាធរ​បាន​ហាម​ប្រាម​មិន​ឲ្យ​ក្រុម​អ្នក​តវ៉ា​ធ្វើ​បាតុកម្ម​ ដែល​បាន​រៀបចំ​ឡើង​ដោយ​ក្រុម​ចលនា​ប្រឆាំង​ ដើម្បី​ផ្លាស់​ប្តូរ​ប្រជាធិបតេយ្យ​ (MDC) ​ក្រោយ​ពី​ប៉ូលិស​បាន​បំបែក​ក្រុម​អ្នក​តវ៉ា​ ដែល​មិន​បាន​គោរព​បញ្ជា​ស្រដៀង​គ្នា​នៅ​ក្នុង​​ក្រុង​ហារ៉ារ៉េ​ ​កាល​ពី​ថ្ងៃ​សុក្រ​នោះ​។​

លោក​ Mbuso ​Fuzwayo ​ជា​សមាជិក​នៃ​ក្រុម​សិទ្ធិ​មនុស្ស​របស់​លោក ​Ibhetshu Likazulu​ បាន​ថ្លែង​ប្រាប់​ AFP ​ថា៖ ​«វិធានការ​របស់​រដ្ឋាភិបាល​​ហាម​ប្រាម​មិន​ឲ្យ​ធ្វើ​បាតុកម្ម​នោះ​បង្ហាញ​ថា​ ពួក​គេ​កំពុង​ភ័យ​ខ្លាច​»​ ខណៈ​ឧទ្ធម្ភាគចក្រ​យោធា​ជា​ច្រើន​គ្រឿង​បាន​ហោះ​សំកាំង​ ដើម្បី​តាមដាន​ស្ថានការណ៍​នោះ៕​​​​ AFP/SK