ក្រុង​ឡុងដ៍ៈ ​រដ្ឋមន្ត្រី​ការ​បរទេស​អង់គ្លេស​ លោក​ Jeremy ​Hunt ​បាន​ស្វះស្វែង​ដើម្បី​បន្ធូរ​បន្ថយ​ភាព​តានតឹង​ជាមួយ​អ៊ីរ៉ង់​កាល​ពី​ថ្ងៃ​សៅរ៍​ ដោយ​បាន​ថ្លែង​ថា ​នាវា​ដឹក​​ប្រេង​មួយ​គ្រឿង ​ដែល​ឃាត់​ទុក​ដោយ​ក្រុង​ហ្គីប្រាលតា​ នឹង​ត្រូវ​បាន​ដោះលែង​វិញ​ ប្រសិន​បើ​ក្រុង​តេអេរ៉ង់​ ​ធានា​ថា​ ខ្លួន​មិន​ដឹក​ប្រេង​នោះ​ទៅ​កាន់​ប្រទេស ​ស៊ីរី ​ទេ។​

លោក​ Jeremy ​Hunt ​បាន​ធ្វើ​ការ ​«សន្ទនា​តាម​ទូរស័ព្ទ​ជា​វិជ្ជមាន​» ​ជាមួយ​សម​ភាគី​អ៊ីរ៉ង់​របស់​លោក​ គឺ​លោក​ ​ម៉ូហាម៉ាដ ចាវ៉ាដ ​ហ្សា​រីហ្វ ​ដែល​លោក​បាន​ថ្លែង​ឲ្យ​មាន​ការ​ធានា​ថា​ ក្រុង​តេអេរ៉ង់ ​«​មិនមែន​កំពុង​ធ្វើ​ឲ្យ​មាន​ភាព​តានតឹង​កាន់​តែ​ខ្លាំង​ឡើង​» ​រវាង​ប្រទេស​​ទាំង​អស់​នេះ​​មែន​នោះ​​។​

លោក ​Hunt ​បាន​ថ្លែង​នៅ​ក្នុង​គេហទំព័រ​ធ្វីធើរ​ថា​៖ «ខ្ញុំ​បាន​ធានា​ចំពោះ​លោក​ជា​ថ្មី​ថា​ ការ​ព្រួយ​បារម្ភ​របស់​យើង ​គឺ​ជា​គោលដៅ​មិនមែន​ដើម​ហេតុ​ចេញ​ពី​ប្រភព​ប្រេង​នៅ​តំបន់​ Grace​ One ​នោះ​ទេ​» ​នា​វា​ដឹក​ប្រេង​មួយ​គ្រឿង​ ដែល​ត្រូវ​បាន​ឃាត់​ទុក​នៅ​ម្តុំ​ឆ្នេរ​សមុទ្រ​ដែន​ទឹក​អង់គ្លេស​មួយ​រយៈ​ខ្លី​ កាល​ពី​ថ្ងៃ​ទី ​៤​ ខែ ​កក្កដា​​។​

រថយន្ត​ដឹក​រ៉ុក្កែត​របស់​​កង​ការពារ​បដិវត្តន៍​​អ៊ីរ៉ង់​បាញ់​ចេញ​ពី​ទីតាំង​មួយ​ដែល​គេ​មិន​ស្គាល់។ AFP

សេចក្តី​ថ្លែងការណ៍​របស់​អ៊ីរ៉ង់ ​បាន​បញ្ជាក់​អះអាង​ថា ​ការ​ពិភាក្សា​គ្នា​ក្រៅ​ផ្លូវ​ការ​​លោក​ Hunt ​បាន​ថ្លែង​ថា​ប្រទេស ​អ៊ីរ៉ង់ ​អាច ​«​មាន​សិទ្ធិ​នាំ​ប្រេង​ចេញ​»​។​ សេចក្តី​ថ្លែងការណ៍​នោះ​បាន​បន្ថែម​ថា​ ក្រុង​តេអេរ៉ង់​មាន​ក្តី​សង្ឃឹម​ថា​ នឹង​មាន​ការ​ស៊ើប​អង្កេត​មួយ​ទៅ​លើ​ការ​ឃាត់​ទុក​នាវា​ដឹក​ប្រេង​នោះ​នៅ​ក្រុង​ហ្គីប្រាលតា​ «ហើយ​នឹង​ឈាន​ទៅ​រក​ការ​ដោះលែង​នាវា​ដឹក​ប្រេង​របស់​អ៊ីរ៉ង់​ក្នុង​ពេល​ឆាប់ៗ​នេះ»​។​

ក្រុម​មន្ត្រី​របស់​អាមេរិក​ បាន​ជឿជាក់​ថា​ នាវា​នោះ​មាន​គោលដៅ​ដឹក​ប្រេង​ទៅ​កាន់​ប្រទេស ​ស៊ីរី​ ជា​ការ​រំលោភ​លើ​ការ​ដាក់​ទណ្ឌកម្ម​របស់​អឺរ៉ុប​ និង​អាមេរិក​។​

លោក​ Hunt ​បាន​ថ្លែង​ថា ​អង់គ្លេស ​«​នឹង​សម្រួល​ឲ្យ​មាន​ការ​ដោះ​លែង» ​ប្រសិន​បើ​យើង​ត្រូវ​បាន​ធានា​ថា ​អ៊ីរ៉ង់​នឹង​មិន​ដឹក​ប្រេង​​ទៅ​កាន់​ប្រទេស ​ស៊ីរី​ បន្ទាប់​ពី​មាន​ដំណើរការ​នៅ​ក្នុង​ការ​សម្រប​សម្រួល​នៅ​ក្រុង​ហ្គីប្រាលតា​។​

«​បញ្ហា​នោះ ​ត្រូវ​បាន​ថ្លែង​ប្រាប់​ដោយ​រដ្ឋមន្ត្រី​ការ​បរទេស​អ៊ីរ៉ង់​លោក​ ហ្សា​រីហ្វ​ថា​ អ៊ីរ៉ង់​នឹង​ដោះ​ស្រាយ​បញ្ហា​ទាំង​នោះ​ ហើយ​នឹង​មិន​ធ្វើ​ឲ្យ​មាន​ភាព​តានតឹង​នោះ​ទេ​»​។​

ក្រុង​តេអេរ៉ង់​ បាន​ខឹង​សម្បា​យ៉ាង​ខ្លាំង​ចំពោះ​ការ​ឃាត់​ទុក​នាវា​ដឹក​ប្រេង​នោះ​ ហើយ​​អង់គ្លេស​កាល​ពី​សប្តាហ៍​មុន​​បាន​និយាយ​​ថា​ នាវា​យោធា​របស់​អ៊ីរ៉ង់ ​បាន​ព្យាយាម ​«ឃាត់» ​នាវា​ដឹក​ប្រេង​របស់​អង់គ្លេស​មួយ​គ្រឿង​នៅ​ច្រក​សមុទ្រ​ Hormuz​ នោះ​៕ AFP/SK