ក្រុងឡុងដ៍ៈ ក្រសួងការពារជាតិបានប្រកាសកាលពីថ្ងៃអង្គារថា ប្រទេស អង់គ្លេស នឹងបញ្ជូននាវាចម្បាំងធុនធ្ងន់ទី៣ មួយគ្រឿងទៅកាន់ឈូងសមុទ្រដែលមានជម្លោះ ដោយអះអាងថា អង់គ្លេសមិនបាន «បង្កឲ្យមានភាពតានតឹង» ជាមួយអ៊ីរ៉ង់នៅក្នុងតំបន់នោះទេ។
អង់គ្លេស បានបញ្ជូននាវាចម្បាំង HMS Duncan ជានាវាប្រឆាំងយន្តហោះមួយ ដើម្បីគាំទ្រនាវាចម្បាំង HMS Montrose នៅអំឡុងពេលដែលខ្លួនបានយល់ព្រមការពារតំបន់នៅជិតៗ ប្រទេស បារ៉ែន ហើយនឹងបញ្ជូននាវាចម្បាំង HMS Kent ១ គ្រឿង បន្ថែមទៀតនៅ «ចុងឆ្នាំនេះ»។
របាយការណ៍ បាននិយាយថា ប្រទេស អង់គ្លេស នឹងបញ្ជូននាវាចម្បាំងទៅកាន់ឈូងសមុទ្រនោះ នៅពាក់កណ្តាលខែកញ្ញាខាងមុខនេះ។
នាវា HMS Montrose កាលពីសប្តាហ៍មុន បានព្រមាននាវាប្រដាប់អាវុធតូចៗ ៣ គ្រឿង របស់អ៊ីរ៉ង់ ដែលក្រុមមន្ត្រីអង់គ្លេស បានថ្លែងថា អ៊ីរ៉ង់កំពុងព្យាយាម «បង្អាក់» ដំណើរនាវាដឹកប្រេងយ៉ាងធំរបស់អង់គ្លេស ១ គ្រឿង ដែលបានឆ្លងកាត់តាមច្រកសមុទ្រ Hormuz នៅតំបន់ឈូងសមុទ្រពែរ្ស៍។
ក្រសួងការពារជាតិ បានថ្លែងថា នាវាចម្បាំង HMS Kent នឹងត្រូវ «បានគ្រប់គ្រង» ដោយនាវា HMS-Kent ប៉ុន្តែក្រសួងនោះ បានបន្ថែមថា «នាវាទាំងនោះ មានការផ្លាស់វេនគ្នា នៅពេលនាវាមួយចាប់ផ្តើមប្រតិបត្តិការ ហើយនាវាមួយទៀត បានបញ្ចប់ កិច្ចប្រតិបត្តិការ ដោយបានបញ្ជាក់ថារាល់នាវាទាំង ៣ គ្រឿងនោះ អាចត្រូវបានដាក់ពង្រាយនៅតាមចំណុចមួយចំនួនក្នុងតំបន់នោះ។
ក្រសួងការពារជាតិ បានថ្លែងថា ការដាក់ពង្រាយនាវាទាំងនោះ «គឺស្ថិតនៅក្នុងផែនការរយៈពេលយូរ» ដើម្បីធានា «វត្តមានយូរអង្វែង» នៅក្នុងផ្លូវទឹកសំខាន់ៗ និង «មិនបង្កឲ្យមានភាពតានតឹងកាន់តែខ្លាំងឡើងនៅក្នុងគោលជំហររបស់អង់គ្លេសនៅក្នុងតំបន់ដែលមានជម្លោះនោះទេ»។
ក្រុមមន្ត្រីអ៊ីរ៉ង់ បានបដិសេធថា មិនបានជាប់ពាក់ព័ន្ធនៅក្នុងឧបត្តិហេតុកាលពីថ្ងៃពុធ នៅច្រកសមុទ្រ Hormuz នោះទេ។
រដ្ឋាភិបាលអង់គ្លេស បានលើកឡើងករណីមួយចំនួនដោយប្រុងប្រយ័ត្ន អំពីការធ្វើដំណើររបស់នាវាខ្លះ ដែលបានឆ្លងកាត់ដែនទឹកអ៊ីរ៉ង់ ដល់ទៅ ៣ លើកនៅក្នុងខ្សែបន្ទាត់ ៣ ចំណុចនៅតំបន់នោះ»៕ AFP/SK