ក្រុង​ឌូបៃៈ ​អង្គការ​លើកលែង​ទោស​អន្តរជាតិ ​(Amnesty Internattional) កាល​ពី​ថ្ងៃ​ពុធ ​បាន​ថ្កោល​ទោស​ការ​ពន្យារពេល​ឃុំ​ខ្លួន​​អ្នក​កាសែត​ ១០ ​នាក់​ ដោយ​ក្រុម​ឧទ្ទាម​ហ៊ូធី​ នៅ​ប្រទេស ​យេម៉ែន​​ ដោយ​និយាយ​ថា ​នេះ​គឺ​ជា​​ការ​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ពី ​«​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​យោបល់​​ នៅ​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​រដ្ឋ​» ​នៅ​ក្នុង​ប្រទេស​ហែកហួរ​ដោយ​សង្គ្រាម​មួយ​នេះ​។​

យោង​តាម​ក្រុម​ឃ្លាំមើល​សិទ្ធិ​មនុស្ស​បាន​ឲ្យ​ដឹង​ថា​ អ្នក​កាសែត​ទាំង​ ១០ ​នាក់​នោះ​ត្រូវ​បាន​ឃុំ​ខ្លួន​ចាប់​តាំង​ពី​រដូវ​ក្តៅ​កាល​ពី​ឆ្នាំ​ ២០១៥​ ​ហើយ​ត្រូវ បាន​កាត់​ទោស​ពាក់ព័ន្ធ​នឹង​ការ​ចោទ​ប្រកាន់​ពី​បទ​លប​យក​ការណ៍​។​

ក្រុម​ឃ្លាំមើល​​សិទ្ធិ​មនុស្ស​ បាន​ថ្លែង​ថា ​ក្រុម​អ្នក​កាសែត​នោះ​​ ត្រូវ​បាន​គេ​ធ្វើ​ទារុណកម្ម​មិន​ឲ្យ​មាន​ការ​ទំនាក់​ទំនង​ពី​ខាង​ក្រៅ​ និង​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​​ថែទាំ​សុខភាព​ទៀត​ផង​​។​

លោក​ស្រី ​Rasha Mohamed ​ជា​អ្នក​ស្រាវជ្រាវ​យេម៉ែន​របស់​អង្គការ​លើកលែង​ទោស​អន្តរជាតិ ​បាន​ថ្លែង​ថា៖ «​ការ​ពន្យារពេល​ឃុំ​ខ្លួន​ដោយ ​ខុស​ច្បាប់ ​ការ​ធ្វើ​ទារុណកម្ម​ និង​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ទៅ​លើ​អ្នក​កាសែត​ទាំង​ ១០ ​នាក់​ គឺ​ជា​ការ​រំឭក​គួរ​ឲ្យ​រន្ធត់​អំពី​បរិយាកាស​ប្រព័ន្ធ​ផ្សព្វផ្សាយ ​ដែល​រង​ការ​គាប​សង្កត់​ទៅ​នឹង​ការ​ប្រឈម​មុខ​ដោយ​ក្រុម​អ្នក​កាសែត​នៅ​យេម៉ែន​ ​និង​បង្ហាញ​អំពី​ហានិភ័យ ​ដែល​ពួក​គេ​បាន​ប្រឈម​ជា​មួយ​ក្រុម​ភាគី​មាន​ជម្លោះ​ទាំង​អស់​នោះ​»​។​

«​អ្នក​ទាំង​អស់​នេះ​ ត្រូវ​បាន​គេ​ផ្តន្ទាទោស ​ជុំវិញ​ការ​ប្រើប្រាស់​សិទ្ធិ​របស់​ពួក​គេ​ដោយ​សន្តិភាព​ ដើម្បី​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​៕​ AFP/SK