ក្រុង​អា​ម៉ាន់ៈ អង្គការ​សហប្រជាជាតិ បាន​ថ្លែង​កាលពី​ថ្ងៃ​អាទិត្យ​ថា ខ្លួន​ចាប់​ផ្តើម​ផ្តល់​ជំនួយ​ទៅ​ឲ្យ​ប្រជាជន​ស៊ីរ៉ី​រាប់​សែន​នាក់​តាមរយៈ​ការ​ឆ្លង​កាត់​ព្រំដែន Jaber-Nassib ជាមួយ​ប្រទេស​ហ្ស៊កដានី ដែល​បាន​បើក​ឡើង​វិញ ២ ខែ​កន្លង​ទៅ​នោះ។

ភ្នាក់ងារ​មនុស្សធម៌​អង្គការសហប្រជាជាតិ (OCHA) បាន​ថ្លែង​ថា៖ «រថយន្ត​ចំនួន ៣៦៩ គ្រឿង ដែល​ដឹក​ជញ្ជូន​ជំនួយ​ចំនួន ១១ ២០០ តោន​សម្រាប់​មនុស្ស ៦៥០ ពាន់​នាក់» នឹង​ត្រូវ​ចូលរួម​នៅ​ក្នុង​កិច្ច​ប្រតិបត្តិការ​រយៈពេល ៤ សប្តាហ៍។

ភ្នាក់ងារ OCHA បាន​បន្ថែមថា៖ «ការដឹកជញ្ជូន​ស្បៀង​ពិសេស ដែល​បន្ថែម​ទៅ​លើ​ជំនួយ​សម្រាប់​រយៈពេល ១ ខែ នឹង​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ ភ្នាក់ងារ​ចំនួន ៦ របស់​អង្គការ​សហ​ប្រជាជាតិ និង NGO អន្តរជាតិ​មួយ។

លោក Anders Pedersen ជា​អ្នកសម្របសម្រួល​មនុស្សធម៌ អ.ស.ប.នៅ​ហ្ស៊កដានី បាន​ថ្លែង​ថា៖ «នេះ គឺជា​កិច្ច​ប្រតិបត្តិការ ដ៏​សំខាន់​នៅ​ក្នុង​កិច្ច​ប្រឹង​ប្រែង​មួយ​ដើម្បី​បន្ធូរ​បន្ថយ​ការ​ឈឺ​ចាប់​របស់​ប្រជាជន​ស៊ីរ៉ី»។

បុរស​ខ្ចាត់ព្រាត់​​ស៊ីរីនិង​កូន​ៗនៅ​ក្នុង​ជំរំ​ alHolnh នៅ​ស៊ីរីភាគឦសាន​។ AFP

បើ​យោងតាម OCHA បាន​ឲ្យ​ដឹងថា ប្រជាជន​ស៊ី​រ៉ី ត្រូវការ​ជា​ចាំបាច់ និង​បន្ទាន់​នោះ គឺ​ស្បៀង​អាហារ ទីជម្រក ទឹក និង​ថ្នាំពេទ្យ។

លោក Pedersen បាន​បន្ថែមទៀតថា៖ «ពួកយើង​កំពុងធ្វើការ​យ៉ាង​យកចិត្ត​ទុក​ដាក់​ជាមួយ​ក្រុម​ដៃគូ​របស់​អ.ស.ប.យើង​នៅ​ក្នុង​ប្រទេស​ស៊ីរ៉ី ដើម្បី​ធានា​ជំនួយ​ទាំង​នេះ ឲ្យ​ទៅ​ដល់​ក្រុម​អ្នក​ដែល​ត្រូវការ​វា​បំផុត​នោះ»។

កងកម្លាំង​របប​ស៊ី​រ៉ី បាន​ដណ្តើម​កាន់កាប់​ព្រំដែន​វិញ​ដោយ​ឆ្លងកាត់​ពី​ក្រុម​ឧទ្ទាម​កាល​ពី​ខែ​កក្កដា កន្លង​ទៅ។ ច្រក Jaber នៅ​ខាង​ហ្ស៊កដានី​និង Nassib នៅ​ខាង​ស៊ីរី គឺជា​ច្រក​ឆ្លង​កាត់​ដ៏​សំខាន់​សម្រាប់​ការ​ធ្វើ​ពាណិជ្ជកម្ម​នៅ​មជ្ឈិម​បូព៌ា ហើយ​ត្រូវ​បាន បើក​ឡើង​វិញ​កាល​ពី​ខែ​តុលា ក្រោយ​ពី​ត្រូវ​បាន​បិទ​រយៈពេល ៣ ឆ្នាំ​នោះ៕