ក្រុងពុត្រាចាយ៉ាៈ អតីត​មេដឹកនាំ​ម៉ាឡេស៊ី​លោក ណា​ជីប​រ៉ាហ្សាក់ បាន​មក​ដល់​ស្នាក់ការ​ទីភ្នាក់ងារ​ប្រឆាំង​អំពើ​ពុក​រលួយ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ដើម្បី​ឲ្យ​គេ​សាក​សួរ​លើក​ទី ២ ជុំវិញ​រឿង​អាស្រូវ​អំពើ​ពុក​រលួយ​ទឹក​ប្រាក់​រាប់​ពាន់​លាន​ដុល្លារ ក្រោយ​ពី​លោក​ចាញ់​ការ​បោះ​ឆ្នោត​នោះ។

គណបក្ស​ចម្រុះ​របស់លោក​ណា​ជីប បាន​ទទួលរង​ការបរាជ័យ ក្នុងការ​បោះឆ្នោត​កាលពី​ថ្ងៃ​ទី ៩ ខែ​ឧសភា ដែល​បាន​បញ្ចប់​ការ​កាន់​អំណាច ៦ ទសវត្សរ៍ ដោយ​សម្ព័ន្ធ​មិត្ត​កំណែទ​ម្រង់​និយម​ដឹកនាំ​ដោយ​លោក ម៉ាហាធៀ ម៉ូហាម៉ាដ។

លោក​ម៉ា​ហា​ធៀ ដែល​ដំបូង​បាន​កាន់តំណែង ជានា​យករដ្ឋមន្ត្រី​ពី​ឆ្នាំ ១៩៨១ ដល់​ឆ្នាំ ២០០៣ និង​បាន​ចាក​ចេញ​ពី​ការ​ចូល​និវត្តន៍​នៅ​អាយុ ៩២ ឆ្នាំ​មក​ប្រជែង​តំណែង​ជាមួយ​លោក​ណាជីប បាន​ធ្វើការ​បញ្ជាក់​អះអាង​ថា អតីត​មេ​ដឹកនាំ និង​ក្រុម​មិត្ត​ជិត​ស្និទ្ធ​របស់​លោក​បាន​លួច​លុយ​ពី​មូលនិធិ 1MDB។

តាម​ការចោទប្រកាន់ ទឹកប្រាក់​រាប់ពាន់​លាន​ដុល្លារ ត្រូវបាន​លួច​ចេញពី​មូលនិធិ​នោះ​ជា​ការ​លួច​បន្លំ​តាម​បច្ចេកទេស​ទំនើប និង​បាន​ប្រើប្រាស់​ដើម្បី​ទិញ​សម្ភារ​គ្រប់​បែប​យ៉ាង មាន​ចាប់​ពី​រូប​ចម្លាក់ រហូត​ដល់​អចលនទ្រព្យ​មាន​តម្លៃ​ថ្លៃ​កប់​ពពក​នោះ។

ចាប់តាំងពី លោក ណា​ជីប​ធ្លាក់​ពី​តំណែង​តាម​ការ​រាយការណ៍ ប៉ូលិស​បាន​រឹបអូស​ប្រាក់​យ៉ាង​តិច ២៥ លាន​ដុល្លារ​បូក​នឹង​គ្រឿង​អលង្ការ និង​កាបូប​ដៃ​ជាច្រើន​នៅ​ពេល​វាយ​ឆ្មក់​ទៅ​លើ​ភូមិ​គ្រឹះ​មួយ​ចំនួន​ដែល​ពាក់ព័ន្ធ​នឹង​លោក និង​ភរិយា​របស់​លោក។ លោក​ណាជីប មក​ដល់​ស្នាក់ការ​គណៈកម្មការ​ប្រឆាំង​អំពើ​ពុក​រលួយ ដើម្បី​បំភ្លឺ​អំពី​បញ្ហា​លុយ​កាក់​របស់ 1MDB៕