ក្រុង​ខារទុំៈ ​មេ​ដឹកនាំ​ធ្លាក់​ពី​អំណាច​របស់​ប្រទេស ​ស៊ូដង់​ លោក​ អូមារ​ អាល់-បាសៀរ​ កាល​ពី​ថ្ងៃ​អាទិត្យ​ត្រូវ​បាន​គេ​មើល​ឃើញ​ជា​សាធារណៈ​ជា​លើក​ដំបូង​ ចាប់​តាំង​ពី​ត្រូវ​បាន​គេ​ទម្លាក់​ចេញ​ពី​អំណាច​ ខណៈ​ដែល​លោក​ត្រូវ​បាន​អម​ដំណើរ​​ដោយ​ក្បួន​រថយន្ត​យោធា​ទៅ​កាន់​ការិយាល័យ​រដ្ឋអាជ្ញា​។​

អតីត​បុរស​ខ្លាំង​ ដែល​បាន​គ្រប់គ្រង​អំណាច​នៅ​ប្រទេស​អាហ្រ្វិក​ភាគ​ឦសាន​របស់​លោក​ដោយ​កណ្តាប់​ដៃ​ដែក​អស់​រយៈពេល ​៣ ​ទសវត្សរ៍​ លោក​ត្រូវ​បាន​គេ​ទម្លាក់​ពី​អំណាច​កាល​ពី​ថ្ងៃ​ទី ​១១ ​ខែ ​មេសា​ ក្រោយ​ពី​មាន​ការ​តវ៉ា​អស់​ជា​ច្រើន​ខែ​ ប្រឆាំង​ការ​គ្រប់គ្រង​របស់​លោក​​។​

ស្ថិត​ក្នុង​សម្លៀក​បំពាក់​ប្រពៃណី​អាវផាយ​ដៃ​វែង​ពណ៌​ស​ និង​ជូត​ឈ្នួត ​(កន្សែង​រុំ​ក្បាល​)​ លោក ​បាសៀរ​ ត្រូវ​បាន​អម​ដំណើរ​ការពារ​ដោយ​ក្បួន​រថយន្ត​បំពាក់​អាវុធ​ធុនធ្ងន់​ចេញ​ពី​ពន្ធនាគារ​ Kober ​នៅ​ទីក្រុង​ខារទុំ​ប្រទេស ​ស៊ូដង់​ ទៅ​កាន់​ការិយាល័យ​រដ្ឋអាជ្ញា​ ដែល​ត្រូវ​ប្រឈម​​​ការ​ចោទ​ប្រកាន់​ពី​បទ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​។​

លោក​រដ្ឋអាជ្ញា​ Alaeddin Dafallah​បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ ក្រោយ​ពី​លោក​ បាសៀរ​ ចាកចេញ​ពី​ការិយាល័យ​នោះ​ថា​ លោក​ប្រធានាធិបតី ​បាសៀរ​ ដែល​បាន​ទម្លាក់​ពី​អំណាច​នោះ ​ត្រូវ​បាន​គេ​បញ្ជាក់​អះអាង​ថា ​លោក​កំពុង​ប្រឈម​មុខ​នឹង​ការ​ចោទ​ប្រកាន់​ពី​បទ ​«​កាន់​កាប់​រូបិយវត្ថុ​បរទេស​ ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ និង​ការ​ទទួល​យក​អំណោយ​ផ្សេង​ដោយ​ខុស​ច្បាប់​»​។​

ចំណែក​ឯ​លោក​ឧត្តមសេនីយ៍​ជាន់​ខ្ពស់​ម្នាក់​ មក​ពី​ក្រុមប្រឹក្សា​យោធា​កំពុង​គ្រប់គ្រង​អំណាច​ថ្មី​នៅ​ក្នុង​ប្រទេស​នេះ​ បាន​ប្តេជ្ញា​ចិត្ត​ថា​ ក្រុម​អ្នក​ដែល​បាន​ធ្វើ​ការ​បង្ក្រាប​នៅ​កន្លែង​តវ៉ា​ដែល​បង្ក​ឲ្យ​មនុស្ស​រាប់​សិប​នាក់​ស្លាប់​នោះ​​ នឹង​ត្រូវ​ប្រឈម​មុខ​កាត់​ទោស​ប្រហារ​ជីវិត​ ៕ AFP/SK