ក្រុង​សេអ៊ូលៈ​ អតីត​រដ្ឋមន្ត្រី​បង្រួបបង្រួម​ជាតិ​បាន​ថ្លែង​ថា ​កិច្ច​ចរចា​​កម្រិត​ការងារ​រវាង​អាមេរិក ​និង​កូរ៉េ​ខាង​ជើង​ នឹង​ទំនង​ជា​ចាប់​ផ្តើម​បន្ត ​ក្រោយ​ពី​ការ​ធ្វើ​សមយុទ្ធ​យោធា​រួម ​រវាង​កូរ៉េ​ខាង​ត្បូង​ និង​អាមេរិក ​ដែល​ត្រូវ​​គេ​គ្រោង​ធ្វើ​នោះ​បាន​បញ្ចប់​។​

លោក​ Jeong Se-hyun ​បាន​ធ្វើ​សេចក្តី​ថ្លែងការណ៍​នៅ​ក្នុង​ជំនួប​មួយ​ ជាមួយ​ក្រុម​អ្នក​កាសែត​កាល​ពី​ថ្ងៃ​ពុធ​ថា ​បន្ទាប់​ពី​ការ​ព្រមាន​របស់​ក្រុង​ព្យុងយ៉ាង​កាល​ពី​ដើម​សប្តាហ៍​នេះ​ថា​ កូរ៉េ​ខាង​ជើង​ នឹង​សម្រេច​ចិត្ត​ថា ​តើ​ត្រូវ​បើក​កិច្ច​ពិភាក្សា​កម្រិត​ការងារ​ ក្រោយ​ពី ​«​ធ្វើ​ការ​ឃ្លាំមើល​អំពី​សកម្មភាព​របស់​អាមេរិក​នោះ​» ​ដោយ​បាន​រិះគន់​អំពី​ការ​ធ្វើ​សមយុទ្ធ​យោធា​រួម​របស់​សម្ព័ន្ធមិត្ត ត្រូវ​​បាន​គ្រោង​​ធ្វើ​ឡើង​នៅ​ខែ​ក្រោយ​នេះ​។​

លោក​ Jeong Se-hyun​ ដែល​បាន​បម្រើ​ការងារ​ជា​រដ្ឋមន្ត្រី​បង្រួបបង្រួម​​ ចាប់​ពី​ឆ្នាំ ​២០០២​-២០០៤​ បាន​ថ្លែង​ថា​ កូរ៉េ​ខាង​ជើង​ នឹង​មិន​ចង់​ឲ្យ​បាក់​មុខ​ដោយសារ​តែ​ការ​អង្គុយ​ទល់​មុខ​គ្នា​ជាមួយ​អាមេរិក​ នៅ​ពេល​ដែល​ខ្លួន​បាន​ព្រលយ​ពាក្យ​ធ្វើ​ពហិការ​មិន​ចូល​ប្រជុំ​កម្រិត​ការងារ​ជុំវិញ​បញ្ហា​ធ្វើ​សមយុទ្ធ​នោះ​។​

លោក​ Jeong Se-hyun​ ​បាន​ថ្លែង​នៅ​ក្រុង​វ៉ាស៊ីនតោន​ថា​៖ «​វា​ហាក់​បី​ដូច​ជា​យើង​មិន​មាន​បំណង​​កាត់​បន្ថយ​ ​(​សមយុទ្ធ​រួម​នោះ​) ​ដូច្នេះ​ខ្ញុំ​សន្និដ្ឋាន​ថា ​ការ​ចរចា​កម្រិត​ការងារ​រវាង​ភាគី​ទាំង ​២ នឹង​ត្រូវ​បាន​រៀបចំ​ធ្វើ​ឡើង​យ៉ាង​ហោច​ណាស់ ​ក្រោយ​ពី​សមយុទ្ធ​នោះ​ចប់​»​។​​

ការ​ចាប់​ផ្តើម​បន្ត​កិច្ច​ពិភាក្សា​កម្រិត​ការងារ​រវាង​ប្រទេស​ទាំង ​២​ ត្រូវ​បាន​ឯកភាព​ដោយ​លោក​ប្រធានាធិបតី​អាមេរិក ​ដូណាល់​ ត្រាំ​ និង​មេ​ដឹកនាំ​កូរ៉េ​ខាង​ជើង ​លោក ​គីម​ ជុងអ៊ុន​ នៅ​អំឡុង​ពេល​ជំនួប​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​របស់​ពួក​គេ​នៅ​ភូមិ​ផាន់ម៉ាន់​ជុំ​នៅ​តាម​ព្រំដែន​អន្តរ​កូរ៉េ​កាល​ពី​ថ្ងៃ​ទី ​៣០​ ខែ ​មិថុនា៕ Yonhap/SK