ក្រុង​សេអ៊ូល៖ យោង​តាម​របាយការណ៍​កូរ៉េ​ខាង​ជើង​បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​អាទិត្យ​ថា ​លោក​ Ri Su-yong ​ជា​អតីត​រដ្ឋមន្ត្រី​ការ​បរទេស​កូរ៉េ​ខាង​ជើង​​ ​និង​អនុ​ប្រធាន​គណៈកម្មាធិការ​មជ្ឈិម​បក្ស​របស់​គណបក្ស​ពលករ​កំពុង​គ្រប់គ្រង​អំណាច​ និង​ក្រុម​មន្ត្រី ​៤ ​រូប​ផ្សេង​ទៀត​​ ហាក់​បី​ដូច​ជា​ត្រូវ​បាន​ផ្លាស់ប្តូរ​តំណែង​នៅ​ក្នុង​កិច្ច​ប្រជុំ​​គណបក្ស​ពេញ​អង្គ​កាល​ពី​ពេល​ថ្មីៗ​នេះ​។​

កាល​ពី​ថ្ងៃ​ទី ​១ ​ខែ​មករា​ កូរ៉េ​ខាង​ជើង​បាន​ប្រកាស​អំពី​ការ​ផ្លាស់ប្តូរ​តំណែង​បុគ្គលិក​បក្ស​សំខាន់ៗ​របស់​ខ្លួន​ ដែល​បាន​ប្រកាស​លទ្ធផល​អំពី​កិច្ច​ប្រជុំ​ពេញ​អង្គ​រយៈពេល ​៤ ​ថ្ងៃ ​​ដោយ​គណៈកម្មាធិការ​មជ្ឈិម​របស់​គណបក្ស​ពលករ​ដែល​កំពុង​គ្រប់គ្រង​អំណាច​។​

ប៉ុន្តែ​បញ្ជី​ឈ្មោះ​របស់​ក្រុម​អ្នក​ដែល​ស្ថិត​នៅ​ក្នុង​ការ​ផ្លាស់ប្តូរ​នោះ​ មិន​ត្រូវ​ផ្សព្វផ្សាយ​ឲ្យ​ដឹង​នៅ​ពេល​​នោះ​ទេ​។​

ខ្លឹមសារ​លម្អិត​នៃ​ការ​រៀបចំ​កិច្ច​ប្រជុំ​បក្ស​កាល​ពី​ពេល​ថ្មី​ៗ​នេះ​បាន​ធ្វើ​ឡើង​ ដើម្បី​ឆ្លុះ​បញ្ចាំង​ជាមួយ​ការ​បង្ហាញ​របស់​កូរ៉េ​ខាង​ជើង​កាល​ពី​ថ្ងៃ​សៅរ៍​ អំពី​សមាជិកភាព​របស់​ក្រុម​ថ្នាក់​ដឹកនាំ​គណៈកម្មាធិការ​ជើង​ខ្លាំង​ទាំង ​៧០ ​រូប​ ដើម្បី​ប្រារព្ធ​ពិធី​បុណ្យ​សព​យុទ្ធជន​ម្នាក់​ក្នុង​ចំណោម​យុទ្ធជន​ទាមទារ​ឯករាជ្យ​ និង​ក្រុម​វីរបុរស​របស់​ប្រទេស​មួយ​នេះ​។​

យោង​តាម​បញ្ជី​ឈ្មោះ​នោះ​ អនុ​ប្រធាន ​៥ ​រូប ​នៅ​ក្នុង​ចំណោម​អនុ​ប្រធាន​ទាំង ១២ ​រូប ​របស់​គណៈកម្មាធិការ​មជ្ឈិម​បក្ស​ នៅ​ក្នុង​នោះ​​លោក​ Ri Su-yong ​មិន​មាន​ឈ្មោះ​នៅ​​ក្នុង​បញ្ជី​នោះ​ទេ​ ដោយ​បាន​បង្ហាញ​ថា​ ពួក​គេ​លែង​ស្ថិត​នៅ​ក្នុង​តំណែង​របស់​ពួក​គេ​ទៀត​ហើយ​។​

ក្រៅ​ពី​លោក​ Ri Su-yong ​គឺ​លោក​ Pak Kwang-ho ​ជា​អនុ​ប្រធាន​គណបក្ស​ និង​ប្រធាន​ក្រសួង​ត្រួត​ពិនិត្យ​ និង​ឃោសនាការ​របស់​គណបក្ស​ពលករ​ដែល​កំពុង​គ្រប់គ្រង​អំណាច​មួយ​នេះ​ក៏​ត្រូវ​បាន​គេ​ផ្លាស់​ប្តូរ​ផង​ដែរ​៕ Yonha