ក្រុង​មុមបៃ: ​ក្រុម​អ្នក​ស៊ើប​អង្កេត​បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ពុធ​ថា ក្រុម​ប៉ូលិស​សហ​ព័ន្ធ​របស់​ឥណ្ឌា​​បាន​ចាប់​ខ្លួន​​ ៦​ នាក់​រួម​ទាំង​ក្រុម​បុគ្គលិក​របស់​មហាសេដ្ឋី​គ្រឿង​អលង្ការ​​ម្នាក់​ ខណៈ​ការ​ស៊ើប​អង្កេត អំពី​ករណី​មួយ​ក្នុង​ចំណោម​ករណី​ការ ក្លែង ឯកសារ​លុយ​ធនា គារ​ដ៏​ធំ​ជាង​គេ​បំផុត​នៅ​ក្នុង​ប្រទេស​នេះ​។​

ការិយាល័យ​ស៊ើប​អង្កេត​កណ្តាល ​(CBI)​ កំពុង​ធ្វើ​ការ​ស្រាវ​ជ្រាវ​និង​ស៊ើប​អង្កេត​អំពី​បទ​ចោទ​ប្រកាន់​នានា​ថា​ លោក​ Nirav​ Modi ​ជា​ង​សំ​អាង​គ្រឿង​អលង្ការ​ឲ្យ​ក្រុម​តារា​ហូលី​វូដ​ (Hollywood)​ រួម​ទាំង​នាង​ Kate​ Winslet ​និង​នាង ​Naomi ​Watts​ ជាប់​ពាក់​ព័ន្ធ​រឿង​អាស្រូវ​បញ្ហា​ការ​ក្លែង​បន្លំ​លុយ​ធនាគារ​រដ្ឋ​ធំ​ជាង​គេ​ទី​ពីរ​នៅ​ក្នុង​ប្រទេស​ឥណ្ឌា​​ជិត​ ១,​៨​ ពាន់​លាន​ដុល្លារ​។​

លោក​ Modi​ និង​ ឪពុក​មា​របស់​លោក​ ព្រម​ទាំង​ដៃ​គូ​ពាណិជ្ជ​កម្ម​លោក ​Mehul ​Choksi ​ជា​ពាណិជ្ជ​ករ​លក់​គ្រឿង​ពេជ្រ​ម្នាក់​ត្រូវ​បាន​ក្រុម​អ្នក​ស៊ើប​អង្កេត​ចោទ​ប្រកាន់​ពី​បទ​ក្លែង​បន្លំ​លុយ​ ៤៣,​៨​ លាន​ដុល្លារ​ ស្មើ​ ២,​៨​ ពាន់​លាន​រូពី​ពី​ធនា​គារ​ជាតិ​ពុន​ចាប ​(Punjab ​National​ Bank)​ ជា​ផ្នែក​នៃ​ការ​បាត់​បង់​ទាំង​ស្រុង។​

ក្រុម ​CBI ​បាន​បើក​ការ​វាយ​ឆ្មក់​លើ​ក្រុម​អាជីវ​ករ​លក់​គ្រឿង​ពេជ្រ​ប្រណីត ​និង ​អចលន​ទ្រព្យ​ដែល​ពាក់​ព័ន្ធ​ជាមួយ​អ្នក​ទាំង​ពីរ​រូប​នេះ​ និង ​បាន​ទាក់​ទង​ក្រុម​ប៉ូលិស​អន្តរ​ជាតិ ​(Interpol)​ ដើម្បី​តាម​ដាន ​លោក ​Modi ​ដែល​ត្រូវ​បាន​គេ​ជឿ​ថា កំពុង​ស្ថិត​នៅ​ក្រៅ​ប្រទេស​។​

ក្រុម​អ្នក​​ស៊ើប​អង្កេត​បាន​ឲ្យ​ដឹង​ថា ​ក្រុម​បក្ស​ពួក​ជាន់​ខ្ពស់​ពី​ក្រុម​ហ៊ុន ​Firestar​ Diamond​ company​ របស់​លោក ​Modi​ និង​ក្រុម​ហ៊ុន ​Gitanjali ​group​របស់​លោក ​Choksi​ ស្ថិត​ក្នុង​ចំណោម​ក្រុម​ជន​ដែល​បាន​​ជាប់​ឃុំ​ខ្លួន​អំឡុង​ការ​ចាប់​ខ្លួន​នា​ពេល​ថ្មី​ៗ​បំផុត​កាល​ពី​ល្ងាច​ថ្ងៃ​អង្គារ​។​

អ្នក​នាំ​ពាក្យ ​CBI ​លោក​ Abhishek​ Dayal​ បាន​ថ្លែង​ប្រាប់ ​AFP ​ថា៖​«​ពួក​យើង​បាន​ចាប់​ខ្លួន​មនុស្ស​៥​នាក់​ជាប់​ពាក់​ព័ន្ធ​ជា​មួយ​ក្រុម​ហ៊ុន​របស់​លោក ​Nirav​ Modi ​និង​លោក ​Mehul ​Choksi ​ហើយ​​ពួក​គេ​នឹង​ត្រូវ​បាន​បញ្ជូន​ឲ្យ​មក​កាត់​ទោស​នៅ​ក្នុង​តុលា​ការ​ CBI​ នៅ​ថ្ងៃ​នេះ​»​។​

លោក​បាន​ថ្លែង​ថា ​អ្នក​ចាត់​ការ​ទូទៅ​របស់​ធនា​គារ​សាខា​នៅ​ក្នុង​ទី​ក្រុង​មុមបៃ​ ជា​ទី​កន្លែង​ដែល​​បទ​ចោទ​​ប្រកាន់​​ពី​​ការ​​ក្លែង​​បន្លំ​​លុយ​ធនាគារ​បាន​កើត​ឡើង​​ក៏​ត្រូវ​បាន​គេ​ចាប់​ឃុំ​ខ្លួន​និង​ត្រូវ​ប្រ​ឈម​ជា​មួយ​ការ​កាត់​ទោស​ពី​តុលា​ការ​នៅ​ថ្ងៃ​ពុធ។​

លោក​ Dayal ​បាន​ថ្លែង​ថា៖​«​យើង​នឹង​ធ្វើ​ជា​សាក្សី​ចំពោះ​លទ្ធ​ផល​ស៊ើប​អង្កេត​របស់​យើង​នៅ​ចំពោះ​មុខ​តុលា​ការ​»​។​

ក្រុម​CBI​បាន​ចាប់​ខ្លួន​ក្រុម​មន្ត្រី​​និង​ក្រុម​​បុគ្គលិក​ធនាគារ​ ១២ នាក់​ជាប់​ពាក់​​ព័ន្ធ​មហា​សេដ្ឋី​គ្រឿង​អលង្ការ​រូប​នេះ​។​

ចាប់​​តាំង​​ពី​ធនាគារ​ PNB ​បាន​ប្រកាស​កាល​ពី​សប្តាហ៍​មុន​ថា ​ខ្លួន​​បាន​​ស៊ើ​ប​អង្កេត​ករ​ណី​​ក្លែង​​បន្លំ​លុយ​ជិត ​១,​៨​​​ ពាន់​លាន​ដុល្លារ​នៅ​ធនា​គារ​សាខា​ក្នុង​ទី​ក្រុង ​​មុម​បៃ​។​

ក្រុម​អ្នក​ស៊ើប​អង្កេត​បាន​ថ្លែង​ថា ​ក្រុម​ជន​ជា​ច្រើន​នាក់​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ជាប់​សង្ស័យ​​ពី​​បទ​​សម្រប​សម្រួល​​គណនីយ៍​​ធនាគារ​​ក្លែង​​ក្លាយ​​ជា​ច្រើន​ទៅ​ឲ្យ​ក្រុម​ហ៊ុន​នានា​ដែល​ពាក់​ព័ន្ធ​ជា​មួយ​លោក Modi ​និង ​លោក Choksi​៕ AFP/ SN