ក្រុង​គុ​រ៉ាស៊ី​គីៈ នាយក​រដ្ឋមន្ត្រី​ជប៉ុន​លោក​ស៊ីន​ហ្សូ អា​បេ​កាលពី​ថ្ងៃ​ពុធ បាន​ធ្វើ​ដំណើរ​ទៅ​កាន់​តំបន់​មួយ​នៃ​តំបន់​ជាច្រើន​ដែល​ប៉ះពាល់​ដោយ ទឹកជំនន់ ខណៈ​ចំនួន​អ្នក​ស្លាប់​បាន​កើន​ឡើង​ដល់ ១៧៩ នាក់​និង​អ្នក​ត្រូវ​គេ​ជម្លៀស​រាប់ពាន់​នាក់ ជាប់​តែល​តោល​នៅ​ក្នុង​ជម្រក។

លោក​អា​បេ ដែល​បាន​លុបចោល​ដំណើរ​ទស្សនកិច្ច​ទៅ​បរទេស​សម្រាប់​សប្តាហ៍​នេះ​ខណៈ​គ្រោះ​មហន្តរាយ​ទឹក​ជំនន់​បង្ក​ការ​ខូចខាត​ទ្រព្យសម្បត្តិ​យ៉ាង​ច្រើន ដោយសារ​លោក​ទៅ​ទស្សនកិច្ច​នៅ​តំបន់​អូកាយ៉ាម៉ា ដែល​ញាំញី​ដោយ​ទឹក​ជំនន់ ដើម្បី​មើល​ពី​ទំហំ​នៃ​ការ​ខូចខាត​ជាក់​ស្តែង។

ដោយ​មនុស្ស​រាប់សិប​នាក់​ត្រូវបាន​គេ​រាយការណ៍​ថា នៅ​បាត់​ខ្លួន​នៅឡើយ ចំនួន​អ្នកស្លាប់​បណ្តាល​មក​ពី​មហន្តរាយ​ទាក់ទង​ទៅ​នឹង​អាកាសធាតុ​អាក្រក់​បំផុត​នៅ​ជប៉ុន​ក្នុង​រយៈពេល​ជាង ៣ ទសវត្សរ៍​នេះ ត្រូវ​បាន​គេ​រំពឹង​ទុក​ថា នឹង​កើន​ឡើង​ថែម​ទៀត។

កាលពី​ថ្ងៃ​ពុធ ក្រុម​អ្នក​ជួយសង្រ្គោះ នៅតែ​ជីក​កកាយ​រក​មនុ​ស្សបាត់​ខ្លួន ក្រោយពី​ទឹកជំនន់ និង​បាក់​ដី​ដែល​បាន​ធ្វើ​ឲ្យ​តំបន់​ជាច្រើន​ខូចខាត ប៉ុន្តែ​ក្តី​សង្ឃឹម​ថា អ្នក​នៅ​រស់​ថ្មី​ផ្សេង​ទៀត​អាច​ត្រូវ​រក​ឃើញ​នោះ បាន​ថយ​ចុះ។

លោក​អា​បេ គ្រោង​ជិះ​យន្តហោះ​ពី​ខាងលើ​ស្រុក Mabi ដើម្បី​មើល​ពី​ទំហំ​នៃ​ការ​ខូចខាត និង​ជួប​ជាមួយ​ក្រុម​អ្នក​ដែល​ត្រូវ​បាន​គេ​ជម្លៀស និង​មន្ត្រី​តំបន់​ដើម្បី​ពិភាក្សា​ពី​តម្រូវការ​របស់​ពួកគេ៕