ក្រុង​អែល​កូៈ ​ប្រធានា​ធិបតី​អាមេរិក​លោក​ ដូ​ណាល់​ ត្រាំ ​កាល​ពី​ថ្ងៃ​សៅរ៍​ បាន​ថ្លែង​ថា​ អា​មេ​រិក ​មា​ន​គម្រោង​ដក​ខ្លួន​ចេញ​ពី​កិច្ច​ព្រម​ព្រៀង​នុយ​ក្លេ​អ៊ែរ​ជា​ប្រវត្តិ​សាស្ត្រ​ជា​មួយ​រុស្ស៊ី​ជុំ​វិញ​ការ​អះ​អា​ង​ថា​ ក្រុង​ម៉ូស្គូ ​រំលោភ​លើ​កិច្ច​ព្រម​ព្រៀង​នេះ​។

សន្ធិ​សញ្ញា​កម្លាំង​នុយ​ក្លេ​អ៊ែរ​ចម្ងាយ​មធ្យម​មាន​អាយុ​បី​ទស​វត្សរ៍​ ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា INF​ត្រូវ​បាន​ចុះ​ហត្ថ​លេខា​ ដោយ​ប្រធានា​ធិបតី​រូណាល់ ​រីហ្គែន​ (Ronald Reagan)។​

លោក​ត្រាំ​ បាន​ថ្លែង​ប្រាប់​ក្រុម​អ្នក​កាសែត​នៅ​ក្នុង​ក្រុង​អែល​កូ៖​«យើង​ គឺ​ជា​អ្នក​ដែល​បន្ត​នៅ​ក្នុង​កិច្ច​ព្រម​ព្រៀង​នេះ ​ហើយ​យើង​ បាន​គោរព​តាម​កិច្ច​ព្រម​ព្រៀង​នេះ​ ប៉ុន្តែ​រុស្ស៊ី​មិន​បាន​គោ​រព​តាម​​កិច្ច​ព្រម​ព្រៀង​នោះ​ទេ ​ដូច្នេះ​យើង​ នឹង​បញ្ចប់​កិច្ច​ព្រម​ព្រៀង​នោះ​ ហើយ​យើង​នឹង​ដក​ខ្លួន​ចេញ»។

លោក​បាន​បន្ត​ថា៖​«រុស្ស៊ី​ បាន​រំលោភ​លើកិច្ច​ព្រម​ព្រៀង​នេះ។ ​ពួក​គេ ​បាន​រំលោភ​លើ​កិច្ច​ព្រម​ព្រៀង​នេះ​ច្រើន​ឆ្នាំ​ហើយ។ ខ្ញុំ​មិន​ដឹង​ថា ​ហេតុ​អ្វី​បាន​ជា​លោក​ប្រធានា​ធិបតី​ បារ៉ាក់​ អូបាម៉ា​ មិន​បាន​ចរ​ចា​ ឬ ដកខ្លួន​ចេញ​នោះ»៕ PSA