ក្រុង​វ៉ាស៊ីនតោន៖ ​កាសែត​វ៉លស្ទ្រីត​​ជឺណល​បាន​រាយការណ៍​កាល​ពី​ថ្ងៃ​ពុធ​ថា​ អាមេរិក​កំពុង​ពិចារណា​​​ពី​ការ​បញ្ជូន​ទាហាន ​១៤ ពាន់​​នាក់​បន្ថែម​ទៀត ​ទៅ​មជ្ឈិមបូព៌ា​នៅ​ក្នុង​ការ​ប្រឈម​មុខ​ទៅ​នឹង​​ការ​គំរាម​កំហែង​ដោយ​ផ្ទាល់​ពី​អ៊ីរ៉ង់​។​

កាសែត​វ៉លស្ទ្រីត​ជឺណល​បាន​ឲ្យ​ដឹង​ថា ​ការ​ពិចារណា​ដាក់​ពង្រាយ​​​រួមមាន​នាវា​ចម្បាំង ​«​រាប់​សិប​គ្រឿង​» ​និង​កងកម្លាំង​មួយ​ចំនួន​ធំ​ច្រើន​ជាង​ទ្វេ​ដង​ បន្ថែម​ទៅ​នឹង​កង​កម្លាំង​អាមេរិក​ ដែល​មាន​ស្រាប់​នៅ​ក្នុង​តំបន់​ចាប់​តាំង​ពី​ដើម​ឆ្នាំ ​២០១៩ ​នេះ​ ដោយ​បាន​លើក​ឡើង​មិន​បញ្ចេញ​ឈ្មោះ​របស់​ក្រុម​មន្ត្រី​អាមេរិក​ផង​ដែរ​។​

កាសែត​នោះ​បាន​បន្ថែម​ថា​ ប្រធានាធិបតី​អាមេរិក​ លោក​ ដូណាល់ ​ត្រាំ ​​អាច​ធ្វើ​ការ​សម្រេច​ចិត្ត​មួយ​អំពី​ការ​បង្កើន​កងកម្លាំង​បន្ថែម​ទៀត​​​នៅ​ពេល​ឆាប់ៗ​នៅ​ក្នុង​ខែ​ធ្នូ​នេះ​។​

អ្នក​នាំពាក្យ​របស់​មន្ទីរ​បញ្ចកោណ​បាន​បដិសេធ​មិន​​ធ្វើ​អត្ថាធិប្បាយ​អំពី​របាយការណ៍​នោះ​ទៅ​កាន់​កាសែត ​AFP ​​ទេ​។​

វិធាន​នោះ ​បាន​កើត​ឡើង ​ក្រោយ​ពី​មាន​ការ​វាយ​ប្រហារ​ជា​បន្តបន្ទាប់​ទៅ​លើ​នាវា​ដឹក​ប្រេង​ជា​ច្រើន​គ្រឿង​ យន្តហោះ​ដ្រូន ​និង​ការ​វាយ​ប្រហារ​មីស៊ីល ​ទៅ​លើ​រោងចក្រ​ផលិត​ប្រេង​របស់​អារ៉ាប៊ី​ សាអ៊ូឌីត ​កាល​ពី​ខែ​កញ្ញា ​ដែល​បាន​ស្តី​បន្ទោស​ទៅ​លើ​អ៊ីរ៉ង់​នោះ​។​

ក្រុង​វ៉ាស៊ីនតោន​ បាន​បង្កើន​ការ​ដាក់​សម្ពាធ​យោធា​របស់​ខ្លួន​នៅ​ក្នុង​តំបន់​ឈូង​សមុទ្រ​​ ហើយ​បាន​បង្កើន​​ការ​ដាក់​សម្ពាធ​សេដ្ឋកិច្ច​ទៅ​លើ​ប្រទេស ​អ៊ីរ៉ង់​ ដោយ​បាន​ធ្វើ​ឲ្យ​មាន​ភាព​តានតឹង​កាន់​តែ​ខ្លាំង​ឡើង​នៅ​ទូទាំង​តំបន់​មាន​ជម្លោះ​។​

កាល​ពី​ពាក់​កណ្តាល​ខែ​វិច្ឆិកា​ នាវា​ផ្ទុក​យន្តហោះ ​US​ អាប្រាហាំ លីនខន​ បាន​ឆ្លង​កាត់​ច្រក​សមុទ្រ​ហ៊ូរ​ម៉ាស់​ ជា​ការ​បង្ហាញ​សាច់​ដុំ​របស់​ខ្លួន​​៕AFP/SK