ក្រុងវ៉ាស៊ីនតោន: ប្រធានាធិបតី ដូណាល់ ត្រាំ បានប្រឈមជាមួយសេចក្តីសម្រេចមួយស្តីអំពីលទ្ធភាពការវាយប្រហារលើស៊ីរី និងការប្រឈមការប៉ះទង្គិចគ្នាជាមួយសម្ព័ន្ធមិត្តក្រុងដាម៉ាសគឺរុស្ស៊ី បន្ទាប់ពីក្រុមរដ្ឋសមាជិកអង្គការសហប្រជាជាតិ កាលពីថ្ងៃអង្គារ មិនបានឯកភាពគ្នាលើវិធានការដើម្បីធ្វើការស៊ើបអង្កេតអំពីការវាយប្រហារអាវុធគីមីនៅក្នុងប្រទេស ដែលរងការបំផ្លិចបំផ្លាញដោយសារសង្គ្រាមនេះ។
មេដឹកនាំអាមេរិករូបនេះ បានបញ្ជាក់យ៉ាងច្បាស់ថា លោកគ្រោងធ្វើឲ្យលោក បាសារ អាល់អាសាដ និងក្រុមអ្នកគាំទ្ររុស្ស៊ីនិងអ៊ីរ៉ង់របស់មេដឹកនាំរបបនេះ ធ្វើការសងការខូចខាតចំពោះបទចោទប្រកាន់អំពើសាហាវឃោរឃៅដោយប្រើប្រាស់ឧស្ម័នជាតិពុលនាពេលថ្មីៗបំផុតនៅក្នុងសង្គ្រាមស៊ីវិលនៅស៊ីរី។
ប៉ុន្តែ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ មិនបានធ្វើការឯកភាពគ្នាលើវិធានការឆ្លើយតបជាសកលទៅនឹងឧប្បត្តិហេតុនៃការវាយប្រហារនោះ បន្ទាប់ពីក្រុងវ៉ាស៊ីនតោន និងក្រុងម៉ូស្គូបានប្រឆាំងចំពោះ ញត្តិប្រកបដោយចម្រូងចម្រាសរបស់គ្នាទៅវិញទៅមកដើម្បីបង្កើតការស៊ើបអង្កេតជាអន្តរជាតិមួយស្តីអំពីបញ្ហានៃការប្រើប្រាស់អាវុធគីមីអំឡុងជម្លោះអូសបន្លាយរយៈពេល ៧ ឆ្នាំនៅស៊ីរីនេះ។
យោងតាមប្រភពព័ត៌មានពីក្រុមជួយសង្គ្រោះ បានឲ្យដឹងថា កាលពីថ្ងៃសៅរ៍ មនុស្សជាង ៤០ នាក់ បានស្លាប់នៅក្នុងទីប្រជុំជនដូម៉ា ត្រួតត្រានៅក្នុងតំបន់ជាយក្រុងដាម៉ាសនៅក្នុងការវាយប្រហារដោយអាវុធគីមីដែលតាមការចោទប្រកាន់នោះ បានបណ្តាលឲ្យក្រុមជនរងគ្រោះដល់ការដកដង្ហើមតឹងៗ ជាមួយនឹងមានប្រែពណ៌នៅលើស្បែក និងបែកពពុះមាត់។
អាមេរិក អង់គ្លេស និង បារាំង បានលើកឡើងថា ការវាយប្រហារតាមការចោទប្រកាន់នេះ មានលក្ខណៈជាការវាយប្រហារមួយ ដែលត្រូវបានបញ្ជាដោយរបបរបស់សម្ព័ន្ធមិត្តរុស្ស៊ី គឺ លោកអាសាដ ដែលត្រូវបានចោទប្រកាន់ពីបទធ្វើការវាយប្រហារលើកមុនៗ ដោយអង្គការហាមប្រាមការប្រើប្រាស់អាវុធគីមី (OPCW)។
លោកត្រាំបានថ្លែងថា លោកអាសាដ និងប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន ទំនងជាត្រូវ «សងការបង់ខាតដ៏ធំធេង» ចំពោះទង្វើរបស់ខ្លួន ដែលតាមការចោទប្រកាន់នេះ និង ដែល អគ្គរដ្ឋទូតរបស់ក្រុងវ៉ាស៊ីនតោនប្រចាំនៅអង្គការសហប្រជាជាតិ លោកស្រី នីកគី ហាលី បានធ្វើការបញ្ជាក់ថា ការមិនបានទទួលបានការបោះឆ្នោតគាំទ្រពីក្រុមប្រឹក្សាសន្តិសុខ នឹងមិនអាចជាឧបសគ្គដល់អាមេរិក និងក្រុមរដ្ឋសម្ព័ន្ធមិត្តរបស់ខ្លួនឡើយ។
លោកស្រី បានថ្លែងថា៖ «រុស្ស៊ីបានបំផ្លាញទំនុកចិត្តរបស់ក្រុមប្រឹក្សា»។ «ពេលណាក៏ដោយដែលយើងបានស្នើឡើងនូវអ្វីមួយ ដែលមានន័យចំពោះបញ្ហានានាពាក់ព័ន្ធនឹងស៊ីរី រុស្ស៊ី តែងតែឈរជំទាស់ជានិច្ច។ វាគឺជាការសើចចំអកមួយ»។
លោកស្រី ហាលី បានទាត់ចោលសេចក្តីព្រាងនៃសេចក្តីសម្រេចរបស់រុស្ស៊ីជា «អ្វីៗទាំងអស់ធ្វើឡើង ដើម្បីការពាររបបលោកអាសាដ» ដោយសារតែបញ្ញត្តិ ដែលមានចែងនានា ដែលបានតម្រូវឲ្យក្រុមប្រឹក្សាសន្តិសុខ ធ្វើការអនុម័តឯកភាពលើរបកគំហើញរបស់ខ្លួន។ ម្យ៉ាងវិញទៀត ការផ្តល់សិទ្ធិវ៉េតូដល់រុស្ស៊ីជុំវិញការប៉ុនប៉ងបែបណាមួយ ដើម្បីបែងចែកការទទួលខុសត្រូវចំពោះអំពើឧក្រិដ្ឋមួយនេះ។
ជាការឆ្លើយតប រុស្ស៊ីបានប្រើប្រាស់សិទ្ធិជំទាស់ (សិទ្ធិវ៉េតូ) របស់ខ្លួន ដើម្បីជំទាស់ចំពោះញត្តិសំណើ ដែលគាំទ្រដោយអាមេរិក ដែលបានបង្កើតឡើងយន្តការស៊ើបអង្កេតរួមជាអន្តរជាតិ (JIM) ដើម្បីបើកការស៊ើបអង្កេតអំពីការវាយប្រហារដោយអាវុធគីមីនៅក្នុងទឹកដីស៊ីរី និងតាមស្វែងរកកំណត់ភិនភាគក្រុមឧក្រិដ្ឋជនអ្នកប្រព្រឹត្តនូវទង្វើអាក្រក់នេះ។
អគ្គរដ្ឋទូតរុស្ស៊ី ប្រចាំនៅអ.ស.ប. លោក Vassily Nebenzia បានចោទប្រកាន់លោកស្រី ហាលី ពីការស្វែងរកឆ្នោតគាំទ្រដើម្បីជួយបិទបាំងការវាយប្រហារដោយយោធារបស់ប្រទេសលោកខាងលិចលើរបបស៊ីរី៕