បុរី​ញូវយ៉កៈ អាមេរិក និង​ប្រទេស ៨ ផ្សេងទៀត​កាលពី ថ្ងៃ​អង្គារ បាន​ស្នើ​ឲ្យ​មាន​ជំនួប​នៅ​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជាជាតិ​ស្តី​ពី​ប្រទេស​មីយ៉ាន់ម៉ា ដើម្បី​ទទួល​បាន​ដំណឹង​ពី​បេសក​កម្ម​ស្វែងរក ការ​ពិត​របស់ អ.ស.ប ដែល​បាន​ចោទ​ប្រកាន់​យោធា​របស់​ប្រទេស​នេះ ពី​បទ​ប្រព្រឹត្ត​អំពើ សាហាវ​ព្រៃ​ផ្សៃ​ទៅ​លើ​ក្រុម​ជន​មូស្លីម​រ៉ូហ៊ីងយ៉ា។

សំណើ​នោះ​ទំនងជា​ត្រូវ​ប្រឆាំង​ជំទាស់​ពី​ប្រទេស​ចិន​ដែលមាន​ទំនាក់ទំនង​ជិត​ស្និទ្ធ​ជាមួយ​យោធា​មីយ៉ាន់ម៉ា និង​បាន​ខិតខំ​ស្វះ​ស្វែង​រក​ការ​រាំង​ខ្ទប់​ប្រទេស​មីយ៉ាន់ម៉ា​ពី​ចំណាត់​ការ​របស់​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជា​ជាតិ។

នៅក្នុង​លិខិត​រួមមួយ​ដែល AFP បានឃើញ​នោះ ប្រទេស​ទាំង ៩ បាន​និយាយថា ប្រធាន​បេសកកម្ម​នេះ គួរ​តែ​ផ្តល់​ព័ត៌មាន​លម្អិត​ដល់​ក្រុម​ប្រឹក្សា​នេះ​ដើម្បី​អនុញ្ញាត​ឲ្យ​ទទួល​បាន​ព័ត៌មាន​បន្ថែម ទាក់​ទង​នឹង​ស្ថាន​ការណ៍​នេះ និង​ភាព​ស្មុគ​ស្មាញ​ចំពោះ​សន្តិភាព និង​សន្តិសុខ​អន្តរជាតិ។

បេសកកម្ម​ស្វែងរក​ការពិត​នេះ បានចេញ​របាយការណ៍​មួយ​កាលពី​ខែ​មុន ដែល​បាន​អំពាវនាវ​ក្រុម​ប្រឹក្សា​នេះ ឲ្យ​បង្វែរ​ស្ថាន​ការណ៍​នៅ​ប្រទេស មីយ៉ាន់ម៉ា​ទៅ​តុលាការ​ឧក្រិដ្ឋ​កម្ម​អន្តរជាតិ (ICC) នៅ​ក្នុង ទីក្រុង​ឡាអេ ឬក៏​បង្កើត​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ​មួយ​ដូច​អតីត​យូហ្គោស្លាវី។

លោក​ Fillippo Grandi (ឆ្វេងទី ២) ទស្សនកិច្ចជំរំជនភៀស​ខ្លួន​ Kutupalong។ AFP

បេសកកម្ម​ស្វែងរក​ការពិត​បាន​និយាយ​ទៀង​ថា ក្រុមឧ​ត្ត​ម​សេនីយ៍​ជាន់ខ្ពស់​របស់​មី​យ៉ាន់ម៉ា នៅ​ក្នុង​នោះ​មាន​លោក​អគ្គមេ​បញ្ជាការ Min Aung Hlaing ត្រូវ​តែ​បាន​ស៊ើប​អង្កេត និង​ការ​កាត់​ទោស​ចំពោះ​អំពើ​ប្រល័យ​ពូជ​សាសន៍ នៅ​ក្នុង​រដ្ឋ​រ៉ាក់ឃីន។

មី​យ៉ាន់​ម៉ា បាន​ទាត់ចោល​ការចោទប្រកាន់​ទាំងនោះ​ថា​យោធា​របស់ខ្លួន មិនបាន ប្រព្រឹត្ត​អំពើ​សាហាវ​ព្រៃ​ផ្សៃ នៅ​ក្នុង​ការ​បង្ក្រាប​កាល​ពី​ឆ្នាំ ២០១៧ ដែល​បាន​បង្ខំ​ឲ្យ​ជន​រ៉ូហ៊ីងយ៉ាង​ជាង ៧០ ម៉ឺន​នាក់​ភៀស​ខ្លួន​ឆ្លង​ព្រំដែន​ចូល​ទៅ​ប្រទេស​បង់ក្លាដែស​ទេ។

នៅក្នុង​លិខិត​ដាច់​ដោយឡែក ១ ទៀត ដែល​ត្រូវ​ផ្ញើជូន​ក្រុមប្រឹក្សា​នេះ ឯកអគ្គ​រដ្ឋទូត​មីយ៉ាន់ម៉ា លោក Hau Do Suan បាន​ថ្លែង​ថា រដ្ឋាភិបាល​របស់​លោក​បាន​ប្រឆាំង​ជំទាស់​ជា​ដាច់​ខាត​ចំពោះ​សំណើ​ដើម្បី​ទទួល​បាន​ព័ត៌មាន​ពី​បេស​កកម្ម​ស្វែង​រក​ការ​ពិត​នោះ។

ការគាំទ្រ​ពី​ប្រទេស​ទាំង ៩ ចំពោះ​សំណើ​នោះ​មានន័យថា​ចិន​នឹង​ទំនងជា​បរាជ័យ​ក្នុងការ​រាំង​ខ្ទប់​មិន​ឲ្យ​មាន​ជំនួប​នោះ​តាមរយៈ​ការ​បោះ​ឆ្នោត​តាម​នីតិវិធី។

អង់គ្លេស បារាំង ប៉េ​រូ ស៊ុយអែត កូត​ឌី​វ័រ ហូ​ឡង់ ប៉ូឡូញ​និង​កូ​វ៉ែត បាន​ចូលរួម​ជាមួយ​អាមេរិក​ក្នុង​ការ​ស្នើ​ឲ្យ​មាន​ជំនួប​នោះ ត្រូវ​រៀបចំ​ឡើង​នៅ​ក្នុង​ខែ​តុលា​នេះ៕