ក្រុង​សិង្ហ​បុរីៈ អាមេរិក នឹង​ជំរុញ​សហគមន៍​អន្តរជាតិ​ឲ្យ​បន្ត​សម្ពាធ​ទណ្ឌកម្ម​ប្រឆាំង​នឹង កូរ៉េខាងជើង​នៅឯ​វេទិកា​សន្តិសុខ​ក្នុង​ប្រទេស​សិង្ហបុរី នៅ​សប្ដាហ៍​នេះ ដោយ​ក្តីបារម្ភ​បាន​កើន​ឡើង ព្រោះ​តែ​ក្រុង​ព្យុងយ៉ាង មិន​បាន​ធ្វើ​អ្វី​ដែល​ជា​ដុំ កំភួន​ក្នុងការ​លុប​បំបាត់​អាវុធ​នុយក្លេអ៊ែរ​នោះ​ទេ។

រដ្ឋ​ម​ន្រី្ត​ការបរទេស​លោក Mike Pompeo និង​ភាគី​ខាង​កូរ៉េខាងជើង នឹងចូលរួម​កម្មវិធី​ជួប​ជុំ​នៅ​ប្រទេស​សិង្ហបុរី ជាទី​ដែល​លោក​ត្រាំ និង​លោក​គីម​ជុងអ៊ុន បាន​ជួប​ចរចា​គ្នា​កាល​ពី​ខែ​មិថុនា​កន្លង​មក។

លោក និង​មន្ត្រីការទូត​កំពូល​មកពី​ប្រទេស​ដទៃ ដែល​ជាប់ទាក់ទង​ក្នុងការ​ទប់ស្កាត់​មហិច្ឆតា​នុយក្លេអ៊ែរ​របស់​ក្រុង​ព្យុងយ៉ាង នឹង​ពិនិត្យ​ថា តើ កូរ៉េខាងជើង​បាន​ធ្វើ​អ្វី​ជា​ដុំកំ​ភួន​សំដៅ​ទៅ​លើ​ការ​បោះ​បង់​ចោល​អាវុធ​នុយក្លេអ៊ែរ​ឬទេ?

កាលពី​នៅក្នុង​កិច្ចប្រជុំ​ជាមួយ​នឹង​លោក​ត្រាំ​ក្នុង​ខែមិថុនា​លោក​គីម ជុង​អ៊ុន បាន​ចុះ​កិច្ច​ព្រម​ព្រៀង​ជាមួយ​ការ​ប្ដេជ្ញា មិន​ច្បាស់​លាស់​ក្នុង «ការ​លុប​បំបាត់​នុយក្លេអ៊ែរ​នៅ​លើ​ឧបទ្វីប​កូរ៉េ» ដែល​នេះ វា​ខុស​ឆ្ងាយ​ពី​ការ​ទាមទារ​របស់​អាមេរិក​ឲ្យ​មាន​ការ​លុបបំបាត់​អាវុធ​នុយក្លេអ៊ែរ​ទាំង​ស្រុង ដោយ​ស្មោះ​ត្រង់ និង​មិន​អាច​កែ​ប្រែ​បាន។

ខណៈ​ដែលមាន​សញ្ញាណ​នៃ​ការអភិវឌ្ឍ​តិចតួច​ភ្នាក់ងារ​ព័ត៌មាន​មួយ បាន​បង្ហាញ​ថា​ទីក្រុង​ព្យុងយ៉ាង កំពុង​តែ​បន្ត​ផលិត​គ្រាប់​រ៉ុក្កែត និង​ក្ដី​ព្រួយ​បារម្ភ​ក៏បាន​កើន​ឡើង​ជុំវិញ​ការ​អនុវត្ត​ទណ្ឌកម្ម​របស់​អង្គការ​សហប្រជាជាតិ ដែល​ដាក់​លើ​កូរ៉េខាងជើង កំពុង​ត្រូវ​បន្ធូរ​បន្ថយ​ដោយ​សមាជិក​ខ្លះ។

មន្ត្រី​អាមេរិក​ម្នាក់ បាន​ថ្លែងថា៖ «ក្រុង​វ៉ាស៊ីនតោន​មានការ​ព្រួយបារម្ភ ដោយ​ការ​បំពាន​ទណ្ឌកម្ម​របស់​អ.ស.ប.ដោយ​កូរ៉េខាងជើង រួម​មាន​ទាំង​ការ​ដឹក​ជញ្ជូន​ប្រេង​ខុស​ច្បាប់​តាម​សមុទ្រ​ផង​ដែរ»។

មន្ត្រី​អាមេរិក​នោះ បាន​ថ្លែងថា ការជួបជុំ​ដូចជា​វេទិកា​តំបន់​របស់​អាស៊ាន «គឺជា​ឱកាស​សម្រាប់​រំឭក​ប្រទេស​ទាំង​អស់​អំពី​កាតព្វ​កិច្ច​របស់​ពួកគេ​ក្នុង​ការ​គោរព​សេចក្ដី​សម្រេច​របស់​អ.ស.ប.៕