ក្រុង​សេអ៊ូល៖ ​ប្រភព​ខ្លះ​បាន​ថ្លែង​កាល​ពី​ថ្ងៃ​អង្គារ​ថា​ អាមេរិក​បាន​ស្នើ​ថា​ កូន​សៀវភៅ​​គ្រប់គ្រង​វិបត្តិ​រួម​មួយ ​ជាមួយ​កូរ៉េ​ខាង​ត្បូង​ គួរ​​ត្រូវ​បាន​ត្រួត​ពិនិត្យ​ និង​កែប្រែ​ឡើង​វិញ​ ជា​មធ្យោបាយ​មួយ​ដែល​បាន​ពង្រីក​ទស្សនៈ​នៃ​ការ​ទទួល​ខុស​ត្រូវ​វិបត្តិ​ឆ្លើយ​តប​រួម​ នៅ​ក្នុង​នោះ​មិនមែន​គ្រាន់​តែ​រាប់​បញ្ចូល​ស្ថានភាព​គ្រាអាសន្ន​នៅ​​លើ​ឧបទ្វីប​កូរ៉េ​ប៉ុណ្ណោះ​នោះ​ទេ​ ថែម​ទាំង​ស្ថានភាព​គ្រាអាសន្ននៅ​អាមេរិក​ដែរ។​

ក្រុម​អ្នក​រិះគន់ ​និង​អ្នក​វិភាគ​បាន​​លើក​ឡើង​ពី​កង្វល់​ថា​ ការ​ស្នើសុំ​ឲ្យ​មាន​ការ​កែប្រែ​បន្ថែម​នោះ​ ប្រសិន​បើ​យល់​ច្បាស់​​ អាច​ត្រូវ​ដាក់​​ចាក់​គ្រឹះ​ផ្លូវ​ច្បាប់​សម្រាប់​អាមេរិក​ ដើម្បី​ស្នើ​ឲ្យ​​​​ប្រទេស ​កូរ៉េ​ខាង​ត្បូង ​បញ្ជូន​ទាហាន ទៅ​ដោះស្រាយ​ស្ថានភាព​គ្រាអាសន្ន​រួម​គ្នា​​​នៅ​តំបន់​មជ្ឈិមបូព៌ា​​ សមុទ្រ​ចិន​ខាង​ត្បូង និង​នៅ​កន្លែង​ផ្សេង​ទៀត។

យោង​តាម​ប្រភព​នានា​បាន​ឲ្យ​ដឹង​ថា ​អាមេរិក​បាន​ធ្វើ​សំណើ​ឲ្យ​ត្រួត​ពិនិត្យ​ឯកសារ​សម្ងាត់​​​​ដែល​បាន​ចែង​​ពី​​​ការ​ឆ្លើយ​តប​រួម​​ និង​តួនាទី​របស់​ភាគីនីមួយៗ​​​នៅ​ក្នុង​ករណី​មាន​វិបត្តិ​​ជា​ផ្នែក​នៃ​​​ការ​រៀបចំ​​​ធ្វើ​ការ​ផ្ទេរ​​ការ​គ្រប់គ្រង​កិច្ច​ប្រតិបត្តិការ​​ពេល​មាន​សង្គ្រាម ​(OPCON) នៃ​កងកម្លាំង​​របស់​កូរ៉េ​ខាង​ត្បូង​​​​ពី​ក្រុង​វ៉ាស៊ីនតោន​​ទៅ​កាន់​ក្រុង​សេអ៊ូល។

ឯកសារ​​​​បច្ចុប្បន្ន​នេះ​បាន​បញ្ជាក់​ ស្ថានភាព​គ្រា​អាសន្ន​​​នៅ​ឧបទ្វីប​កូរ៉េ ថា​​ជា​​​សមត្ថភាព​នៃ​​​កិច្ច​ប្រតិបត្តិការ​រួម​របស់​ពួក​គេ​​ ប៉ុន្តែ​អាមេរិក​​​​បាន​ស្នើ​​​​ឲ្យ​ពង្រីក​តួនាទី​ទាំង​នេះ​​​​​ថែម​ទៀត​ទៅ​លើ​ករណី​ជា​ច្រើន​​​ដែល​អាមេរិក​ចាត់​ទុក​​ជា​ការ​​គំរាម​កំហែង​ដល់​សន្តិសុខ​​ជាតិ​របស់​ខ្លួន​ផ្ទាល់។

តាម​ការ​រាយការណ៍​ កូរ៉េ​ខាង​ត្បូង​ បាន​ជំទាស់​ទៅ​នឹង​គំនិត​នេះ។

ប្រភព​មួយ​បាន​ឲ្យ​ដឹង​ថា​ កិច្ច​ពិភាក្សា​ជា​ច្រើន​ដើម្បី​កែប្រែ​ឯកសារ​នេះ​​បាន​ចាប់ផ្តើម​ ​ហើយ​ជម្រើស និង​សេណារីយោ​ជា​ច្រើន​​​អាច​ដាក់​លើ​តុ ដើម្បី​ជជែក​ដេញ​ដោល៕ Yonhap/SK​​