ក្រុង​រីយ៉ាដៈ ​យោង​តាម​អត្ថបទ​ដក​ស្រង់​ចេញ​ពី​ការ​សម្ភាស​មួយ​​​ ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​អាទិត្យ​ថា ​ព្រះមហាក្សត្រ​អារ៉ាប៊ី​ សាអ៊ូឌីត​ ព្រះអង្គ​ម្ចាស់​ Mohammed bin Salman បាន​ចោទ​ប្រកាន់​គូ​សត្រូវ​បដិបក្ខ​អ៊ីរ៉ង់​ពី​បទ​វាយ​ប្រហារ​ទៅ​លើ​នាវា​ផ្ទុក​ប្រេង​​ចំនួន ២ ​គ្រឿង​ នៅ​ច្រក​ដឹក​ជញ្ជូន​ឈូង​សមុទ្រ​ប្រទេស ​អារ៉ាប់ ​ដ៏​សំខាន់ ​១ ​កន្លែង ​ដោយ​​​​​បន្ថែម​ថា​៖ «​ព្រះអង្គ​នឹង​មិន​ស្ទាក់ស្ទើរ​» ​ក្នុង​ការ​វាយ​ប្រហារ​ឆ្លើយ​តប​ទៅ ​នឹង​ការ​គំរាម​កំហែង​ណា​​​មួយ​​ទៅ​លើ​ព្រះរាជាណាចក្រ​មួយ​នេះ​ឡើយ​។​

ព្រះអង្គ​ម្ចាស់​ Mohammed bin Salman​ បាន​ប្រាប់​សារព័ត៌មាន​ pan-Arab daily Asharq al-Awsat ​ថា​៖ «​របប​អ៊ីរ៉ង់​ មិន​បាន​គោរព​វត្តមាន របស់​នាយក​រដ្ឋមន្ត្រី​ជប៉ុន​នោះ​ទេ​ ខណៈ​លោក​ជា​ភ្ញៀវ​ម្នាក់​នៅ​ក្នុង​ក្រុង​តេអេរ៉ង់​ ហើយ​មិន​បាន​ឆ្លើយ​តប​ទៅ​នឹង​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​លោក​​ឡើយ​ ដោយ​ធ្វើ​ការ​វាយ​ប្រហារ​ទៅ​លើ​នាវា​ដឹក​ប្រេង ​២ ​គ្រឿង​ ១ ​គ្រឿង ​ជា​នាវា​ដឹក​ប្រេង​របស់​​ជប៉ុន​»​។ ការ​និយាយ​នេះ​សំដៅ​ទៅ​លើ​ការ​វាយ​ប្រហារ​ជា​ច្រើន​លើក​នៅ​ឈូង​សមុទ្រ​អូម៉ង់​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​​។​

ព្រះអង្គ​ម្ចាស់​បាន​បន្ថែម​ថា​៖ «​យើង​មិន​ចង់​មាន​សង្គ្រាម​នៅ​ក្នុង​តំបន់​នោះ​ទេ​ ប៉ុន្តែ​យើង​នឹង​មិន​ស្ទាក់ស្ទើរ​ក្នុង​ការ​ដោះស្រាយ​ជាមួយ​ការ​គំរាម​កំហែង​ណា​មួយ​មក​លើ​ប្រជាជន​ អធិបតេយ្យភាព​ បូរណភាព​ទឹកដី​ និង​ផល​ប្រយោជន៍​​របស់​យើង​ជា​ដាច់​ខាត​»​។​

ស្តេច​ ​Salman ចូលរួម​​ជំនួប​កំពូល​ដែល​ត្រូវ​បាន​រៀបចំ​នៅ​នៅ​វិមាន ​al Safa នៃ​ក្រុង​មិកកា​។ AFP

ការ​វាយ​ប្រហារ​ទៅ​លើ​នាវា​ដឹក​ប្រេង ​២ ​គ្រឿង​នោះ ​បាន​ធ្វើ​ឲ្យ​តម្លៃ​ប្រេង​ឆៅ​ឡើង​ថ្លៃ​ខ្ពស់​ នៅ​ចំពេល​មាន​ភាព​តានតឹង​បាន​ជាប់​គាំង​រវាង​អ៊ីរ៉ង់​ និង​អាមេរិក​នោះ​។​

នាវា​ជប៉ុន​ឈ្មោះ​ Kokuka Courageous ​កំពុង​ដឹក​ប្រេង​ឆៅ​ឆ្លង​កាត់​ឈូង​សមុទ្រ​អូម៉ង់​ នៅ​ពេល​ដែល​នាវា​នោះ​ត្រូវ​បាន​គេ​បំផ្ទុះ​ ដោយ​បង្ក​ឲ្យ​ឆាប​ឆេះ​ឡើង​ ហើយ​នៅ​ក្នុង​ពេល​នោះ​ក៏​ត្រូវ​បាន​គេ​ពន្លត់​ភ្លាមៗ​ដែរ​។​

នាវា​ផ្ទុក​ប្រេង​មួយ​គ្រឿង​ទៀត​​របស់​ក្រុមហ៊ុន​ Frontline ​ដែល​បាន​ចុះ​បញ្ជី​នៅ​ក្រុង​អូស្លូ​ ​ក៏​ជា​គោលដៅ​នៃ​ការ​វាយ​ប្រហារ​​ដែរ​។​

នាវា​ទាំង ​២ ​នោះ​បាន​រង​ការ​វាយ​ប្រហារ​ នៅ​ពេល​ដែល​លោក​នាយក​រដ្ឋមន្ត្រី​ជប៉ុន​ ស៊ីនហ្សូ​ អាបេ​ កំពុង​ប្រជុំ​ជាមួយ​ក្រុម​មេ​ដឹកនាំ​អ៊ីរ៉ង់​នៅ​ក្រុង​តេអេរ៉ង់​នោះ​។​

លោក​ប្រធានាធិបតី​អាមេរិក​ ដូណាល់​ ត្រាំ​ បាន​ថ្លែង​ថា ​ការ​វាយ​ប្រហារ​ជា​ច្រើន​លើក​នោះ​ បាន​បង្ហាញ​ឲ្យ​ឃើញ​ថា​៖ «អ៊ីរ៉ង់​ពិត​ជា​នៅ​ពី​ក្រោយ​ការ​វាយ​ប្រហារ​នាវា​ទាំង​នោះ​យ៉ាង​ច្បាស់​ក្រឡែត​» ​ប៉ុន្តែ​ក្រុង​តេអេរ៉ង់​បដិសេធ៕ AFP/SK