ក្រុង​រី​យ៉ា​ដៈ រដ្ឋមន្ត្រី​ការបរទេស​អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត កាល​ពី​ថ្ងៃ​អាទិត្យ បាន​ច្រាន​ចោល​ការ​ទាមទារ​ឲ្យ​ធ្វើ​បត្យាប័ន​ក្រុម​ជន​សង្ស័យ ដែល​ជាប់​ទាក់​ទិន​ក្នុង​អំពើ​ឃាតកម្ម​លើ​អ្នក​កាសែត​ឈ្មោះ Jamal Kha shoggi ដោយ​ការ​ទាមទារ​នោះ ត្រូវ​បាន​ធ្វើ​ឡើង​ដោយ លោក​ប្រធានា​ធិបតី រ៉េសិប តៃយីប អេរដូហ្គែន។

លោក Adel al-Jubeir បាន​ថ្លែងប្រាប់​សន្និសីទ​កាសែត​មួយ​នៅ​ក្រុង​រី​យ៉ា​ដ នៅ​ចុង​បញ្ចប់​នៃ​ជំនួប​កំពូល​មួយ​របស់​ក្រុម​ប្រទេស​នៃ​ក្រុម​ប្រឹក្សា​សហ​ប្រតិបត្តិការ​ឈូង​សមុទ្រ​ថា៖ «យើង​មិន​ធ្វើ​បត្យាប័ន​ពលរដ្ឋ​របស់​យើង​ទេ»។

លោក អេ​រ​ដូ​ហ្គែ​ន បាន​អំពាវនាវ​ម្តង​ហើយ​ម្តងទៀត ឲ្យ​អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត ប្រគល់​ក្រុម​ជន​សង្ស័យ ដែល​ទាក់​ទិន​ក្នុង​ការ​សម្លាប់​អ្នកកាសែត​ប្រឆាំង​រូប​នោះ។

លោក Khashoggi ជា​អ្នកសរសេរ​អត្ថបទ​នយោបាយ​ឲ្យ​កាសែត​វ៉ាស៊ីនតោន​ប៉ុស្តិ៍ ត្រូវ​បាន​គេ​សម្លាប់​ក្នុង​រយៈពេល​ដ៏ខ្លី ក្រោយ​ពី​ដើរ​ចូល​ទៅ​ស្ថាន​កុងស៊ុល អារ៉ាប៊ី សាអ៊ូឌីត នៅ​ក្រុង​អ៊ីស្តង់ប៊ុល​កាល​ពី​ថ្ងៃ​ទី ២ ខែ​តុលា កន្លង​ទៅ។

តុលាការ​តួ​ក​គី​មួយ កាលពី​ថ្ងៃ​ពុធ បានចេញ​ដីកាចាប់ខ្លួន​អតីត​ប្រធាន​ចារកម្ម​អារ៉ាប៊ី សាអ៊ូឌីត លោក Ahmad al-Assiri និង​អតីត​ទីប្រឹក្សា​តុលាការ​ភូមិន្ទ លោក Saud al-Qahtani តាម​ការ​ស្នើ​សុំ​របស់​អគ្គ​ព្រះរាជ​អាជ្ញា​ក្រុង​អ៊ីស្តង់ប៊ុល។

ជា​ញឹកញាប់ លោក Assiri គឺជា​ឥស្សរជន​អង្គុយ​នៅក្បែរ​ព្រះអង្គម្ចាស់ Mohammed bin Salman នៅ​ក្នុង​អំឡុង​ជំនួប​សំខាន់ៗ​នៅ​ពេល​ទស្សនកិច្ច​នៅ​បរទេស៕