ក្រុងរីយ៉ាដៈ ទីភ្នាក់ងារព័ត៌មានផ្លូវការរបស់ព្រះរាជាណាចក្រនេះ បានឲ្យដឹងកាលពីថ្ងៃសៅរ៍ថា ប្រទេស អារ៉ាប៊ី សាអ៊ូឌីត បានអំពាវនាវឲ្យមានជំនួបបន្ទាន់នៃក្រុមប្រឹក្សាកិច្ចសហប្រតិបត្តិការឈូងសមុទ្រ និងសម្ព័ន្ធអារ៉ាប់ ដើម្បីពិភាក្សាអំពីភាពតានតឹងដែលកំពុងឡើងកម្តៅយ៉ាងខ្លាំងនៅក្នុងតំបន់។
ទីភ្នាក់ងារព័ត៌មានអារ៉ាប៊ី សាអ៊ូឌីត (SPA) សេ្តចSalman បានអញ្ជើញក្រុមមេដឹកនាំប្រទេសឈូងសមុទ្រ និងអារ៉ាប់ ឲ្យចូលរួមជំនួបបន្ទាន់ ២ នៅក្នុងក្រុងមិកកានៅថ្ងៃទី ៣០ ខែ ឧសភា ដើម្បីពិភាក្សាអំពីការឈ្លានពានថ្មីៗ និងផលវិបាកនានារបស់ ពួកគេនៅក្នុងតំបន់។
ភាពតានតឹងថ្មីៗ បានកើតឡើងនៅក្នុងតំបន់ឈូងសមុទ្រ ដោយអាមេរិក បានធ្វើការដាក់ពង្រាយនាវាដឹកយន្តហោះ និងយន្តហោះទម្លាក់គ្រាប់បែកជុំវិញការចោទប្រកាន់ការគំរាមកំហែងពីអ៊ីរ៉ង់។
លោករដ្ឋមន្ត្រីការបរទេសអារ៉ាប៊ី សាអ៊ូឌីត Adel al-Jubeir បានថ្លែងថា ប្រទេសរបស់លោក មិនចង់ធ្វើសង្គ្រាមជាមួយប្រទេស អ៊ីរ៉ង់ ទេប៉ុន្តែត្រៀមការពាររាល់ផលប្រយោជន៍របស់ខ្លួន។
ក្រុងរីយ៉ាដ មិនចង់មានសង្គ្រាមទេ មិនស្វះស្វែងបង្កសង្គ្រាម ហើយនឹងប្រឹងប្រែងធ្វើកិច្ចការគ្រប់យ៉ាង ដើម្បីទប់ស្កាត់មិនឲ្យមានសង្គ្រាម។
ប្រទេស អារ៉ាប់រួម បានស្វាគមន៍ការអញ្ជើញរបស់អារ៉ាប៊ី សាអ៊ូឌីត។
នាវា ៤ គ្រឿង នៅក្នុងនោះមាននាវាដឹកប្រេង ២ គ្រឿង របស់អារ៉ាប៊ី សាអ៊ូឌីត ត្រូវបានបំផ្លាញដោយការវាយប្រហារដ៏អាថ៌កំបាំង៕ AFP/PSA