ក្រុង​រីយ៉ា​ដៈ​ ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​អារ៉ាប៊ី​សាអ៊ូឌីត​ កាល​ពី​ថ្ងៃ​អង្គារ​ បាន​ ចោទ​ប្រកាន់​ក្រុម​ឧទ្ទាម​យេម៉ែន​ពី​បទ​យក​ក្រុង​មិកកា ជា​ក្រុង​ដ៏​ពិសិដ្ឋ​បំផុត​របស់​សាសនា​អ៊ិស្លាម ​ជា​គោលដៅ​វាយ​ប្រហារ​ ក្រោយ​ពី​ក្រុង​រីយ៉ាដ​ និង​ក្រុម​សម្ព័ន្ធមិត្ត​របស់​ខ្លួន​ បាន​ថ្លែង​ថា ​ពួក​គេ​បាន​បាញ់​ទម្លាក់​មីស៊ីល ​២ ​គ្រាប់ ​នៅ​​លើ​ទឹកដី​រាជាណាចក្រ​មួយ​នេះ។​

រដ្ឋាភិបាល​និរទេស​ខ្លួន​យេម៉ែន​ ដែល​មាន​មូលដ្ឋាន​នៅ​អារ៉ាប៊ី​សាអ៊ូឌីត​ បាន​អះអាង​ជាថ្មី​ ប៉ុន្តែ​ក្រុម​ឧទ្ទាម​ហ៊ូធី ​បាន​បដិសេធ​ថា ​មិន​បាន​ធ្វើ​ការ​វាយ​ប្រហារ​​ទេ​។​

អ្នក​នាំពាក្យ​ក្រុម​ចម្រុះ​ លោក​វរសេនីយ៍ឯក​ Turki al-Maliki ​បាន​ថ្លែង​ថា​ មីស៊ីល ​២ ​គ្រាប់ ​ត្រូវ​បាន​បាញ់​ទម្លាក់​នៅ​ចន្លោះ​​ស្រុក ​Jeddah ​ និង​ Taiz ​នៃ​ខេត្ត​មិកកា​​ ​កាល​ពី​ថ្ងៃ​ចន្ទ​ ប៉ុន្តែ​មិន​បាន​និយាយ​លម្អិត​ទៅ​លើ​គោលដៅ ​ដែល​គួរ​ឲ្យ​សង្ស័យ​ថា​តើ​អ្នក​ណា​បាន​បាញ់​មីស៊ីល​ទាំង​នោះ ឲ្យ​​ប្រាកដ​នៅ​ឡើយ​​ទេ​។

ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ​ ក៏​ផ្កាយ​រណប​របស់​បណ្តាញ​សារព័ត៌មាន​ Al-Arabiya ​និង​កាសែត​ Asharq al-Awsat ​បាន​និយាយ​ថា​ មីស៊ីល​ទាំង​នោះ​ត្រូវ​បាន​បាញ់​ដោយ​ក្រុម​ឧទ្ទាម​​ហ៊ូធី​យេម៉ែន​ទៅ​លើ​ខេត្ត​មិកកា។ ​

សារព័ត៌មាន​ទាំង​នោះ ​បាន​ឲ្យ​ដឹង​​ទៀត​ថា ​នេះ​គឺ​ជា​កា​រវាយ​ប្រហារ​មីស៊ីល​​​លើក​ទី​៣ ​ហើយ​ ដោយ​ក្រុម​ឧទ្ទាម​ហ៊ូធី​បាន​យក​ក្រុង​ពិសិដ្ឋ​នោះ​ ជា​គោលដៅ​ ចាប់​តាំង​ពី​ក្រុម​ចម្រុះ​ដឹកនាំ​ដោយ​អារ៉ាប៊ីសាអ៊ូឌីត​បាន​ធ្វើ​អន្តរាគមន៍​នៅ​ក្នុង​សង្គ្រាម​ នៅ​ប្រទេស យេម៉ែន ​កាល​ពី​ឆ្នាំ ​២០១៥​។

ក្រុម​ឧទ្ទាម​ហ៊ូធី​ បាន​បដិសេធ​មិន​បាន​វាយ​ប្រហារ​​ទាំង​នោះ​ទេ ​ដោយ​បន្ថែម​ថា​ ពួក​គេ​នឹង​អះអាង​ទទួល​ខុស​ត្រូវ​ ប្រសិន​បើ​ពួក​គេ​ពិត​ជា​បាន​នៅ​ពី​ក្រោយ​​ការ​វាយ​ប្រហារ​មីស៊ីល​មែន​នោះ​៕​ AFP/SK