ក្រុង​អាប៊ូដាប៊ីៈ ​ប្រទេស អារ៉ាប់​រួម (UAE) ​បាន​ថ្លែង​កាល​ពី​ថ្ងៃ​ពុធ​ថា​ ការ​ចូលរួម​ពី​អន្តរជាតិ​នៅ​ក្នុង​ការ​ស៊ើប​​អង្កេត​ទៅ​លើ ​«​ការ​វាយ​ប្រហារ​​យ៉ាង​​អាថ៌​កំបាំង​» ​ទៅ​លើ​នាវា​ដឹក​ប្រេង​ជា​ច្រើន​គ្រឿង​​ នឹង​ឈាន​ទៅ​រក «​ការ​សន្និដ្ឋាន​ដ៏​ត្រឹមត្រូវ» និង​បង្ហាញ​ឲ្យ​ឃើញ​ពី​​លទ្ធផល​វិជ្ជមាន​។​

នាវា ​៤ ​គ្រឿង​ នៅ​ក្នុង​នោះ មាន​នាវា​ផ្ទុក​ប្រេង ​២ ​គ្រឿង ​​របស់​អារ៉ាប៊ី សាអ៊ូឌីត ត្រូវ​រង​ការ​ខូច​ខាត​កាល​ពី​ថ្ងៃ​ទី ​១២​ ខែ ឧសភា​ នៅ​ក្នុង​ការ​វាយ​ប្រហារ​ដ៏​អាថ៌​កំបាំង​នៅ​ម្តុំ​ឆ្នេរ​សមុទ្រ​ក្រុង​ Fujairah ​នៅ​សមុទ្រ​អារ៉ាប៊ី​សាអ៊ូឌីត​។​

ប្រទេស ​អារ៉ាប់​រួម​ បាន​ប្រកាស​កាល​ពី​សប្តាហ៍​មុន​ថា​ អាមេរិក​ បារាំង ​និង​ន័រវែស ​នឹង​ចូល​រួម​នៅ​ក្នុង​ការ​ស៊ើប​អង្កេត​ជាមួយ​អារ៉ាប៊ី​សាអ៊ូឌីត​។​

ក្រសួង​ការ​បរទេស​ប្រទេស ​អារ៉ាប់​រួម​ ​បាន​ថ្លែង​នៅ​ក្នុង​សេចក្តី​ការណ៍​មួយ​ ដែល​បាន​ដក​ស្រង់​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន​ WAM ​បាន​ឲ្យ​ដឹង​ថា៖ «​ការ​ចូលរួម​ពី​ដៃ​គូ​អន្តរជាតិ​របស់​ពួក​យើង​នៅ​ក្នុង​ការ​ស៊ើប​អង្កេត​ ​នឹង​ជួយ​ឲ្យ​ពួក​យើង​ឈាន​ទៅ​រក​ការ​សន្និដ្ឋាន​ត្រឹមត្រូវ​ និង​តម្លាភាព​»​។​

ក្រសួង​ការ​បរទេស​អារ៉ាប់​រួម​បាន​បន្ថែម​ថា៖ «​ការ​បន្ត​ចូលរួម​ស៊ើប​អង្កេត​នោះ​ បាន​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ការ​ប្តេជ្ញា​ចិត្ត​របស់​សហគមន៍​អន្តរជាតិ​ ដើម្បី​ការពារ​សន្តិសុខ​នាវាចរណ៍ ​លំហូរ​ពាណិជ្ជកម្ម​អន្តរជាតិ​ និង​ការ​ផ្គត់ផ្គង់​ថាមពល​ជា​ដើម​»​។​

ក្រសួង​ការ​បរទេស​ ក៏​បាន​បាន​​ឲ្យ​ដឹង​ទៀត​​ថា​៖ «ដោយ​មាន​ការ​ចូលរួម​ពី​ដៃ​គូ​អន្តរជាតិ​របស់​ប្រទេស ​អារ៉ាប់​ ការ​ស៊ើប​អង្កេត​នឹង​បន្ត​នៅ​ក្នុង​ឥរិយាបថ​មួយ​ប្រកប​ដោយ​ភាព​​ត្រឹមត្រូវ​ ហើយ​នឹង​ធ្វើ​សេចក្តី​សន្និដ្ឋាន​បញ្ចប់​នៅ​ក្នុង​ការ​ស៊ើប​អង្កេត​​»​។​

កំពង់​ផែ ​Fujairah ​គឺ​ជា​ទី​ចំណត​​មួយ​នៅ​ឆ្នេរ​សមុទ្រ​អារ៉ាប៊ី​សាអ៊ូឌីត​៕ AFP/SK​