ក្រុង​ទ្រី​ប៉ូលីៈ ​ទោះបី​ជា​មាន​បម្រាម​ពី​​អង្គការ​សហ​ប្រជាជាតិ​ក្តី​ ក៏​អាវុធ​​នៅ​តែ​​ហូរ​ចូល​ទៅ​ក្នុង​ប្រទេស ​លីប៊ី​ ជា​ទី​ដែល​ការ​​វាយ​ប្រហារ​ទៅ​លើ​ក្រុង ​ទ្រីប៉ូលី ​ដោយ​បុរស​ខ្លាំង​​ លោក​ Khalifa Haftar ​បាន​គំរាម​កំហែង​កា្លយ​ជា​​សង្គ្រាម​​រវាង​បណ្តា​ប្រទេស​មហា​អំណាច​ក្នុង​តំបន់​។​

លោក ​Khalifa Haf​ ដែល​​កង​កម្លាំង​ជាតិ​លីប៊ី ​(LNA) ​របស់​លោក បាន​ចង​សម្ព័ន្ធមិត្ត​ជាមួយ​រដ្ឋ​ការ​មួយ​នៅ​លីប៊ី​ភាគ​ខាង​កើត​ ត្រូវ​បាន​គាំទ្រ​ជា​ពិសេស​ដោយ​ប្រទេស ​អេហ្ស៊ីប​ និង​អារ៉ាប់​រួម​ ​(UAE)​។​

យ៉ាង​ណា​មិញ​​ ប្រទេស ​តួកគី​ និង​កាតា​ បាន​ឈរ​នៅ​ពី​ក្រោយ​រដ្ឋាភិបាល​បង្រួប​បង្រួម​ជាតិ ​(GNA) មាន​មូលដ្ឋាន​នៅ​ក្រុង​ទ្រីប៉ូលី​ ដែល​មាន​ការ​គាំទ្រ​ពី​សហគមន៍​អន្តរជាតិ​។​

លោក​ Khalifa Haf​ កាល​ពី​ថ្ងៃ​ទី ​៤ ​ខែ ​មេសា​ បាន​បើក​ការ​វាយ​ប្រហារ​ទៅ​លើ​ក្រុង​ទ្រីប៉ូលី​ ដែល​បាន​ផ្អាក​ដំណើរការ​​រុល​ចូល​ទៅ​មុខ​នៅ​ជាយ​ក្រុង​ទ្រីប៉ូលី​ភាគ​ខាង​ត្បូង​ ដោយសារ​មាន​​ការ​ប្រឈម​មុខ​​ដាក់​គ្នា​យ៉ាង​ខ្លាំង​ជាមួយ​កង​កម្លាំង ​GNA ​ដែល​ត្រូវ​បាន​គាំទ្រ​ដោយ​កង​ជីវពល​មក​ពី​លីប៊ី​ភាគ​ខាង​លិច​។​

យុទ្ធជន​ស្មោះ​ត្រង់​រដ្ឋាភិបាល​បង្រួប​បង្រួម​ជាតិ បើក​រថយន្ត​ឆ្លង​កាត់​ចំណុច​រង​ការ​វាយ​ប្រហារ​។ AFP

ភាគី​ទាំង ​២​ បាន​អំពាវនាវ​ឲ្យ​មាន​ការ​បន្ថែម​កម្លាំង​ជា​ច្រើន​ ខណៈ​សព្វាវុធ​ថ្មីៗ​ បាន​មក​ដល់ ​ទោះបី​ជា​មាន​បម្រាម របស់​អង្គការ​សហ​ប្រជាជាតិ​ ​មិន​ឲ្យ​នាំ​អាវុធ​ចូល ​នៅ​តែ​ជា​ធរមាន​ ចាប់​តាំង​ពី​មាន​ការ​បះបោរ​កាល​ពី​ឆ្នាំ​ ២០១១ ​ដែល​បាន​ទម្លាក់​មេ​ដឹកនាំ​ ដែល​​គ្រប់គ្រង​អំណាច​យ៉ាង​យូរ​របស់​ប្រទេស ​លីប៊ី គឺ លោក ​មួម៉ា កាដាហ្វី​។​

កង​កម្លាំង ​GNA ​បាន​អះអាង​កាល​ពី​ថ្ងៃ​សៅរ៍​អំពី ​«​អាវ​ក្រោះ ​អាវុធ​យុទ្ធភណ្ឌ​ និង​សព្វាវុធ​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​​ទៀត​» ​សម្រាប់​ក្រុម​យុទ្ធជន​សកម្ម​ប្រយុទ្ធ​របស់​ខ្លួន​ត្រូវ​បាន​គេ​នាំចូល​មក​។​

អាវុធ​ទាំង​អស់​នោះ​ មិន​ត្រូវ​បាន​គេ​ដឹង​ថា មាន​​ប្រភព​មក​ពី​ណា​ច្បាស់​​នោះ​ទេ​ ប៉ុន្តែ​បាន​ថត​យក​មក​បង្ហោះ​លើ​ហ្វេសប៊ុក​របស់​ខ្លួន ​ដែល​មាន​រថយន្ត បាឡាំងដាស​ BMC ​Kirpi ​របស់​តួកគី​រាប់​សិប​គ្រឿង​ នៅ​ឯ​កំពង់ផែ​ក្រុង​ទ្រីប៉ូលី​។

យោង​តាម​វេបសាយ​នាវាចរណ៍​បាន​ឲ្យ​ដឹង​ថា​ ​នាវា​មាន​ដាក់​​ទង់ជាតិ​របស់​ប្រទេស​ ម៉ុលដាវី ដែល​ដឹក​ជញ្ជូន​ទៅ​ឲ្យ​ក្រុមហ៊ុន​តួកគី​មួយ​ ​ហើយ​បាន​បើក​ចេញ​ពី​កំពង់ផែ​មួយ​នៅ​ក្នុង​ប្រទេស ​តួកគី​។​

លោក​ Arnaud ​Delalande​ ជា​ទីប្រឹក្សា​ការពារ​ជាតិ​លីប៊ី បាន​បក​ស្រាយ​អំពី​ការ​ដឹក​​ជញ្ជូន​អាវុធ​ទាំង​នោះ​ថា ​ជា​ការ​បង្ហាញ​ពី​​ការ​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​ចំពោះ​កង​កម្លាំង​របស់ ​GNA​៕​ AFP/SK​