បុរី​ញូវយ៉កៈ កាលពី​ថ្ងៃ​ចន្ទ​អីុរ៉ង់ បានស្នើ​អង្គការ​សហ​ប្រជាជាតិ​ឲ្យ​ជំរុញ​អាមេរិក​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​ដាក់​ទណ្ឌកម្ម​ជាថ្មី​ទៅ​លើ​ក្រុង​តេអេរ៉ង់​ដោយ​បាន​ចាត់​ទុក​វិធានការ​ទាំង​នោះ​ថា ខុស​ច្បាប់​និង​ជា​ការ​រំលោភ​លើ​សេចក្តី​សម្រេច​របស់​ក្រុម​ប្រឹក្សា​សន្តិសុខ​នេះ។

លោក​ឯកអគ្គរដ្ឋទូត​អីុរ៉ង់ Gholamali Khoshroo បាន​ថ្លែង​នៅក្នុង​លិខិត​មួយ​ផ្ញើជូន​អគ្គ​លេខា​ធិការ​អង្គការ​សហ​ប្រជាជាតិ​លោក Antonio Guterres ថា ឥរិយាបថ​មិន​ទទួល​ខុស​ត្រូវ​របស់​សហរដ្ឋ​អាមេរិក ផ្តល់​ភាព​ចាំបាច់​ដល់​ការ​ឆ្លើយ​តប​រួម​ចំពោះ​ការ​គោរព​គោល​ការណ៍​ច្បាប់។

លោក បាន​បន្ថែមថា បើ​យោងតាម​រដ្ឋធម្មនុញ្ញរ​បស់ អង្គការសហប្រជាជាតិ និង​ច្បាប់​អន្តរជាតិ​នោះ អង្គការ​សហ​ប្រជាជាតិ និង​ប្រទេស​សមាជិក​របស់​ខ្លួន​គួរ​តែ​ប្រឆាំង​ជំទាស់​ទង្វើ​ខុស​ឆ្គង​ទាំង​អស់​នោះ​និង​ឲ្យ​អាមេរិក​ទទួល​ខុស​ត្រូវ​ចំពោះ​ទង្វើ​បែប​នេះ។

រដ្ឋការ​របស់លោក​ប្រ​ធានាធិបតី ដូ​ណា​ល់ ត្រាំ បានដាក់​ទណ្ឌកម្ម​ជាថ្មី ដែល​ត្រូវ​ដាក់​នៅ​ក្រោម​កិច្ច​ព្រម​ព្រៀង​នុយក្លេអ៊ែរ​ឆ្នាំ ២០១៥ ក្រោយ​ពី​ដក​ខ្លួន​ចេញ​ពី​កិច្ច​ព្រម​ព្រៀង​អន្តរជាតិ ដែល​បាន​ឈាន​ដល់​រវាង​ប្រទេស​ អីុរ៉ង់ អាមេរិក និង​ប្រទេស​មហា​អំណាច ៥ ទៀត​មាន​ដូចជា​ អង់គ្លេស បារាំង អាល្លឺម៉ង់ ចិន និង​រុស្ស៊ី។

ទិ​ដ្ឋភា​ពនៃ​ចង្វាក់ផលិតកម្មយន្តហោះ​ប្រ​យុទ្ធ ​(Kowsar) ដែល​ផលិត​ក្នុង​ស្រុក​។ AFP

កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ នោះ ត្រូវបាន​អនុម័ត​ជា​ឯកច្ឆន្ទ​ដោយ​សេចក្តីសម្រេច​របស់​ក្រុម​ប្រឹក្សា​សន្តិសុខ ដែល​មានន័យ​ថា កិច្ច​ព្រម​ព្រៀង​នោះ ត្រូវ​បាន​ធ្វើ​ឡើង​ត្រឹម​ត្រូវ​តាម​ច្បាប់។

ទោះបីជា​យ៉ាងណាក៏ដោយ​ក៏​ក្រុម​អ្នកការទូត​និយាយថា​គ្មាន​គម្រោង​លើកឡើង​ពី​ទណ្ឌកម្ម​របស់​អាមេរិក​នៅ​ក្នុង​ក្រុម​ប្រឹក្សា​សន្តិសុខ​នេះ នៅ​ពេល​នេះ​ទេ។

អ្នកនាំពាក្យ​អង្គការ​សហប្រជាជាតិ​លោក Stephane Dujarric បានបង្ហាញ​ថា​លោក Guterres មិន​ប្រញាប់​ប្រញាល់​ចាត់​វិធានការ​ណាមួយ​ឡើយ។

លោក​ឯកអគ្គរដ្ឋទូត​អីុរ៉ង់​រូបនោះ បាន​ថ្លែងថា អាមេរិក មិន​ត្រឹមតែ​ផ្គើន​នឹង​សេចក្តី​សម្រេច​លេខ ២២៣១ របស់​ក្រុម​ប្រឹក្សា​នេះ ដែល​បាន​អនុម័ត​កិច្ច​ព្រម​ព្រៀង​នុយក្លេអ៊ែរ​នោះ​ទេ ប៉ុន្តែ​ថែម​ទាំង​បាន​បង្ខំ​ឲ្យ​ប្រទេស​ដទៃ​ទៀត​រំលោភ​លើ​សេចក្តី​សម្រេច​នោះ​ផង​ដែរ។

លោក Khoshroo បាន​បន្ថែមថា៖ «ទណ្ឌកម្ម​ទាំងនោះ ខុសច្បាប់ និង​ប្រាសចាក​នឹង​គោល​ការណ៍​នៃ​ការ​មិន​ជ្រៀត​ជ្រែក​កិច្ចការ​ផ្ទៃ​ក្នុង និង​សេរីភាព​ពាណិជ្ជកម្ម​អន្តរជាតិ»។

នៅក្នុង​អំឡុង​ជំនួប​ប្រចាំឆ្នាំ​នៃ​ក្រុម​មេដឹកនាំ​ពិភពលោក​នៅ​អង្គការសហប្រជាជាតិ​កាល​ពី​ខែ​កញ្ញា លោក ដូណាល់ ត្រាំ បាន​ធ្វើ​ជា​ប្រធាន​ជំនួប​ក្រុម​ប្រឹក្សា​មួយ ដែល​បាន​ផ្តោត​យ៉ាង​សំខាន់​ទៅ​លើ​អីុរ៉ង់ ដោយ​នាំ​ឲ្យ​មាន​ជម្លោះ​រវាង​អាមេរិក និង​មហា​អំណាច​ដទៃ​ទៀត ស្តីពី​កិច្ច​ព្រម​ព្រៀង​នុយក្លេអ៊ែរ​នេះ៕