ក្រុង​ហ្ស៊េ​រុយ​សា​ឡិមៈ កងទ័ព​អីុស្រាអែល បាន​និយាយ​កាលពី​ថ្ងៃ​សៅរ៍​ថា ខ្លួន​បាន​រក​ឃើញ​រូង​ក្រោម​ដី​មួយ​ផ្សេង​ទៀត ដែល​ឆ្លង​កាត់​ពី​លីបង់ ចូល​ទឹកដី​របស់​ខ្លួន ជា​រូង​ទី ២ នោះ ចាប់​តាំង​ពី​បើក​ប្រតិបត្តិការ​មួយ ដើម្បី «កម្ទេច​ផ្លូវ​រូង​ក្រោម​ដី» របស់​ក្រុម​ឧទ្ទាម​ហេស​បូឡាហ៍។

អ្នកនាំពាក្យ​យោធា​អីុស្រាអែល លោក វរសេនីយ៍ឯក Jonathan Conricus បាន​ថ្លែងថា៖ «កងទ័ព​អីុស្រាអែល បាន​រក​ឃើញ​ផ្លូវ​រូង​ក្រោម​ដី​របស់​ក្រុម​ហេស​បូឡាហ៍​បន្ថែម​ទៀត ដោយ​បាន​បដិសេធ​មិន​ផ្តល់​ព័ត៌មាន​លម្អិត​អំពី​ទីតាំង​នៃ​ផ្លូវ​រូង​ក្រោម​ដី ដែល​ទើប​រក​ឃើញ​នោះ​ទេ»។

នៅក្នុង​សន្និសីទ​មួយ​ជាមួយ​ក្រុមអ្នកកាសែត លោក បាន​ថ្លែងថា៖ «ផ្លូវ​រូង​ក្រោម​ដី​នោះ​ឆ្លងកាត់​ចូល​ទៅ​ទឹកដី​អីុស្រាអែល​ដូច​រូង​ក្រោម​ដី​ទី ១ ដែរ​តែ នៅ​មិន​ទាន់​អាច​ប្រតិបត្តិការ បាន​ទេ និង​មិន​បាន​បង្ក​ការ​គំរាម​កំហែង​ដល់​សហគមន៍​អីុស្រាអែល​ឡើយ»។

កាលពី​ថ្ងៃ​អង្គារ កងទ័ព​អ៊ីស្រាអែល បាន​បើក​កិច្ច​ប្រតិបត្តិការ​មួយ មាន​ឈ្មោះ​ថា «Northern Shield» ដើម្បី​កម្ទេច​រូង​ក្រោម​ដី​ទាំង​នោះ ដូច​ដែល​ខ្លួន បាន​និយាយ​ថា រូង​ក្រោម​ដី​ទាំង​នោះ ត្រូវ​បាន​ជីក​នៅ​ក្រោម​ព្រំដែន ដោយ​ក្រុម​សកម្ម​ប្រយុទ្ធ​ហេស​បូឡាហ៍ និង​បាន​ចែក​រំលែក​រូបភាព​ជា​ច្រើន​នៃ​រូង​ក្រោម​ដី​មួយ​ដែល​រក​ឃើញ​នៅ​ក្បែរ​ក្រុង Metula របស់​អីុស្រាអែល។

លោក Conricus បាន​ថ្លែង​កាលពី​សៅរ៍​ថា កងទ័ព បាន​វាយប្រហារ​កម្ទេច​រូងថ្មីៗ​ជាច្រើន ដើម្បី​ទប់​ស្កាត់​មិន​ឲ្យ​ប្រើ​ប្រាស់​របស់​ខ្លួន​ជា​មធ្យោបាយ​លួច​ចូល​ទៅ​ក្នុង​ទឹកដី​របស់ អីុស្រាអែល។

លោក បាន​ថ្លែងថា យោធាអីុស្រាអែល​បានចេញ​ការ​ព្រមាន​ជាច្រើន​ជា​ភាសា​អារ៉ាប់ ដល់​ក្រុម​អ្នក​ស្រុក​នៅ​ប្រទេស​លីបង់​ខាង​ត្បូង ឲ្យ​នៅ​ឲ្យ​ឆ្ងាយ​ពី​ក្រុម​ហេស​បូឡាហ៍។

បន្ទាប់ពី​ការប្រកាស​របស់​កងទ័ព​អីុស្រាអែល​នោះ លោក នាយករដ្ឋមន្ត្រី បេនចាមីន នេតានី​យ៉ាហ៊ូ បាន​ថ្លែង​ថា កិច្ច​ប្រតិបត្តិការ ដើម្បី​ធ្វើការ​កម្ទេច​រូង​ក្រោម​ដី​ទាំង​នោះ «កំពុង​ចាប់​ផ្តើម»៕