ក្រុង​ហ្ស៊េ​រុយ​សា​ឡិមៈ ​កាល​ពី​ថ្ងៃ​សៅរ អ៊ីស្រា​អែល​ បាន​ស្វាគមន៍​អូស្ត្រាលី​ ដែល​ទទួល​ស្គាល់​​ក្រុង​ហ្ស៊េ​រុយ​សាឡិម​ភាគ​ខាង​លិច​ជា​រដ្ឋ​ធានី​របស់​​អ៊ីស្រា​អែល​ថា​ជា​ជំហាន​មួយ​ក្នុង​ទិស​ដៅដ៏​ត្រឹម​ត្រូវ​ ថ្វី​បើ​ក្រុង​កង់​បេរ៉ា​ មិន​ទាន់​រើ​ស្ថាន​ទូត​របស់​ខ្លួន​ទៅ​កាន់​ក្រុង​នេះ​ក្តី។

លោក​នាយក​រដ្ឋ​មន្ត្រី​អូស្ត្រាលី​ Scott Morrison​បាន​ប្រកាស​កាល​ពី​ថ្ងៃ​សៅរ៍​ថា ​រ​ដ្ឋា​ភិបាល​របស់​លោក​ កំពុង​តាម​ដាន​ការ​ដឹក​នាំ​របស់​លោក​ប្រធានា​ធិបតី​អាមេ​រិក ដូ​ណាល់ ត្រាំ​ នៅ​ក្នុង​ការ​ទទួល​ស្គាល់​ក្រុង​នេះ​ ជា​រដ្ឋ​ធានី​របស់​អ៊ី​ស្រា​អែល​។

ប៉ុន្តែ​មិន​ដូច​អាមេរិក​ទេ ​លោក​បាន​ថ្លែង​ថា ​ក្រុង​កង់​បេរ៉ា ​មិន​រើ​ស្ថាន​ទូត​របស់​ខ្លួន​នៅ​ក្រុង​តែល​អាវីវ​ទៅ​កាន់​ក្រុង​ហ្ស៊េ​រុយ​សា​ឡិម ​រហូត​ដល់​អ៊ី​ស្រា អែ​ល​ និង​ប៉ា​ឡេ​ស្ទីន ​ឈាន​ដល់​ការ​ដោះ​ស្រាយ​មួយ​ដោយ​សន្តិ​វិធី​។

នៅ​ពេល​ជា​មួយ​គ្នា​នោះ ​លោក Morrison ​បាន​ថ្លែង​ថា ​អូស្រ្តាលី ​នឹង​បង្កើត​កា​រិយា​ល័យ​ការ​ពារ​ និង​ពា​ណិជ្ជ​មួយ​នៅ​ក្នុង​ភាគ​ខាង​លិច​នៃ​ក្រុង​នេះ​៕ PSA